
បណ្ដាក្រុមហ៊ុនផលិតបន្ទះសូឡា ឬបន្ទះស្រូបថាមពលព្រះអាទិត្យធំគ្រាក់ៗរបស់មហាយក្សចិនបានបង្ខំចិត្តជម្រុះបុគ្គលិករហូតដល់ទៅជិត១ភាគ៣ នៃកម្លាំងពលកម្មសរុបរបស់ខ្លួន។ ការជម្រុះបុគ្គលិកយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ បានឆ្លុះបញ្ចាំងឱ្យឃើញថាសង្រ្គាមតម្លៃ ឬការប្រជែងតម្លៃគ្នាយ៉ាងស្វិតស្វាញកំពុងធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មសំខាន់ៗរបស់មហាយក្សចិន ដូចជាបន្ទះសូឡា និងរថយន្តអគ្គិសនីជាដើម។ វិស័យសំខាន់ៗទាំងនេះប្រឈមនឹងវិបត្តិផ្គត់ផ្គង់ច្រើនលើសលប់ ពោលគឺការផ្គត់ផ្គង់ជោរជន់ខ្លាំង តែមិនសូវមានអ្នកទិញ។
ទិន្នន័យបង្ហាញថា បច្ចុប្បន្នពិភពលោកផលិតបន្ទះសូឡាច្រើនពេកលើសតម្រូវការជាក់ស្ដែងរហូតដល់ទៅ២ដងឯណោះ ហើយភាគច្រើននៃបន្ទះសូឡាទាំងនោះ គឺនាំចូលពីប្រទេសចិន។
យោងតាមឯកសារបញ្ជីបុគ្គលិកបង្ហោះជាសាធារណៈបានដឹងថា ក្រុមហ៊ុនសូឡាធំៗរបស់ចិនរួមមានក្រុមហ៊ុន Longi Green Energy, ក្រុមហ៊ុន Trina Solar, ក្រុមហ៊ុន Jinko Solar, ក្រុមហ៊ុន JA Solar និងក្រុមហ៊ុន Tongwei បានជម្រុះបុគ្គលិករហូតដល់ទៅ៨ម៉ឺន៧ពាន់នាក់កាលពីឆ្នាំមុន ដែលស្មើនឹងប្រមាណ៣១% នៃកម្លាំងការងារសរុបរបស់ក្រុមហ៊ុនទាំងនេះ។
ក្រុមអ្នកវិភាគបានលើកឡើងថា ការការជម្រុះបុគ្គលិក គឺជាបញ្ហាដ៏រសើបមួយនៅក្នុងប្រទេសចិន ព្រោះរដ្ឋាភិបាលចិនចាត់ទុកថា ការងារមានសារៈសំខាន់សម្រាប់រក្សា
ស្ថិរភាពទាំងសេដ្ឋកិច្ចគ្រួសារ និងស្ថិរភាពសង្គម៕
ដោយ: តែម សុខុម