ឆបោកតាមអនឡាញ

កម្ពុជា ប្រាប់អាម៉េរិកពីការខិតខំបោសសម្អាតការឆបោកតាមអនឡាញ និងស្នើឱ្យវិនិយោគិនអាម៉េរិកពិភាក្សាត្រង់ទៅត្រង់មក ដើម្បីទម្លុះការរាំងស្ទះ


ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានអះអាងនៅចំពោះមុខភារធារីស្តីទី នៃស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំនៅកម្ពុជាថា កម្ពុជា ប្តេជ្ញាចិត្តខ្ពស់ចំពោះការពង្រឹង និងពង្រីកមិត្តភាពជាមួយសហរដ្ឋអាម៉េរិក ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក អធិបតេយ្យភាព និងផលប្រយោជន៍ជាតិ ជាពិសេសការយកចិត្តទុកដាក់លើការការពារស្ថិរភាព សន្តិសុខ និងភាពធន់ផ្នែកសេដ្ឋកិច្ចរយៈពេលវែង។
ឆបោកតាមអនឡាញ
ដោយ

ឯកឧត្តមជឿជាក់ថា តាមរយៈទំនាក់ទំនងដោយស្មោះត្រង់ និងការប្តេជ្ញាចិត្តរួមគ្នា ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិកនឹងបន្តរីកចម្រើនសម្រាប់ជាផលប្រយោជន៍ដល់ប្រជាជន និងប្រទេសទាំងពីរ។

នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Bridgette Walker ភារធារីស្តីទី នៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការធ្វើពិពិធកម្មសេដ្ឋកិច្ច គឺជាផ្នែកមួយ នៃការកសាងភាពធន់របស់ប្រទេស ហើយកម្ពុជាចង់បានការវិនិយោគរបស់អាម៉េរិក ដែលមានគុណភាព និងមានតម្លៃបន្ថែមខ្ពស់ក្នុងការជំរុញវិស័យឧស្សាហកម្ម និងផលិតកម្ម ជាពិសេសជំរុញការចូលរួមរបស់ឧស្សាហកម្មកម្ពុជា ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល។ ជាមួយគ្នានេះ ឯកឧត្តម បានលើកទឹកចិត្តឱ្យអាម៉េរិកពិភាក្សាត្រង់ទៅត្រង់មកជាមួយកម្ពុជា ដើម្បីស្វែងយល់អំពីតម្រូវការ និងឧបសគ្គរាំងស្ទះនានាពាក់ព័ន្ធបទប្បញ្ញត្តិ បរិយាកាសធុរកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងជំនាញកម្លាំងពលកម្ម។

ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានប្រាប់ភាគីអាម៉េរិក ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំយ៉ាងខ្លាំងក្លាក្នុងការបង្ក្រាបសកម្មភាពបោកប្រាស់តាមប្រព័ន្ធអនឡាញ ព្រោះបញ្ហានេះមិនមានប្រយោជន៍ដល់សេដ្ឋកិច្ចជាតិឡើយ ហើយថែមទាំងបង្កផលប៉ះពាល់អវិជ្ជមានជាច្រើនដល់ការវិនិយោគរបស់បរទេស ទេសចរអន្តរជាតិ និងជាពិសេសធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ប្រទេស។ ឯកឧត្តមបានសង្កត់ធ្ងន់ថា បញ្ហាការឆបោកតាមប្រព័ន្ធអនឡាញមិនមែនជាបញ្ហារបស់កម្ពុជា តែឯងនោះទេ ប៉ុន្តែគឺជាបញ្ហារួមរបស់តំបន់ និងសកលលោក។

ជាការឆ្លើយតប លោកស្រី Bridgette Walker បានគូសបញ្ជាក់ថា ទោះបីកម្ពុជា បានជួបប្រទះបញ្ហាប្រឈមជាច្រើន ដូចជាជម្លោះព្រំដែននាពេលថ្មីៗនេះ តែសហរដ្ឋអាម៉េរិក ចង់ឃើញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរបន្តរីកចម្រើនទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ និងភាពជាដៃគូក្នុងកិច្ចពិភាក្សាអំពីបញ្ហាតំបន់។ លោកស្រីរំពឹងថា កិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនកម្ពុជា-សហរដ្ឋអាម៉េរិក លើកទី៤ ដែលនឹងប្រព្រឹត្តនាពេលដ៏ខ្លីខាងមុខ នឹងជួយជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសជួយបង្កើតឱ្យមានបរិយាកាសធុរកិច្ចដ៏ប្រសើរ និងការប្រកួតប្រជែងដោយស្មើភាពគ្នា ដែលនឹងទាក់ទាញវិនិយោគិនអាម៉េរិកបន្ថែមទៀត។ លោកស្រីរំពឹងផងដែរថា ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងការពង្រឹងទំនាក់ទំនងក្នុងវិស័យយោធា ការទូត សង្គមកិច្ច ពាណិជកម្ម និងសន្តិសុខ៕




អត្ថបទបន្ទាប់


អ្នកជំនាញយល់ថា រដ្ឋាភិបាលគួរបញ្ចេញថវិកាប្រមូលទិញកសិផលពីកសិករ ដើម្បីពង្រឹងសន្តិសុខស្បៀង ស្របពេលភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ារាលដាលកាន់តែខ្លាំង

ស្របពេលដែលមហាអំណាចនុយក្លេអ៊ែ ដូចជា ចក្រភពអង់គ្លេស និងបារាំង ចាប់ផ្ដើមបញ្ជូននាវាចម្បាំង និងខែលការពារដែនអាកាសទៅកាន់តំបន់មជ្ឈិមបូព៌ា បន្…

តើសង្រ្គាមនៅមជ្ឈិមបូព៌ាអាចគំរាមកំហែងដល់ការស្រូបទាញការវិនិយោគផ្ទាល់ពីបរទេសរបស់កម្ពុជាដែរទេ?

ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងដុតកម្ដៅសេដ្ឋកិច្ចសកលឱ្យហក់ឡើងខ្លាំង និងធ្វើឱ្យទំនុកចិត្តវិនិយោគិនរង្គោះរង្គើ ខណៈពិភពលោកកំពុងបារម្ភពីការបាត់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ