ទីភ្នាក់ងារគយរបស់សិង្ហបុរីបានព្រមានពីល្បិចឆបោកតាមអ៊ីនធឺណិតជាកញ្ចប់ថ្មីចំនួនពីរ ក្នុងនោះទម្រង់ឆបោកទី១ គឺអ្នកឆបោកបានក្លែងបន្លំជាគយរបស់សិង្ហបុរី ហើយផ្ញើសារតាមអ៊ីមែលទៅកាន់ជនរងគ្រោះ ដោយជូនដំណឹងដល់ជនរងគ្រោះថា កញ្ចប់បង់ពន្ធគយរបស់ពួកគេត្រូវបានផ្អាកដោយសារហេតុផលផ្លូវច្បាប់ ហើយបន្ទាប់មកអ្នកឆបោកនឹងផ្ញើការជូនដំណឹងក្លែងក្លាយអំពីការសុំចុះត្រួតពិនិត្យទំនិញដោយផ្ទាល់នៅនឹងកន្លែង។ បន្ទាប់មកទៀតអ្នកឆបោកទាំងនោះបានផ្ដល់ជម្រើសមួយជំនួសឱ្យការចុះត្រួតពិនិត្យ គឺការបង់លុយ ដោយសន្យាថា កញ្ចប់បង់ពន្ធនឹងត្រូវបានចេញផ្សាយ បន្ទាប់ពីការទូទាត់រួច ហើយពួកគេបានតម្រូវឱ្យជនរងគ្រោះបំពេញឯកសារផ្សេងៗទៀតផង។
ចំណែកទម្រង់ឆបោកថ្មីទី២ក៏មិនខុសគ្នាប៉ុន្មានពីទម្រង់ទី១ដែរ ដោយក្រុមអ្នកឆបោកបានក្លែងជាមន្ត្រីគយ ហើយផ្ញើសារតាមកម្មវិធីអេប WhatsApp ទៅជនរងគ្រោះ ដោយអះអាងថា ដុំមាស ដែលបានចុះបញ្ជីក្រោមឈ្មោះរបស់ជនរងគ្រោះកំពុងត្រូវបានគយកាន់កាប់ហើយ។
ពេលនោះអ្នកបោកប្រាស់នឹងផ្ញើឱ្យជនរងគ្រោះនូវរូបថតដុំមាសក្លែងក្លាយ ដែលត្រូវបានគេរឹបអូសយក និងព័ត៌មានលម្អិតអំពីការដឹកជញ្ជូនក្លែងក្លាយ។ បន្ទាប់មកជនរងគ្រោះត្រូវបានស្នើសុំឱ្យទូទាត់ប្រាក់ជាថ្នូរនឹងការទទួលបានដុំមាសរបស់ពួកគេមកវិញ បើមិនដូច្នោះទេពួកគេនឹងប្រឈមមុខនឹងការរឹបអូសដុំមាសភ្លាមៗ និងដាក់ក្នុងបញ្ជីខ្មៅពីការដឹកជញ្ជូននាពេលអនាគតជាដើម។
ទីភ្នាក់ងារគយសិង្ហបុរីបានចាត់ទុកករណីឆបោកនេះ ជាករណីឆបោកដ៏ធ្ងន់ធ្ងរ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់សាធារណជនលើគយសិង្ហបុរី ហើយថា ពួកគេមិនដែលស្នើសុំការបង់ប្រាក់ ដើម្បីទទួលបានដុំមាសនោះឡើយ ហើយមន្ត្រីរដ្ឋាភិបាលក៏មិនដែលស្នើសុំប្រាក់ ឬព័ត៌មានធនាគារតាមរយៈការហៅទូរសព្ទ សារជាអក្សរ ឬអ៊ីមែលនោះដែរ៕
ដោយ៖ សុខ មង្គល