
អនុស្សរណៈនៃការយោគយល់នេះត្រូវបានចុះហត្ថលេខាដោយអ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង និងឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប្រតិបត្តិ នៃសហគ្រិនខ្មែរ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ។ ពិធីនេះក៏មានការចូលរួមពីក្រុមការងារធនាគារ ជីប ម៉ុង ក្រុមការងារសហគ្រិនខ្មែរ និងម្ចាស់អាជីវកម្ម សរុបចំនួនប្រមាណ ៧៥ នាក់។

កិច្ចសហការនេះកើតចេញពីការយល់ឃើញរួមគ្នាថា នៅក្នុងបរិបទតម្រូវការកើនឡើននៃការគាំទ្រផលិតផលខ្មែរ ហើយម្ចាស់អាជីវកម្មកំពុងត្រូវការដៃគូ និងសេវាកម្មពីធនាគារដែលរឹងមាំ និងអាចទុកចិត្តបាន។ តាមរយៈកិច្ចសហការនេះ ធនាគារ ជីប ម៉ុង នឹងផ្តល់សេវាហិរញ្ញវត្ថុ ពិសេសផលិតផលកម្ចីដែលមានលក្ខខណ្ឌអនុគ្រោះ តម្លាភាព និងភាពបត់បែនខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ម្ចាស់អាជីវកម្ម។ ធនាគារ ជីប ម៉ុង បានបង្ហាញការប្តេជ្ញាចិត្តចូលរួមលើកទឹកចិត្ត និងគាំទ្រម្ចាស់អាជីវកម្មខ្មែរទាំងអស់ដែលមានបទពិសោធន៍ និងមិនទាន់មានបទពិសោន៍ប្រកបអាជីវកម្ម ឱ្យមានលទ្ធភាពកាន់តែខ្ពស់ក្នុងការប្រកបមុខរបរ ឬពង្រីកខ្លួននៅក្នុងវិស័យអាជីវកម្មខ្នាតតូច និងមធ្យមនេះ។ គោលដៅគឺមិនត្រឹមតែជួយធានាឱ្យចរន្តសេដ្ឋកិច្ចជាតិបន្តដំណើរទៅមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាការផ្គត់ផ្គង់សម្រាប់តម្រូវការក្នុងសង្គមឱ្យមានភាពរលូន និងនិរន្តរភាពផងដែរ។

អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង បានលើកឡើងថា៖ “គោលដៅដ៏ធំនៃកិច្ចសហការនេះគឺធ្វើឡើងដើម្បីជួយគាំទ្រដល់ម្ចាស់អាជីវកម្មខ្មែរអាចបង្កើនលទ្ធភាពក្នុងការពង្រីក ដើម្បីបង្កើនផលិតកម្មក្នុងស្រុក និងធ្វើឱ្យពាណិជ្ជកម្មក្នុងស្រុករបស់យើងមានភាពសកម្មកាន់តែខ្លាំងឡើង។ ក្នុងនាមជាធនាគារដែលបង្កើតឡើងដោយកូនខ្មែរ ១០០% យើងខ្ញុំយល់ច្បាស់ពីតម្រូវការជាក់ស្តែងរបស់ម្ចាស់អាជីវកម្ម។ ធនាគារ ជីប ម៉ុង មិនត្រឹមតែផ្តល់ហិរញ្ញប្បទានប៉ុណ្ណោះទេ ប៉ុន្តែយើងផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពបត់បែនខ្ពស់ និងការប្រឹក្សាយោបល់ជំនាញ ដើម្បីធានាដល់ការរីកចម្រើនប្រកបដោយចីរភាពដល់អាជីវកម្មរបស់ពួកគាត់។”

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប្រតិបត្តិ នៃសហគ្រិនខ្មែរ ក៏បានមានប្រសាសន៍ថា៖ “កិច្ចសហការនេះសំដៅលើកកម្ពស់ ផ្សព្វផ្សាយផលិតផលហិរញ្ញវត្ថុរបស់ធនាគារ ដែលបង្កើតឱ្យមានជាទុនបង្វិលបន្ថែមនៅក្នុងវិស័យឯកជន ដែលផ្តល់ជាប្រយោជន៍ជូនសហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើនផលិតផលក្នុងស្រុក ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន។”
ជាមួយនឹងមូលដ្ឋានគ្រឹះដ៏រឹងមាំ និងប្រវត្តិដ៏យូរអង្វែងរបស់ក្រុមហ៊ុន ជីប ម៉ុង តាំងពីឆ្នាំ ១៩៨២ ធនាគារ ជីប ម៉ុង នឹងបន្តជាដៃគូដែលផ្តល់ទំនុកចិត្តខ្ពស់ និងគាំទ្រម្ចាស់សហគ្រាសខ្មែរគ្រប់រូបឱ្យកាន់តែរីកចម្រើន។

ធនាគារ ជីប ម៉ុង ជាធនាគារបង្កើតឡើងដោយសហគ្រិនខ្មែរ១០០% មានគ្រឹះរឹងមាំ និងផ្តល់សេវាហិរញ្ញវត្ថុទៅកាន់អតិថិជនប្រកបដោយសុវត្ថិភាពនិងទំនុកចិត្តខ្ពស់ ដោយមានក្រុមហ៊ុនយក្ស ជីប ម៉ុង ជាក្រុមហ៊ុនមេ មានប្រពភច្បាស់លាស់ ប្រវត្តិអាជីវកម្មយូរអង្វែងក្នុងទីផ្សារកម្ពុជា និងទទួលបានភាពជោគជ័យតាំងពីឆ្នាំ១៩៨២។ ធនាគារ ជីប ម៉ុង មានមន្ត្រីឥណទាននៅគ្រប់ខេត្តក្រុង ដែលចាំជួយផ្ដល់ការពិភាក្សា និងផ្ដល់សេវាកម្ចីដល់ទីកន្លែងផ្ទាល់ ផ្តល់ភាពងាយស្រួល និងឆាប់រហ័ស ស្របទៅតាមចក្ខុវិស័យច្បាស់លាស់របស់ខ្លួន គឺធ្វើយ៉ាងណាផ្ដល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ជាពិសេសផ្ដល់សេវាធនាគារឱ្យកាន់តែកៀកជិតអតិថិជន។ ក្នុងនាមជាធនាគារខ្មែរ ធនាគារ ជីប ម៉ុង ប្តេជ្ញាផ្ដល់ជូននូវសេវាធនាគារ ដែលងាយស្រួលប្រើប្រាស់ ផ្តល់ផលចំណេញ ជាពិសេសសុវត្ថិភាព ជូនទៅដល់អតិថិជន និងដៃគូអាជីវកម្មទាំងអស់ទូទាំងប្រទេស ដើម្បីឆ្ពោះទៅរកភាពជោគជ័យ រីកចម្រើនយូរអង្វែងទៅមុខទាំងអស់គ្នា។ សម្រាប់ព័ត៌មាន សូមទំនាក់ទំនងទៅកាន់សេវាអតិថិជន២៤ម៉ោង៖ 081 811 911 ឬ 066 811 911។

ដោយឡែក សហគ្រិនខ្មែរ (KE) ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តកម្មវិធីគាំទ្រនានា និងធ្វើការដោយផ្ទាល់ជាមួយដៃគូ និងអ្នកទទួលផល។ សហគ្រិនខ្មែរមានគោលបំណងកៀរគរវិនិយោគ និងគ្រប់គ្រងធនធានពីប្រភពស្របច្បាប់ទាំងឡាយ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឱ្យមានភាពរស់រវើក និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដល់អ្នកកសាងពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ អ្នកទាំងអស់នោះរួមមាន សហគ្រិន ធុរកិច្ចបង្កើតថ្មីដែលមានលក្ខណៈនវានុវត្តន៏ សហគ្រាសធុនតូច និងមធ្យមដែលពោរពេញដោយសក្តានុពល និងស្ថាប័ន-ដៃគូនានា ដែលចូលរួមលើកកម្ពស់សកម្មភាពសហគ្រិនភាពផ្សេងៗ សំដៅជំរុញនវានុវត្តន៍ និងការបង្កើតតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://khmerenterprise.info/sector

