ក្នុងជំនួបនោះលោក Song Hailiang ប្រធានក្រុមហ៊ុន CCCC បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់ការគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររហូតធ្វើឱ្យគម្រោងនានារបស់ក្រុមហ៊ុនសម្រេចបានជោគជ័យជាបន្តបន្ទាប់។ លោកបានបញ្ជាក់ពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តអនុវត្តគម្រោងដែលកំពុងមានស្រាប់ឱ្យសម្រេចបានតាមផែនការ ដោយធានានូវគុណភាព និងការទទួលខុសត្រូវខ្ពស់។
លើសពីវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្រុមហ៊ុន CCCC ក៏កំពុងសម្លឹងមើលកាលានុវត្តភាពវិនិយោគលើវិស័យថ្មីៗមួយចំនួនទៀត រួមមានថាមពលស្អាត ការគ្រប់គ្រង និងកែច្នៃសំណល់ទៅជាថាមពលអគ្គិសនី ការអភិវឌ្ឍប្រព័ន្ធចម្រោះទឹកស្អាត និងការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថល (Digital Ecosystem)។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ក្រុមហ៊ុន CCCC ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលជាឆ្អឹងខ្នង នៃកំណើនសេដ្ឋកិច្ចជាតិ។ សម្ដេចធិបតី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តផ្ដល់អាទិភាពខ្ពស់លើការអភិវឌ្ឍវិស័យនេះ និងបានដាក់ចេញនូវគោលនយោបាយជាច្រើនដើម្បីគាំទ្រដល់ការវិនិយោគ។ ជាមួយគ្នានេះ សម្ដេចធិបតីក៏បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការស្វែងរកកាលានុវត្តភាពពង្រីកការវិនិយោគលើវិស័យថ្មីៗបន្ថែមទៀតនៅកម្ពុជាផងដែរ៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ