ប្រព័ន្ធផ្សព្វផ្សាយចិន បានឱ្យដឹងថា គ្រឹះស្ថានហិរញ្ញវត្ថុយ៉ាងតិច២៣ នៅក្នុងប្រទេសចិន បានចាប់ផ្តើមសម្រុកលក់ឡាយឡុងទ្រព្យបញ្ចាំ ដែលជាប្រភេទលំនៅឋាន និងការិយាល័យដែលពួកគេរឹបអូសពីកូនបំណុលគ្មានលទ្ធភាពសងគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥។
សូមបញ្ជាក់ថា បណ្ដាធនាគារចិន បានលក់ឡាយឡុងផ្ទះរហូតដល់ទៅប្រមាណ៧ម៉ឺនយូនីត ដោយក្នុងនោះលំនៅឋានថ្មីៗរហូតដល់ទៅប្រមាណ៥៩,០០០យូនីតត្រូវបានលក់ឡាយឡុងនៅក្រុងសៀងហៃ គ្រាន់តែនៅក្នុងឆ្នាំ២០២៤។
អចលនទ្រព្យជាច្រើនត្រូវបានលក់ឡាយឡុងឱ្យទៅអ្នកទិញផ្ទាល់នៅលើ Platform អាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឬ Ecommerce ធំៗ។ អ្នកលក់ភាគច្រើនជាធនាគារក្នុងតំបន់ និងគ្រឹះស្ថានផ្ដល់ប្រាក់កម្ចីខ្នាតតូច ដែលរកស៊ីនៅតាមសហគមន៍កសិកម្ម។ ប៉ុន្តែអ្នកលក់ទាំងនោះ ក៏រួមបញ្ចូលទាំងធនាគាររដ្ឋធំៗចំនួន២ក្នុងចំណោមធនាគារធំៗទាំង៤ ផងដែរ នោះគឺធនាគារកសិកម្មចិន និងធនាគារសំណង់ចិន។
ទិន្នន័យបង្ហាញថា ប្រាក់ចំណេញក្នុងវិស័យធនាគារនៅប្រទេសចិន កំពុងធ្លាក់ចុះខ្លាំងដោយសារតែការធ្លាក់ចុះសេដ្ឋកិច្ចយូរអង្វែង តម្រូវការហិរញ្ញប្បទានពីអាជីវកម្មនានាមានភាពយឺតយ៉ាវ។ បណ្ដារដ្ឋបាលមូលដ្ឋានដែលធ្លាប់ត្រូវបានចាត់ទុកថា ជាអ្នកខ្ចីប្រាក់ ឬកូនបំណុលដែលមានសុវត្ថិភាព ពោលគឺអ្នកខ្ចីល្អដែលមិនងាយខូច កំពុងប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុដោយសារតែវិស័យអចលនទ្រព្យចិនដាំក្បាលចុះ៕
ដោយ: តែម សុខុម