ស្ថានទូតចិន នៅថៃ

ស្ថានទូតចិននៅថៃ ច្រានចោលព័ត៌មានដែលថា ចិន ផ្គត់ផ្គង់អាវុធឱ្យកម្ពុជា ធ្វើសង្គ្រាមជាមួយថៃ


ស្ថានទូតចិន ប្រចាំប្រទេសថៃ បានច្រានចោលជាសាធារណៈនូវព័ត៌មានក្លែងក្លាយដែលផ្សាយថា មហាយក្សចិន បានផ្គត់ផ្គង់សព្វាវុធដល់កងទ័ពកម្ពុជា សម្រាប់ច្បាំងគ្នាក្នុងសង្គ្រាមឈ្លានពានរបស់ថៃ រយៈពេល៥ថ្ងៃ។ ការចេញមកច្រានចោលនេះធ្វើឡើងក្រោយនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល បានយកការចុះផ្សាយព័ត៌មានចាស់របស់កាសែតអាម៉េរិក The New York Times មកសម្អាងថា ប្រទេសចិន បានផ្គត់ផ្គង់សព្វាវុធដល់កងទ័ពកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation។
ស្ថានទូតចិន នៅថៃ
ដោយ

ស្ថានទូតចិន ប្រចាំប្រទេសថៃ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២ ខែតុលា ដើម្បីឆ្លើយតបនឹងសេចក្ដីរាយការណ៍ព័ត៌មាននានា រួមទាំងកាសែតអាម៉េរិក The New York Times ដែលថា ចិន បានផ្តល់គ្រាប់រ៉ុក្កែតឱ្យកម្ពុជា នៅប៉ុន្មានសប្តាហ៍មុនទាហានថៃ បញ្ឆេះភ្លើងងសង្គ្រាមចូលឈ្លានពានកម្ពុជា រយៈពេល៥ថ្ងៃចន្លោះពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥។ ស្ថានទូតចិន បានសង្កត់ធ្ងន់ថា ប្រទេសចិន កំពុងធ្វើការដើម្បីបន្ធូរបន្ថយស្ថានការណ៍តានតឹងនៅព្រំដែនកម្ពុជា-ថៃ ក្នុងនាមប្រទេសជាមិត្តរបស់ប្រទេសទាំងពីរ។

សូមបញ្ជាក់ថានាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល បានយោងលើការចុះផ្សាយរបស់កាសែតអាម៉េរិក The New York Times មកចោទប្រកាន់ថា ប្រទេសចិន បានផ្គត់ផ្គង់សព្វាវុធដល់កងទ័ពកម្ពុជា ហើយនៅពេលសួរថា តើភាគីកម្ពុជា បានច្រានចោលការចុះផ្សាយនេះដែរឬទេ លោក អនុទីន បានឆ្លើយថា លោកបានដឹងពីសមត្ថភាពរបស់កងកម្លាំងដែលថៃ កំពុងឃ្លាំមើល ហើយថៃ បានត្រៀមខ្លួនរួចជានិច្ចក្នុងការទប់ទល់ជាមួយកងកម្លាំងកម្ពុជា។ នាយករដ្ឋមន្ត្រីរូបនេះអះអាងថា រដ្ឋាភិបាលកម្ពុជា បានលៃកញ្ចប់ថវិកា និងការគាំទ្រសម្រាប់ការពារជាតិ អំឡុងពេលមានភាពតានតឹងជាមួយប្រទេសថៃ រួចហើយផងដែរ។

ការលើកឡើងបែបនេះរបស់លោក អនុទីន ឆានវីរៈគុល បានធ្វើឱ្យស្ថានទូតចិន មានប្រតិកម្មភ្លាមៗ ហើយបានចេញសេចក្ដីថ្លែងការណ៍ច្រានចោលថា វាជាព័ត៌មានមិនពិត។ ជាមួយគ្នានេះរដ្ឋមន្ត្រីការបរទេសថ្មីរបស់ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ក៏បាននិយាយដែរថា ការចុះផ្សាយរបស់កាសែត The New York Times ពាក់ព័ន្ធនឹងរឿងចិនផ្គត់ផ្គង់សព្វាវុធដល់កម្ពុជា គឺផ្អែកលើរបាយការណ៍ចាស់ៗប៉ុណ្ណោះ។

រដ្ឋមន្ត្រីការបរទេសថ្មីរបស់ថៃ បាននិយាយសម្រាលទាក់ទិនការចុះផ្សាយនេះថា ការលក់ ឬ ការផ្តល់សព្វាវុធសម្រាប់ការពារជាតិ គឺជាការអនុវត្តទូទៅក្នុងចំណោមប្រទេសជាច្រើន ពោលគឺវាគ្មានអ្វីចម្លែកនោះទេ។ ទោះជាយ៉ាងណារហូតមកទល់ពេលនេះភាគីកម្ពុជា មិនទាន់បានចេញមុខឆ្លើយតប ឬច្រានចោលព័ត៌មានដែលថា ចិន ផ្គត់ផ្គង់សព្វាវុធដល់កម្ពុជា នៅឡើយទេ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


មេភូមិភាគ១ថៃនឹងស្នើកម្ពុជា ឱ្យពន្យារពេលកិច្ចប្រជុំ RBC បើគ្មានការពិភាក្សាលើបញ្ហាជម្លៀសពលរដ្ឋខ្មែរ

មេភូមិភាគ១ថៃ បានអះអាងថា ខ្លួននឹងស្នើកម្ពុជា ឱ្យពន្យារពេលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ប្រសិនបើបញ្ហាជម្ល…

ជីប ម៉ុង បន្ដពូនជ្រំឬសគល់នៃកម្លាំងគាំទ្រផលិតផលខ្មែរ ខ្មែរធ្វើបាន ដើម្បីបង្ហាញកិត្យានុភាពផលិតផលខ្មែរទៅកាន់ឆាកអន្តរជាតិ

ដើម្បីចូលរួមពូនជ្រំឬសគល់នៃកម្លាំងគាំទ្រផលិតផលខ្មែរ ខ្មែរធ្វើបាន និងដើម្បីបង្ហាញកិត្យានុភាពរបស់ផលិតផលខ្មែរទៅកាន់ឆាកអន្តរជាតិ ក្រុមហ៊ុនយក្សជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ