របាយការណ៍មួយ ដែលបានចេញផ្សាយដោយក្រុមវិនិយោគិនអាស៊ី ស្តីពី ការប្រែប្រួលអាកាសធាតុ និងក្រុមហ៊ុនស្រាវជ្រាវ MSCI បានបង្ហាញថា ការខកខានក្នុងការសម្របខ្លួនទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ និងគ្រោះមហន្តរាយផ្សេងៗ នឹងធ្វើឱ្យក្រុមហ៊ុននានានៅអាស៊ីប្រឈមនឹងការបង្កើនថ្លៃដើមប្រតិបត្តិការ និងខាតបង់ប្រាក់ចំណូល។ របាយការណ៍នេះបានព្រមានថា ប្រសិនបើមិនមានការគិតគូរ និងប៉ាន់ប្រមាណ ហើយរៀបចំយុទ្ធសាស្ត្រអាជីវកម្មឱ្យបានត្រឹមត្រូវទេ នោះក្រុមហ៊ុនទាំងនោះនឹងប្រឈមមុខនឹងការខាតបង់នៅក្នុងតម្លៃមួយដ៏ខ្ពស់។
របាយការណ៍ខាងលើបានវាយតម្លៃថា នៅឆ្នាំក្រោយប្រសិនបើក្រុមហ៊ុននានាមិនមានវិធានការឆ្លើយតបត្រឹមត្រូវទេ នោះពួកគេអាចនឹងប្រឈមមុខនឹងការខាតបង់ប្រមាណ ៦,៣ពាន់លានដុល្លារ ដោយសារគ្រោះមហន្តរាយនានា ដែលកើតឡើងដោយសារបម្រែបម្រួលអាកាសធាតុ។ ហើយក្នុងករណីក្រុមហ៊ុននានានៅតែបន្តធ្វេសប្រហែស និងមើលស្រាលពីផលប៉ះពាល់ដោយសារបម្រែបម្រួលអាកាសធាតុ នោះផលប៉ះពាល់អាចនឹងកើនឡើងជាលំដាប់ឈានដល់ជាង ៨ពាន់លានដុល្លារនៅឆ្នាំ២០៥០។
របាយការណ៍ខាងលើត្រូវបានរៀបចំឡើងដោយផ្អែកលើការសិក្សាលើក្រុមហ៊ុនធំៗចំនូន ១១ ដែលមានមូលដ្ឋាននៅក្នុងប្រទេសធំៗចំនួន ៧ នៅអាស៊ី រួមមាន ចិន ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី និងកូរ៉េខាងត្បូង។ គ្រោះធម្មជាតិ ដែលគំរាមកំហែងខ្លាំងបំផុតនោះរួមមានការកើនឡើងកម្តៅ និងគ្រោះទឹកជំនន់ជាដើម៕
ដោយៈ សរ សុជាតិ