
ជាក់ស្ដែង នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៥ ធនាគារ ដែលវិនិយោគដោយសហគ្រិនខ្មែរ ១០០% មួយនេះ បានសម្រេចចាប់ដៃគូសហការ ជាមួយនឹងក្រុមហ៊ុន អេមរុរ៉ាយស៍ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រហិរញ្ញប្បទាន ដើម្បីជំរុញផលិតកម្មស្រូវអង្ករនៅកម្ពុជា និងបង្កើនលទ្ធភាពនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ។
តាមរយៈកិច្ចសហការនេះ ធនាគារ ជីប ម៉ុង នឹងផ្ដល់កម្ចីខ្នាតតូច និមធ្យម ដែលមានអត្រាការប្រាក់ទាបសមរម្យ សម្រាប់សមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា និងសហគមន៍កសិកម្ម ជាមួយនឹងសេវាកម្មរហ័សទាន់ចិត្ត លក្ខខណ្ឌផ្ដល់កម្ចីងាយស្រួល មិនមានភាពស្មុគ្រស្មាញនោះឡើយ។ អ្វីដែលកាន់តែពិសេសនោះ គឺធនាគារ ជីប ម៉ុងមានមន្រ្តីឥណទានដែលអាចចុះទៅជួបពិភាក្សាកម្ចីជាមួយអតិថិជនដល់ទីកន្លែងផ្ទាល់នៅគ្រប់រាជធានីខេត្ត។

អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង បានអះអាង កិច្ចសហការរវាងធនាគារ ជីប ម៉ុង និងក្រុមហ៊ុន អេមរុរ៉ាយស៍ គឺជាការរួមចំណែកយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍវិស័យកសិកម្ម ពិសេសដំណាំស្រូវអង្ករនៅកម្ពុជា ដើម្បីអាចពង្រឹងផ្នែកផលិតកម្មស្រូវដែលមានគុណភាព និងបរិមាណ ដើម្បីអាចបង្កើនសមត្ថភាពប្រកួតប្រជែងខ្ពស់នៅលើទីផ្សារអង្ករពិភពលោក។ ជាមួយគ្នានេះ អ្នកឧកញ៉ា ក៏បានអំពាវនាវឱ្យកសិករចូលរួមសហការគ្នាជាធ្លុងមួយជាមួយធនាគារជីប ម៉ុង និងក្រុមហ៊ុន អេមុរ៉ាយស៍ ដើម្បីបន្ដភាពរីកចម្រើនជាមួយប្រកបដោយចីរភាព។
តាមរយៈ ការផ្ដល់កម្ចីអាជីវកម្មខ្នាតតូច និងមធ្យម ដែលមានភាពងាយស្រួល និងបត់បែន របស់ធនាគារជីប ម៉ុង ប្រជាកសិករខ្មែរនឹងទទួលបានបង្អែកហិរញ្ញវត្ថុដ៏ល្អប្រសើរ សម្រាប់ប្រើប្រាស់ធ្វើជាដើមទុន នៅក្នុងការពង្រីកមុខរបរកសិកម្ម។

លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុរ៉ាយស៍ បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមកំពូលប្រទេសទាំង១០ ដែលផលិតអង្ករច្រើនជាងគេលើពិភពលោក ប៉ុន្ដែ វិស័យស្រូវអង្ករកម្ពុជានៅតែប្រឈមនឹងបញ្ហាច្រើន រួមទាំងបញ្ហាដើមទុនផងដែរ។ បើតាមអ្នកជំនាញកសិកម្មរូបនេះ វិស័យស្រូវអង្ករកម្ពុជា ត្រូវការដើមទុនបង្វិលប្រមាណ ៣០០លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំៗ ដូច្នេះហើយ ការចូលរួមផ្ដល់ហិរញ្ញប្បទាន ពីវិស័យឯកជន ពិសេសធនាគារ ជីប ម៉ុង នាពេលនេះ គឺជាការរួមចំណែកដ៏សំខាន់ណាស់ ដើម្បីពង្រឹងសមត្ថភាពផលិតកម្មស្រូវ និងបង្កើនការនាំចេញអង្កររបស់កម្ពុជា។

បើតាមលោកឧកញ៉ា សុង សារ៉ន ការពង្រឹងគ្រឹះដ៏រឹងមាំសម្រាប់វិស័យស្រូវអង្ករកម្ពុជា ចាំបាច់ត្រូវមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងវិស័យរដ្ឋ វិស័យឯកជន និងកសិករ ដើម្បីផលិតអង្ករដែលមានគុណភាពខ្ពស់ អាចប្រកួតប្រជែងជាមួយអង្កររបស់ប្រទេសជិតខាង។
ជាមួយនឹងគ្រឹះរឹងមាំ និងដើរតាមគន្លងជោគជ័យរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប តាំងពីឆ្នាំ ១៩៨២ ធនាគារ ជីប ម៉ុង គឺជាដៃគូហិរញ្ញវត្ថុប្រកបដោយទំនុកចិត្តរបស់ម្ចាស់អាជីវកម្មនៅកម្ពុជា។ ធនគារ ជីប ម៉ុង មានមន្ត្រីឥណទាននៅគ្រប់ខេត្តក្រុងទាំងអស់ ដែលចាំជួយផ្ដល់ការពិភាក្សា និងផ្ដល់កម្ចីហិរញ្ញវត្ថុ ដល់ពលរដ្ឋនៅគ្រប់ទីកន្លែង ដោយលឿនរហ័ស ស្របទៅតាមចក្ខុវិស័យច្បាស់លាស់របស់ខ្លួន គឺធ្វើយ៉ាងណាផ្ដល់នូវដំណោះស្រាយហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ជាពិសេសផ្ដល់សេវាធានាគារកាន់តែកៀកជិតអតិថិជន៕




