វិស័យទេសចរណ៍

ខេត្តជាប់មាត់សមុទ្ររំពឹងស្រូបទាញភ្ញៀវទេសចរបានច្រើនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ


រៀងរាល់ពេលមានពិធីបុណ្យទានម្ដងៗ ពលរដ្ឋខ្មែរតែងតែឆ្លៀតធ្វើដំណើរកម្សាន្តជួបជុំជាមួយសាច់ញាតិទៅកាន់តំបន់ទេសចរណ៍នានា។ ដើម្បីទាក់ទាញអ្នកទេសចរឱ្យទៅលេងកម្សាន្ត អាជ្ញាធរខេត្តជាប់មាត់សមុទ្រចំនួន៣ រួមមាន ខេត្តកែប កំពត និងខេត្តព្រះសីហនុ បានរៀបចំតុបតែងលម្អតាមដងផ្លូវ និងទីសាធារណៈផ្សេងៗ ក៏ដូចជាត្រៀមរៀបចំកម្មវិធីកម្សាន្តនានា ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
វិស័យទេសចរណ៍
ដោយ

លោក ប៉ុក ទាំង ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានឱ្យដឹងថា អាជ្ញាធរបានត្រៀមខ្លួនរួចរាល់ និងបានចុះផ្សព្វផ្សាយពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីឱ្យអ្នកទេសចរមកលេងកម្សាន្តនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះទទួលបានភាពសប្បាយរីករាយ។ ជាមួយគ្នានេះ ប្រធានមន្ទីរទេសចរណ៍ខេត្តកែប រំពឹងថា នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ខេត្តកែបនឹងទទួលបានអ្នកទេសចរមកលេងកម្សាន្តច្រើន ខណៈមកដល់ពេលនេះ ខេត្តដែលមានសក្ដានុពលទេសចរណ៍មួយនេះមានទំបន់អភិវឌ្ឍន៍ជាច្រើន។

​ជាមួយគ្នានេះ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានគូសបញ្ជាក់ថា ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរចូលមកកម្សាន្តនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ អាជ្ញាធរ​ខេត្ត បានចុះណែនាំដល់អាជីវករ និងប្រតិបត្តិករទេសចរនានា ឱ្យរក្សាសេវាកម្មប្រកបដោយគុណភាព និងតម្លៃសមរម្យ។ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត រូបនេះ រំពឹងថា ខេត្តកំពតនឹងទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តច្រើនដូចបណ្ដាឆ្នាំមុនៗផងដែរ។ ការរំពឹងបែបនេះ ក៏ដោយសារតែលោកយល់ឃើញថា បច្ចុប្បន្ននៅក្នុងខេត្តកំពត ​មានសេវាទេសចរណ៍ច្រើនកន្លែងប្លែកៗពីគ្នា ស្របពេលហេដ្ឋារចនាសម្ព័ន្ធនានា ក៏មានភាពប្រសើរជាងមុន។

​ស្រដៀងគ្នានេះ លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា អាជ្ញាធរបានយកចិត្តទុកដាក់ក្នុងការរៀបចំសន្តិសុខ សុវត្ថិភាព និងបានផ្សព្វផ្សាយឱ្យប្រតិបត្តិករទេសចរណ៍ពង្រឹងគុណភាពក្នុងការផ្តល់សេវាកម្ម និងការបដិសណ្ឋារកិច្ច ព្រមទាំងមានរៀបចំព្រឹត្តិការណ៍ទេសចរណ៍មួយចំនួនទៀត ដើម្បីស្វាគមន៍អ្នកទេសចរដែលទៅលេងកម្សាន្តនៅក្នុងខេត្តជាប់មាត់ឆ្នេរសមុទ្រមួយនេះ។ លោកសង្ឃឹមថា នៅឆ្នាំនេះ ខេត្តព្រះសីហនុនឹងទទួលបានកំណើនភ្ញៀវទេសចរចូលទៅលេងកម្សាន្តច្រើនជាងឆ្នាំមុនៗ។

​សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះប្រារព្ធឡើងចាប់ពីថ្ងៃទី៨ ខែកញ្ញា ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥។ នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ មន្ត្រីរាជការ បុគ្គលិក និងកម្មករ និយោជិតត្រូវបានអនុញ្ញាតឱ្យឈប់សម្រាករយៈពេល៣ថ្ងៃ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ផ្លូវរថភ្លើងល្បឿនលឿនដែលតភ្ជាប់រវាងចិន ឡាវ ថៃ និងម៉ាឡេស៊ីនឹងដាក់ឱ្យដំណើរការឆាប់ៗនេះ

ផ្លូវល្បឿនលឿនអាស៊ាន ដែលជាសេវាកម្មដឹកជញ្ជូនទំនិញឆ្លងដែនតាមរថភ្លើងល្បឿនលឿនតភ្ជាប់រវាងប្រទេសចិន ឡាវ ថៃ និងម៉ាឡេស៊ីនឹងចាប់ផ្ដើមបម្រើសេវាកម្ម…

មិត្តហ្វូនដាំដើមឈើ១០០០ដើមនៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគតប្រកបដោយចីរភាព

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនមិត្តហ្វូនបានរៀបចំគំនិតផ្តួចផ្តើមដ៏មានអត្ថន័យមួយ ដើម្បីដាំដើមឈើចំនួន ១០០០ ដើមនៅតំបន់ប្រាសាទអង្គរ ខេត្តសៀមរាប។…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ