
ក្រុមហ៊ុនធានារ៉ាប់រងធំៗមួយចំនួនបានលើកឡើងថា បម្រែបម្រួលអាកាសធាតុអាចនឹងធ្វើឲ្យតំបន់មួយចំនួននៅលើពិភពលោកមិនអាចផ្តល់ការធានារ៉ាប់រងបានតទៅទៀតនោះទេ ពីព្រោះទំហំនៃផលប៉ះពាល់ និងហ្រ្វេកង់នៃការគំរាមកំហែងដោយគ្រោះមហន្តរាយមានកាន់តែញឹកញាប់។
លោក ហ្គានស័រ ថាលីងហ្គ័រ (Günther Thallinger) អ្នកគ្រប់គ្រងក្រុមហ៊ុនសេវាកម្មធានារ៉ាប់រងអាល្លឺម៉ង់ ដែលមានឈ្មោះថា Allianz បានព្រមានថា គ្រោះមហន្តរាយ ដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុនៅលើពិភពលោកកំពុងឈានទៅរកកម្រិត ដែលវិស័យធានារ៉ាប់រងមិនអាចផ្ដល់ការការពារ និងសំណងជាហិរញ្ញវត្ថុ ឬជាការវិនិយោគបានតទៅទៀតនោះទេនៅតំបន់មួយចំនួន។ លោកបានលើកឡើងថា នៅពេលអនាគតប្រសិនបើក្រុមហ៊ុនធានារ៉ាប់រងនៅតែបន្តផ្តល់សេវាកម្មទាំងនោះ បម្រែបម្រួលអាកាសធាតុ និងគ្រោះធម្មជាតិអាចនឹងបំផ្លាញមូលធនរបស់ក្រុមហ៊ុនធានារ៉ាបរងតែម្តង។
តាមការពន្យល់របស់អ្នកជំនាញរូបនេះបានឱ្យដឹងថា នៅពេលបច្ចុប្បន្នក្រុមហ៊ុនធានារ៉ាប់រងនៅអាចធានាបាន ប៉ុន្តែនៅថ្ងៃអនាគត ប្រសិនបើទំហំ និងបរិមាណនៃគ្រោះមហន្តរាយកាន់តែធំ នោះក្រុមហ៊ុនធានារ៉ាប់រងពិតជាមិនអាចទទួលខុសត្រូវបានទេ៕
ដោយៈ សរ សុជាតិ