លោកស៊ី ជីនពីង និងភរិយារបស់លោក បានចុះពីរថភ្លើងល្បឿនលឿន ដោយបានទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ទង់ជាតិចិន និងហុងកុងបានលំអរពេញផ្លូវ។ ហើយគេមើលឃើញថា ផ្លូវនានាត្រូវបានគេប្រារព្ធឡើងដោយទង់ជាតិចិនពណ៌ក្រហម និងផ្ទាំងរូបភាពនានាបានរំលេចអត្ថន័យថា «សករាជថ្មី» នៃស្ថិរភាព។
ក្នុងនោះដែរ នៅក្នុងពិធីស្បថចូលកាន់តំណែងជាមេដឹកនាំទីក្រុងហុងកុងថ្មីរបស់លោកចន លី (John Lee) លោកស៊ី ជីនពីងបាននិយាយនៅក្នុងសុន្ទរកថាខ្លីមួយថា «ហុងកុងបានយកឈ្នះលើបញ្ហាធំៗ និងឆ្លងកាត់ព្យុះភ្លៀងច្រើនរាប់មិនអស់ ថែមទាំងបានងើបពីគំនរផេះផង់ ទើបហុងកុងមានថ្ងៃនេះបាន»។
គួររំលឹកបន្តិចថា កាលពីពេលកន្លងទៅបាតុកររាប់ម៉ឺននាក់បានដើរដង្ហែរក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកស៊ី ជីនពីង កាលពីប្រាំឆ្នាំមុន តែដោយសារក្រុងមានកម្លាំងសន្តិសុខខ្ពស់ ទើបធ្វើឲ្យអ្នកនយោបាយប្រឆាំង និងសកម្មជនប្រជាធិបតេយ្យជាច្រើនត្រូវបានអាជ្ញាធរចាប់ដាក់កគុក ឬនិរទេសខ្លួនជាដើម។
ប្រធានាធិបតីចិន បានព្រមានប្រឆាំងនឹងទង្វើទាំងឡាយណា ដែលបង្កគ្រោះថ្នាក់ដល់អធិបតេយ្យភាពរបស់ប្រទេសចិន ដែលរដ្ឋាភិបាលទីក្រុងប៉េកាំង និងហុងកុងបាននិយាយរួមគ្នាថា «ពួកគេនឹងធ្វើគ្រប់តម្លៃទាំងអស់ក្នុងការ "ស្តារសណ្តាប់ធ្នាប់ឡើងវិញ ពីភាពចលាចល" ដើម្បីឱ្យទីក្រុងអាចរីកចម្រើនបាន។
ដោយឡែក នាយករដ្ឋមន្ត្រីអង់គ្លេស លោកបូរីស ចនសុន (Boris Johnson) បាននិយាយដោយបើកចំហចំពេលលោកស៊ី ធ្វើដំណើរទស្សនៈកិច្ចមកកាន់អតីតដែនដីអាណានិគមរបស់ខ្លួនថា ចក្រភពអង់គ្លេសនឹងធ្វើឱ្យអស់ពីសមត្ថភាព ដើម្បីឲ្យទីក្រុងប៉េកាំងគោរពចំពោះការប្តេជ្ញាចិត្តរបស់ខ្លួននៃសិទ្ធិប្រជាធិបតេយ្យដែលបានធ្វើឡើងកាលពី ២៥ ឆ្នាំមុនជាមួយអង់គ្លេស ដែលពេលនោះខ្លួនបានប្រគល់ហុងកុងទៅឱ្យប្រទេសចិនវិញ។
លោកចនសុន បានថ្លែងនៅក្នុងវីដេអូបង្ហោះមួយថា "នៅថ្ងៃនេះជាខួបលើកទី ២៥ ឆ្នាំ នៃការប្រគល់ទីក្រុងហុងកុងទៅឲ្យប្រទេសចិន តែអង់គ្លេសមានការខកចិត្តណាស់ចំពោះការអនុវត្តកាតព្វកិច្ចរបស់ទីក្រុងប៉េកាំង។ ទោះជាយ៉ាងណា លោក ចនសុនអះអាងថា "អង់គ្លេសមិនបោះបង់ចោលហុងកុងទេ ដោយ២៥ ឆ្នាំមុន យើងបានសន្យាចំពោះទឹកដីនេះ និងប្រជាជនរបស់ហុងកុង ហើយយើងនៅតែប្រកាន់ភ្ជាប់ជានិច្ច”។
លើសពីនេះទៅទៀត អ្នកវិភាគធំៗខ្លះមើលឃើញថា ដំណើរទស្សនកិច្ចរបស់លោក ស៊ីជីនពីង ជាដំណើរទស្សនកិច្ចក៏ជោគជ័យមួយ បន្ទាប់ពីទីក្រុងប៉េកាំងបានរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួនលើទីក្រុងហុងកុងជាមួយនឹងច្បាប់សន្តិសុខជាតិតឹងរ៉ឹងថ្មីមួយ បន្ទាប់ពីមានការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យត្រូវបានទទួលបរាជ័យក្នុងឆ្នាំ ២០១៩ កន្លងទៅ។
លោកចន បើន (John Burns) សាស្ត្រាចារ្យមួយរូបនៅនាយកដ្ឋាននយោបាយ និងរដ្ឋបាលសាធារណៈនៃសាកលវិទ្យាល័យហុងកុងបាននិយាយថា "វាគឺជាការប្រារព្ធពិធីនៃជ័យជម្នះរបស់រដ្ឋាភិបាលកណ្តាលចិនលើក្រុមប្រឆាំងនយោបាយនៅក្នុងទីក្រុងហុងកុង" យ៉ាងពិតប្រាកដ។
បន្ថែមពីនេះទៅទៀត នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកអាតូនី ប្លីនខេន រដ្ឋមន្រ្តីការបរទេសអាមេរិក បាននិយាយថា ខួបលើកទី ២៥ ដែលអង់គ្លេសប្រគល់ហុងកុងទៅឲ្យប្រទេសចិន ត្រូវបានគេមើលឃើញថា ប្រទេសចិនទើបតែគ្រប់គ្រងបានពាក់កណ្តាលនៃតំបន់ស្វយ័តនេះក្រោមគោលការណ៍ "ប្រទេសមួយ ប្រព័ន្ធពីរ" របស់ចិនតែប៉ុណ្ណោះ ដែលប្រទេសចិន និងអង់គ្លេសបានព្រមព្រៀងគ្នាកាលពី ២៥ឆ្នាំមុន ។
ក៏ប៉ុន្តែ លោកបានមានប្រសាសន៍ថា “ឥឡូវនេះ វាជាភស្តុតាងពិតប្រាកដ ដែលថាអាជ្ញាធរហុងកុង និងទីក្រុងប៉េកាំងលែងចាត់ទុកថាអនុវត្តតាមបែបប្រជាធិបតេយ្យសេរីភាពជាមូលដ្ឋាន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលជាផ្នែកនៃកិច្ចសន្យាជាមួយអង់គ្លេសនេះតទៅទៀតហើយ”។
គួរជម្រាបថា ដំណើរទស្សនៈកិច្ចរបស់ប្រធានាធិបតីចិន លោកស៊ី ជីនពីន នេះមានកងកម្លាំងប៉ូលិសជាង ៣ ម៉ឺននាក់ត្រូវបានដាក់ដើម្បីធានាសន្តិសុខ និងបិទផ្លូវធំៗខ្លះនៃទីក្រុងហុងកុងផងដែរ។ ស្របពេលដែល ទីក្រុងហុងកុងបាន រាយការណ៍ថា មានអ្នកឆ្លងកូវីត១៩ ចំនួនជាង ២០០០ ករណីកាលពីថ្ងៃព្រហស្បតិ៍នេះ ជាមួយនឹងការឆ្លងប្រចាំថ្ងៃកើនឡើងខ្លាំងផងដែរ៕
អត្ថបទ៖ ហ៊ុន គន្ធថៃ