ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា សង្កេតឃើញថា សន្ទុះនៃកម្លាំងធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ កំពុងរីកធំទៅៗ ដោយប្រជាជនស្ទើរតែគ្រប់រូបបានបោះបង់មិនប្រើផលិតផលថៃ។ បើតាមអ្នកជំនាញរូបនេះ ការធ្វើពហិការនេះកំពុងផ្តល់ជាឱកាសមាសសម្រាប់ក្រុមហ៊ុន និងសហគ្រាសក្នុងស្រុកក្នុងការពង្រីកផលិតកម្មរបស់ខ្លួន។ ជាការកត់សម្គាល់របស់អ្នកជំនាញរូបនេះ សូម្បីចំនួនប្រជាពលរដ្ឋខ្មែរទៅលេងកម្សាន្ត និងព្យាបាលជំងឺនៅថៃ ក៏មានការធ្លាក់ចុះខ្លាំងផងដែរ ដែលបញ្ហានេះវាកំពុងដាក់សម្ពាធដល់សេដ្ឋកិច្ចថៃ។ យ៉ាងណាមិញអ្នកជំនាញរូបនេះស្នើឱ្យពលរដ្ឋបន្តបង្កើនការធ្វើពហិការលើទំនិញថៃ បន្ថែមទៀត ដើម្បីកាត់ផ្តាច់ប្រាក់ចំណូលរបស់ថៃ។
ជាមួយគ្នានេះ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច កត់សម្គាល់ឃើញថា ការធ្វើពហិការមិនប្រើប្រាស់ទំនិញថៃ ពីសំណាក់ពលរដ្ឋខ្មែរ ចាប់តាំងពីយោធាថៃ វាយចូលឈ្លានពានកម្ពុជា រហូតមកទល់ពេលនេះ ចង់ឬមិនចង់វានឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចថៃ ហើយការធ្វើពហិការនេះកំពុងផ្ដល់ផលប្រយោជន៍ដល់អ្នកផលិតក្នុងស្រុក។ បើតាមអ្នកជំនាញរូបនេះ ពលរដ្ឋកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្ដូរទីផ្សារ ហើយតាមរយៈការពហិការនេះ ក៏បានបង្ហាញថា ពលរដ្ឋកម្ពុជា កំពុងផ្ញើសារទៅកាន់ភាគីថៃ ដែលបានរំលោភបំពានលើកម្ពុជា ទាំងកម្រោលផងដែរ។ អ្នកជំនាញរូបនេះ បានជំរុញដល់ពលរដ្ឋគួរបន្តធ្វើពហិការផលិតផលថៃ ភ្ជាប់ជាមួយការគាំទ្រផលិតផលក្នុងស្រុក ដើម្បីលើកកម្ពស់គុណភាព និងសមត្ថភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចកម្ពុជា និងធ្វើពិពិធកម្មទីផ្សារ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។
ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រាប់ខេមបូណូមីសកាលពីកន្លងទៅថា ក្រោយថៃ បញ្ឆេះសង្គ្រាមឈ្លានពានមកលើកម្ពុជា បានជំរុញឱ្យវិស័យ SME នៅកម្ពុជា មានការរីកច្រើនគួរឱ្យកត់សម្គាល់ ដោយមានរោងចក្រសហគ្រាសក្នុងស្រុកជាច្រើនបានពង្រីកខ្សែច្រវាក់ផលិតកម្ម និងមួយចំនួនបានធ្វើពិពិធកម្មផលិតផលបន្ថែម ខណៈរោងចក្របង្កើតថ្មីក៏មានការកើនឡើងច្រើនផងដែរ។ ជាក់ស្ដែងនៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៥ កម្ពុជា ទទួលបានរោងចក្រឧស្សាហកម្មធុនធំចំនួន៥៦២រោងចក្រ និងរោងចក្រសហគ្រាសធុនតូច និងធម្យមចំនួន ១,០៩៩រោងចក្រ មានការកើនឡើងគួរឱ្យកត់សម្គាល់បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
អត្ថបទដោយ៖ ជា ម៉ារ៉ា