កងទ័ពចិន បានបន្តធ្វើលំហាត់យោធាជើងទឹកនៅជិតកោះអូគីណាវ៉ា របស់ជប៉ុន កាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍មុន ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសជិតខាងអាស៊ីបូព៌ាទាំងពីរ និងបានបង្កឱ្យមានការតវ៉ាយ៉ាងខ្លាំងពីទីក្រុងតូក្យូ ដោយបានចោទទីក្រុងប៉េកាំងថា បានបញ្ចេញអាកប្បកិរិយាប្រកបដោយគ្រោះថ្នាក់។ ជប៉ុន បានអះអាងថា យន្តហោះចម្បាំងដែលហោះចេញពីនាវាផ្ទុកយន្តហោះឡៅនីង (Liaoning) របស់ចិន បានហោះសំដៅទៅរកយន្តហោះចម្បាំងជប៉ុន ដែលបានគេចខ្លួនយ៉ាងរហ័ស។
ការតម្រង់គោលដៅរបស់យន្តហោះចិននេះ បានបង្ហាញអំពីលទ្ធភាពដែលអាចវាយប្រហារទៅលើយន្តហោះជប៉ុន ដែលអាចបង្ខំឱ្យយន្តហោះគោលដៅចាត់វិធានការគេចវេសពីសកម្មភាពនេះ។ កងកម្លាំងការពារខ្លួនរបស់ជប៉ុន (SDF) បាននិយាយថា យន្តហោះនៅលើនាវាឡៅនីងបានហោះឡើង និងចុះប្រហែល១០០ដងកាលពីចុងសប្តាហ៍មុន។
ក្រោយហេតុការណ៍នេះបានកើតឡើង រដ្ឋាភិបាលជប៉ុនបានកោះហៅឯកអគ្គរដ្ឋទូតចិន លោក វ៉ូ ជាំងហាវ (Wu Jianghao) ដើម្បីតវ៉ាប្រឆាំងនឹងសកម្មភាពដ៏គ្រោះថ្នាក់ និងគួរឱ្យព្រួយបារម្ភនេះ ដែលបង្កឡើងដោយយន្តហោះរបស់នាវាផ្ទុកយន្តហោះរបស់ចិន ទាំងនេះ។
ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន លោក មីណូរុ គីហារ៉ា (Minoru Kihara) បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃចន្ទ ដើមសប្តាហ៍នេះថា ប្រទេសជប៉ុននឹងឆ្លើយតបដោយស្ងប់ស្ងាត់ ប៉ុន្តែម៉ឺងម៉ាត់ ហើយនឹងបន្តតាមដានចលនារបស់កងកម្លាំងចិន នៅក្នុងដែនទឹកជុំវិញប្រទេសជប៉ុន។
ស្ថានទូតចិន នៅក្នុងសេចក្តីថ្លែងការណ៍មួយបានបដិសេធការអះអាងរបស់ទីក្រុងតូក្យូដោយនិយាយថា យន្តហោះជប៉ុនបានធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពហោះហើររបស់យន្តហោះចិនដោយការចូលទៅជិតនាវាផ្ទុកយន្តហោះឡៅនីង ដែលកំពុងធ្វើការហ្វឹកហាត់ជាមួយនាវាបាញ់មីស៊ីលចំនួន៣គ្រឿងទៀត ប៉ុន្តែភាគីជប៉ុនបានបដិសេធការអះអាងរបស់ចិនបែបនេះ។
នេះគឺជាការប្រឈមមុខដាក់គ្នាខាងយោធាដ៏ខ្លាំងក្លាបំផុតរវាងប្រទេសទាំងពីរក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ និងអាចប្រឈមធ្វើឱ្យទំនាក់ទំនងការទូតកាន់តែអាក្រក់ទៅៗបន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុនលោកស្រី សាណាអិ តាកាអ៊ិឈិ (Sanae Takaichi) បានព្រមានថា ទីក្រុងតូក្យូ អាចឆ្លើយតបនឹងសកម្មភាពណាមួយរបស់ចិន ប្រឆាំងនឹងតៃវ៉ាន់ ដែលគំរាមកំហែងដល់សន្តិសុខរបស់ជប៉ុន៕
ដោយ៖ សុខ មង្គល