
ទំនិញពីប្រទេសឥណ្ឌូនេស៊ី ប្រឈមពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក ត្រឹមតែ ១៩% ប៉ុណ្ណោះ ដែលទាបជាច្រើនបើធៀបនឹងអត្រាពន្ធគយបដិការ ៣០% របស់សហរដ្ឋអាម៉េរិក ដាក់លើទំនិញចិន ជាហេតុធ្វើឱ្យឥណ្ឌូនេស៊ី ក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់បណ្ដាក្រុមហ៊ុនចិន។
ទន្ទឹមនេះ ឥណ្ឌូនេស៊ី ក៏ជាទីផ្សារអ្នកប្រើប្រាស់ដ៏ធំផងដែរ ដោយសារប្រទេសកាន់សាសនាអ៊ីស្លាម មួយនេះមានប្រជាជនសរុបរហូតដល់ទៅជាង ២៧០ លាននាក់ និងមាន កំណើនផលិតផលក្នុងស្រុកសរុប (GDP) ៥,១២% នៅក្នុងត្រីមាសទី២ ដែលខ្ពស់ជាងការព្យាករ។
សួនឧស្សាហកម្ម និងអចលនទ្រព្យនៅកន្លែងផ្សេងៗដូចជានៅ West Java ជាដើម កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្ដាក្រុមហ៊ុនចិន ដែលបានរុញឱ្យតម្លៃអចលនទ្រព្យហក់ឡើងខ្ពស់ចន្លោះពី ១៥% ទៅ ២៥%។ ក្រុមហ៊ុនជាច្រើនរាប់ចាប់ពីក្រុមហ៊ុនផលិតតុក្កតា និងវាយនភណ្ឌ រហូតដល់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី កំពុងស្វះស្វែងប្ដូរទីតាំងយ៉ាងឆាប់រហ័ស ដោយសម្រុកជួលអគារ ឬទិញដីសម្រាប់ប្រើប្រាស់ភ្លាមៗគួរឱ្យភ្ញាក់ផ្អើល។
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo បានពង្រឹងទំនាក់ទំនងជាមួយមហាយក្សចិន ដោយទាក់ទាញការវិនិយោគរបស់មហាយក្សចិន និងហុងកុង បានចំនួន ៨,២ ពាន់លានដុល្លារអាម៉េរិក នៅក្នុងឆមាសទី១ ឆ្នាំ២០២៥។ ទោះបីជាមានការព្រួយបារម្ភខ្លះៗអំពីបទប្បញ្ញត្តិ និងហេដ្ឋារចនាសម្ព័ន្ធយ៉ាងណាដោយ ក៏កម្លាំងពលកម្មវ័យក្មេងរបស់ប្រទេសឥណ្ឌូនេស៊ី ការកើនឡើងនៃវណ្ណៈកណ្តាល និងការចាយវាយខ្ពស់របស់អ្នកប្រើប្រាស់ បានធ្វើឱ្យឥណ្ឌូនេស៊ី ក្លាយជាគោលដៅទាក់ទាញ។
បណ្ដាក្រុមហ៊ុនចិន និយាយថា ពួកគេអាចទទួលបានប្រាក់ចំណេញច្រើននៅក្នុងប្រទេសឥណ្ឌូនេស៊ី ពោលគឺរហូតដល់ទៅ ៣០% បើធៀបនឹងប្រាក់ចំណេញត្រឹមតែ ៣% នៅក្នុងប្រទេសចិន៕
ដោយ: តែម សុខុម