អង្គការឃ្លាំមើលប្រឆាំងអំពើពុករលួយកំពូលរបស់មហាយក្សចិនបានអះអាងថា អ្នកពាក់ព័ន្ធនឹងអំពើពុករលួយសរុបប្រមាណ៩៨ម៉ឺន៣ពាន់នាក់ត្រូវបានដាក់ពិន័យ បន្ទាប់ពីអាជ្ញាធរបានបើកការស៊ើបអង្កេតលើមនុស្សជិត១លាននាក់កាលពីឆ្នាំ២០២៥។
ស្ថាប័នដដែលនេះបានគូសបញ្ជាក់ថា សកម្មភាពប្រឆាំងអំពើពុករលួយនៅឆ្នាំ២០២៥ បានកើនឡើតជិត១១% បើធៀបនឹងឆ្នាំ២០២៤ ក្នុងនោះមន្ត្រីកម្រិតខ្ពស់ថ្នាក់ខេត្ត និងថ្នាក់រដ្ឋមន្ត្រីចំនួន១១៥នាក់ត្រូវបានស៊ើបអង្កេតយ៉ាងតឹងរ៉ឹង ហើយជាលទ្ធផលមានមន្ត្រីជាន់ខ្ពស់ចំនួន៦៩នាក់ត្រូវបានរកឃើញថា មានកំហុស និងរងការផ្ដន្ទាទោស។
យុទ្ធនាការបង្ក្រាបអំពើពុករលួយនេះមិនត្រឹមតែផ្តោតលើមន្ត្រីរដ្ឋបាលនោះទេ ប៉ុន្តែបានពង្រីកវិសាលភាពស៊ើបអង្កេតស៊ីជម្រៅដល់ថ្នាក់ដឹកនាំស្ថាប័នអប់រំ សាកលវិទ្យាល័យ និងសហគ្រាសរដ្ឋផងដែរ។ លើសពីនេះ យុទ្ធនាការនេះ ក៏បានកំណត់គោលដៅលើជនភៀសខ្លួននៅក្រៅប្រទេស និងអំពើពុករលួយជាមូលដ្ឋានក្នុងចំណោមមន្ត្រីថ្នាក់ក្រោម ដែលត្រូវបានដាក់រហ័សនាមថា សត្វរុយចម្លងរោគ។
ពាក់ព័ន្ធយុទ្ធនាការដ៏ក្តៅគគុកនេះ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានថ្លែងកាលថ្ងៃទី១២ ខែមករា ថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅតែធ្ងន់ធ្ងរ និងស្មុគស្មាញ។ ជាមួយគ្នានេះ លោកបានអំពាវនាវឱ្យភ្នាក់ងារអនុវត្តច្បាប់រក្សាជំហរដាច់ខាតក្នុងការបោសសម្អាតមន្ត្រីពុករលួយឱ្យអស់ពីជួររដ្ឋាភិបាល៕
ដោយៈ សរ សុជាតិ