ផលិតផលថៃ

ពលរដ្ឋស្នើឱ្យស្ថាប័នមានសមត្ថកិច្ចរឹតបន្តឹងលើការនាំចូលទំនិញពីថៃ ក្រោយមានការបារម្ភពីការក្លែងបន្លំជាផលិតផលក្នុងស្រុក


ពលរដ្ឋស្នើស្ថាប័នមានសមត្ថកិច្ចរឹតបន្តឹងលើការនាំចូលទំនិញពីថៃ ក្រោយមានការបារម្ភពីការក្លែងបន្លំជាផលិតផលក្នុងស្រុក ហើយដាក់លក់នៅលើទីផ្សារកម្ពុជា។ ការស្នើឱ្យរឹតបន្តឹងនេះធ្វើឡើងក្រោយក្រុមហ៊ុនថៃមួយចំនួនបានផ្លាស់ប្ដូរយុទ្ធសាស្រ្តទីផ្សារ ដោយដាក់អក្សរខ្មែរលើការវេចខ្ចប់ផលិតផលរបស់ខ្លួន ចំពេលការលក់នៅទីផ្សារកម្ពុជា កំពុងធ្លាក់ចុះ។ តើក្រសួងស្ថាប័នពាក់ព័ន្ធគួរមានចំណាត់ការបែបណាលើបញ្ហានេះ?
ផលិតផលថៃ
ដោយ

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) យល់ឃើញថា ប្រសិនបើវិនិយោគិនថៃ មកវិនិយោគនៅកម្ពុជា ដោយមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះ​ការវេចខ្ចប់ម៉ាកផលិតផលជាអក្សរខ្មែរពុំមានអ្វីខុសឆ្គងនោះទេ ប៉ុន្តែប្រសិនបើមានការនាំចូលហើយបន្លំជាម៉ាកផលិតក្នុងស្រុកនោះជាករណីដែលត្រូវមានវិធានការ។ បើតាមឧកញ៉ា តែ តាំងប៉ មកដល់ពេលនេះ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា នៅតែបន្តលើកកម្ពស់វិស័យ SME ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់នៅលើទីផ្សារ និងបានតាមដានលើផលិតផលមួយចំនួន ដើម្បីបង្ការការក្លែងបន្លំ។

​ដោយឡែកលោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានហេតុការណ៍សង្គមកត់សម្គាល់ឃើញថា មកដល់ពេលនេះកម្ពុជា និងថៃ ពុំទាន់មានការហាមឃាត់ក្នុងការដោះដូរពាណិជ្ជកម្មទាំងស្រុងនៅឡើយទេ តែទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការធ្លាក់ចុះនៅមួយរយៈចុងក្រោយនេះ។ ជាមួយគ្នានេះ អ្នកជំនាញរូបនេះសង្កេតឃើញថា ពលរដ្ឋខ្មែរមួយចំនួននៅតែបន្តពហិការផលិតផលថៃ តែក៏មានឈ្មួញ និងអ្នកពាក់ព័ន្ធមួយចំនួននៅតែនាំចូលផលិតផលថៃដដែល ព្រោះគិតលើផលប្រយោជន៍ខ្លួនឯងជាងផលប្រយោជន៍ជាតិ។ បើតាមលោកបណ្ឌិត ឈត ប៊ុនថង ការប្រើប្រាស់ ឬមិនប្រើប្រាស់ផលិតផលណាមួយរបស់ប្រទេសជិតខាង គឺជាមនសិការរៀងៗខ្លួន តែអាជ្ញាធរគួរពិនិត្យលើផលិតផលនាំចូលឱ្យបានត្រឹមត្រូវ ដើម្បីបង្ការការក្លែងបន្លំ។

​ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់កាលពីពេលថ្មីៗថា នាពេលកន្លងមកក្រសួងពាណិជ្ជកម្ម បានចាត់វិធានការលើអ្នកពាក់ព័ន្ធ ដែលបានក្លែងបន្លំផលិតផលថៃ ធ្វើជាផលិតផលក្នុងស្រុក។ បើតាមការគូសបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់រូបនេះ ក្រសួងនឹងបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយក្នុងការប្រើប្រាស់បាកូដលើផលិតផលកម្ពុជា និងចាត់វិធានការលើការក្លែងបន្លំ តែសាធារណជនក៏ត្រូវដឹងពីតម្លៃរបស់ខ្លួនជាអ្នកប្រើប្រាស់ដោយចាំបាច់ត្រូវតែគាំទ្រផលិតផលកម្ពុជាជាជាងប្រើប្រាស់ទំនិញបរទេសដែលកំពុងបង្កអរិភាពមកលើកម្ពុជា។

​សូមបញ្ជាក់ថា ការធ្វើពហិការលើផលិតផលថៃ របស់ពលរដ្ឋខ្មែរ បានកើតឡើងគួរឱ្យកត់សម្គាល់ក្រោយពីយោធាថៃ ឈ្លានពានមកលើកម្ពុជា។ ជាក់ស្ដែងនៅក្នុងរយៈពេល១០ខែឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ សម្រេចបានជាង៣ពាន់២រយលានដុល្លារថយចុះ៩,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះកម្ពុជា នាំចេញទៅថៃ ក្នុងតម្លៃ ៦៣៥លានដុល្លារ ថយចុះ១១,៥% ស្របពេលថៃ នាំចូលកម្ពុជាវិញ មាន២ពាន់៥រយលានដុល្លារ ថយចុះ៨,៨%។ នេះបើតាមតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


តើកម្ពុជា គួរត្រៀមខ្លួន និងពង្រឹងចំណុចអ្វីខ្លះ ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងរដូវសម្បូរភ្ញៀវទេសចរ?

ស្របពេលសម្បូរភ្ញៀវទេសចរ ឬ High Season ចូលមកដល់ គេសង្កេតឃើញថា ភ្ញៀវទេសចរបរទេសមកកម្សាន្តនៅកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់នៅមួយរយៈចុ…

មីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនបោះជំហានចូលរួមប្រកួតប្រជែងក្នុងទីផ្សារទុរេនរបស់ចិន

ប្រធានសមាគមទុរេនមីយ៉ាន់ម៉ា បានអះអាងកាលពីពេលថ្មីៗថា ប្រទេសមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនបោះជំហានចូលក្នុងទីផ្សារទុរេនរបស់ចិន នៅឆ្នាំ២០២៦ ឬ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ