
អ្នកជំនាញបានចាត់ទុកដំណឹងនេះជាដំណឹងដ៏មួយសម្រាប់កសិករខ្មែរ និងរំពឹងថា ផលិតផលខ្មែរនឹងអាចហក់ចូលទីផ្សារចិនបានកាន់តែច្រើន ខណៈមកទល់ពេលនេះកសិករ ក៏ដូចជាអ្នកផលិតក្នុងស្រុកបានត្រៀមខ្លួនរួចរាល់ហើយ។
កម្ពុជា និងរដ្ឋបាលគយចិន ឯកភាពគ្នាលើការពន្លឿនររៀបចំពិធីសារអនាម័យ និងភូតគាមអនាម័យ ក៏ដូចជានីតិវិធីចាំបាច់ ដើម្បីសម្រួលឱ្យកសិផលខ្មែរចំនួន៨មុខបន្ថែមទៀត ដែលរួមមានអង្ករសំរូប ផ្លែម្នាស់ ផ្លែខ្នុរ ផ្លែទុរេនបង្កក ផ្លែមៀនសម្ងួត សាច់ចម្អិន សំបុកត្រចៀកកាំ និងចំណីសត្វចិញ្ចឹម អាចនាំចូលទៅកាន់ទីផ្សារប្រទេសចិន។ ការឯកភាពនេះធ្វើឡើងក្នុងជំនួបពិភាក្សាគ្នារវាងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយថ្នាកដឹកនាំរដ្ឋបាលគយចិន ក្នុងអំឡុងពេលចូលរួមសន្និសីទលើកទី២ ស្ដីពី«យន្តការសុវត្ថិភាពចំណីអាហារនាំចេញ និងនាំចូលសម្រាប់ប្រទេសជាសមាជិកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ»កាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែតុលា នៅទីក្រុងសៀងហៃ ប្រទេសចិន។
ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា កត់សម្គាល់ឃើញថា កន្លងមកកសិផលរបស់កម្ពុជា ហាក់មានការលំបាកក្នុងការនាំចេញទៅកាន់ប្រទេសមួយចំនួនរួមទាំងប្រទេសថៃ និងចិន ផងដែរ តែកសិផលរបស់ប្រទេសទាំងនោះអាចនាំចូលមកកាន់ទីផ្សារកម្ពុជា ដោយងាយស្រួល។ តែយ៉ាងណាអ្នកជំនាញរូបនេះ បានចាត់ទុកការឯកភាពគ្នារវាងចិន និងកម្ពុជា លើការពន្លឿននីតិវិធីនាំចេញផលិតផលខ្មែរចំនួន៨មុខបន្ថែមទៀតទៅទីផ្សារចិន វាជារឿងល្អមួយសម្រាប់កសិករ ក៏ដូចជាសម្រាប់កម្ពុជាទាំងមូលក្នុងការជំរុញការនាំចេញទៅកាន់ប្រទេសចិន បន្ថែមទៀត។ បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ មកទល់ពេលនេះម្ចាស់សហគ្រាសធុនតូច និងមធ្យមបានត្រៀមខ្លួនរួចរាល់ក្នុងការវេចខ្ជប់កែច្នៃផលិតផលរបស់ពួកគេ ដោយនៅតែរង់ចាំឱកាសនាំចេញតែប៉ុណ្ណោះ។
ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចាត់ទុកលទ្ធផលខាងលើ ជាជំហ៊ានដ៏សំខាន់មួយទៀតក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការកសិ-ពាណិជ្ជកម្ម និងបើកឱកាសទីផ្សារនាំចេញកសិផលរបស់កសិករកម្ពុជាឱ្យកាន់តែរលូន និងមានប្រសិទ្ធភាព។ ជាមួយគ្នានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពាវនាវដល់កសិករ និងវិស័យឯកជនពាក់ព័ន្ធបន្តអនុវត្តកសិកម្មល្អ (GAP) ក៏ដូចជាការអនុវត្តផលិតកម្មល្អ (GMP) លើការកែច្នៃ វេចខ្ចប់ រក្សាទុក និងដឹកជញ្ជូនសំដៅរក្សាគុណភាព និងសុវត្ថិភាពចំណីអាហារ ព្រមទាំងអនុវត្តតាមនីតិវិធីនៃប្រទេសនាំចូល ដើម្បីបង្កើនសក្តានុពលទីផ្សារកសិ-ចំណីអាហារកម្ពុជា៕
អត្ថបទ៖ ជា ម៉ារ៉ា