លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា ការព្រមព្រៀងបទឈប់បាញ់ដែលទទួលបាននាពេលនេះ គឺជាលទ្ធផលដ៏ប្រសើរមួយដែលប្រជាពលរដ្ឋកម្ពុជា គ្រប់រូបប្រាថ្នាចង់បាន និងដឹងគុណចំពោះថ្នាក់ដឹកនាំ និងវីរៈកងទ័ពកម្ពុជា ដែលខិតខំតស៊ូលះបង់សាច់ស្រស់ឈាមស្រស់ការបូរណភាពទឹកដីកម្ពុជា។ តែយ៉ាងណាដើម្បីឱ្យបទឈប់បាញ់នេះមានប្រសិទ្ធភាពក្នុងរយៈពេល៧២ម៉ោង អ្នកជំនាញរូបនេះ ស្នើឱ្យពលរដ្ឋកម្ពុជា ទាំងអស់ត្រូវមានការអត់ធ្មត់ខ្ពស់ កុំបញ្ចេញមតិយោបល់ដែលនាំឱ្យមានភាពតានតឹង ត្រូវពង្រឹងស្មារតីសាមគ្គីជាតិ និងបន្តចលនាជួយទំនុកបម្រុងដល់ជនភៀសសឹក និងវីរៈកងទ័ពកម្ពុជា ឱ្យបានកាន់តែសកម្មបន្ថែមទៀត។ ទន្ទឹមនេះ ប្រជាពលរដ្ឋកម្ពុជា ត្រូវគិតក្នុងផ្លូវវិជ្ជមានបន្តជឿជាក់លើរាជរដ្ឋាភិបាល និងបន្តរស់នៅ និងប្រកបអាជីវកម្មជាប្រក្រតី ដើម្បីបន្តដំណើរទៅមុខ និងជំរុញចន្តរសេដ្ឋកិច្ចឱ្យដំណើរការល្អនៅក្នុងកាលៈទេសៈដ៏លំបាកនេះ។
ជាមួយគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវយល់ឃើញថា នៅក្នុងកាលៈទេសៈនៃការកសាងទំនុកចិត្តគ្នាទៅវិញទៅមកក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់រយៈពេល៧២ម៉ោងនេះ ពលរដ្ឋកម្ពុជា ត្រូវបន្តមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវពិចារណាឱ្យបានដិតដល់ចំពោះព័ត៌មាននានាថា អ្វីពិត និងមិនពិត ដើម្បីកុំឱ្យមានបញ្ហាណាមួយកើតមានឡើងនៅក្នុងកាលៈទេសៈនេះ។ ជាមួយគ្នានេះ អ្នកជំនាញរូបនេះ ជំរុញឱ្យពន្លឿនការចែក និងផ្គត់ផ្គង់ស្បៀងដល់ជនភៀសសឹក និងវីរៈកងទ័ពកម្ពុជា ដើម្បីធានាថា ក្នុងករណីមានអរិភាពណាមួយកើតឡើងជាយថាហេតុ ពួកគេនៅតែអាចបន្តការរស់នៅ និងតស៊ូការពារជាតិបន្តទៀត។
គួរជម្រាបថា កម្ពុជានិងថៃ បានឯកភាពគ្នាអនុវត្តបទឈប់បាញ់បន្ទាន់រយៈពេល៧២ម៉ោង គិតចាប់ពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ តទៅ ក្រោយប្រយុទ្ធគ្នាអស់រយៈពេល២១ថ្ងៃ។ ទន្ទឹមនេះ ភាគីថៃ ក៏បានយល់ព្រមបញ្ជូនយោធិនកម្ពុជា ទាំង១៨រូប ដែលពួកគេចាប់ និងឃុំខ្លួនដោយខុសច្បាប់ជាង១៥០ថ្ងៃកន្លងមកនេះឱ្យត្រឡប់មកប្រទេសកំណើតវិញផងដែរ ប្រសិនបើបទបាញ់ត្រូវបានអនុវត្តពេញលេញក្នុងរយៈពេល៧២ម៉ោង៕