
លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ទោះបីសេដ្ឋកិច្ចកម្ពុជា ស្ថិតក្នុងភាពមិនប្រាកដប្រជា និងកំពុងមានជម្លោះព្រំដែនជាមួយថៃ យ៉ាងណាក្តី តែវាទំនងជាកមិនធ្វើឱ្យរាំងស្ទះដល់ការចំណាយរបស់ពលរដ្ឋក្នុងឱ្យកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះនោះទេ ហើយការចំណាយរបស់ពលរដ្ឋវាខុសៗគ្នាទៅតាមលទ្ធភាពជាក់ស្តែង។ បើតាមអ្នកជំនាញរូបនេះ ការចំណាយរបស់ពលរដ្ឋក្នុងរដូវបុណ្យភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃនេះ វាបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយគាំទ្រដំណើរការសេដ្ឋកិច្ច និងលើកកម្ពស់ផលិតកម្មក្នុងស្រុក។ តាមការប៉ាន់ស្មានរបស់អ្នកជំនាញរូបនេះ ពលរដ្ឋខ្មែរទូទាំងប្រទេសអាចនឹងចំណាយថវិកាសរុបប្រមាណជាង៣០០លានដុល្លារ ឬច្រើនជាងនេះនៅក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។
ជាមួយគ្នានេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏ពលរដ្ឋខ្មែរពុំដែលចោលទំនៀមទម្លាប់នៃការប្រារពពិធីបុណ្យប្រពៃណីនោះដែរ។ ជាក់ស្តែងនៅក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ លោកវាយតម្លៃថា ពលរដ្ឋមួយគ្រួសារអាចចំណាយថវិកាយ៉ាងតិច៥០ដុល្លារទៅលើការចាយវាយសម្រាប់រៀបចំចង្ហាន់ និងទិញទេយ្យទានប្រគេនព្រះសង្ឃនៅតាមបណ្ដាវត្តអារាមនានា ខណៈពលរដ្ឋមួយចំនួនក៏បានឆ្លៀតឱកាសដើរកម្សាន្តនៅតាមតំបន់ទេសចរណ៍នានា បន្ទាប់ពីចេញពីវត្តផងដែរ ដែលជាមធ្យមអាចចំណាយថវិកាប្រមាណ១៧០ដុល្លារក្នុងការដើរកម្សាន្តក្នុងពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ។
យ៉ាងណាមិញ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា ស្ថិតនៅក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន ពលរដ្ឋមួយចំនួនទំនងជាអាចកាត់បន្ថយការចំណាយខ្លះនៅក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ដ្បិតថា ពួកគេមួយចំនួននៅមិនទាន់មានប្រាក់ចំណូល ដោយសារទើបវិលប្រឡប់មកពីប្រទេសថៃ។ តែយ៉ាងណាអ្នកជំនាញរូបនេះលើកឡើងថា ការចំណាយទាំងនោះ ទោះតិចក្តីច្រើនក្តី វាជាចលករសំខាន់ក្នុងដំណើរការសេដ្ឋកិច្ច។
គួរជម្រាបថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ ប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី៨ ខែកញ្ញា ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥។ មន្ត្រីរាជការ បុគ្គលិក និងកម្មករនិយោជិតត្រូវបានអនុញ្ញាតឱ្យឈប់សម្រាករយៈពេល៣ថ្ងៃ នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ៕