កម្មវិធី “ដើរផ្សារមិនអស់លុយ” របស់កូកា-កូឡា គឺជាគំនិតផ្តួចផ្តើមជួយសហគមន៍ ដែលផ្តល់ឱកាសដល់ក្រុមគ្រួសារខ្វះខាត អាចជ្រើសរើសទិញអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ តាមតម្រូវការជាក់ស្តែងរបស់ពួកគាត់។ តាមរយៈកម្មវិធីនេះ គ្រួសារនីមួយៗទទួលបានបណ្ណទឹកប្រាក់ ៥០ ដុល្លារ ដើម្បីដើរទិញទំនិញក្នុងស្តង់ដែលបានរៀបចំទុកដោយមិនអស់ប្រាក់ សំដៅជួយសម្រាលការលំបាក និងត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឱ្យកាន់តែមានភាពពេញលេញ និងរីករាយ។
ជោគជ័យនៃកម្មវិធីនេះ គឺកើតចេញពីការរួមចំណែករបស់អតិថិជនកូកា-កូឡាទាំងអស់គ្នា! កាលពីខែកុម្ភៈ កន្លងទៅ រាល់ការទិញកូកា-កូឡា ១ កេស គឺស្មើនឹងការបរិច្ចាគ ៥០០ រៀល ទៅក្នុងមូលនិធិសហគមន៍។ តាមរយៈការលក់បានសរុបចំនួន ៩២០,០០០ កេស ក្រុមហ៊ុនទទួលបានថវិកាប្រមាណ ៤៦០ លានរៀល (ស្មើនឹង ១១៥,០០០ដុល្លារ) ដើម្បីយកមកបង្កើតកម្មវិធី «ដើរផ្សារមិនអស់លុយ» ជូនបងប្អូនដែលជួបការលំបាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។
ដោយមានការសហការជាមួយក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត និងអាជ្ញាធរមូលដ្ឋាន កម្មវិធី “ដើរផ្សារមិនអស់លុយ” នៅឆ្នាំនេះ បានរីកកាន់តែធំជាងមុន។ បន្ទាប់ពីជោគជ័យក្នុងការជួយដល់ ១,៨០០ គ្រួសារ កាលពីបុណ្យភ្ជុំបិណ្ឌឆ្នាំទៅ យើងបានបង្កើនការជួយដល់ទៅ ២,៣០០ គ្រួសារ នៅឆ្នាំនេះ ដើម្បីឱ្យពួកគាត់អាចជ្រើសរើសទិញម្ហូបអាហារ និងរបស់ចាំបាច់តាមតម្រូវការក្នុងគ្រួសាររៀងៗខ្លួន។
ក្នុងស្មារតីនៃការធ្វើបុណ្យទានបែបប្រពៃណីខ្មែរ ក្រុមហ៊ុនកូកា-កូឡា បរិច្ចាគ ជាបណ្ណមានទឹកប្រាក់ ២០០,០០០ រៀល ឬ៥០ ដុល្លារ ដល់គ្រួសារខាងលើ ដើម្បីដើរទិញពីផ្សារដែលរៀបចំទុក សម្រាប់ អបអរសាទរបុណ្យចូលឆ្នាំខ្មែរដោយរីករាយ។
លោក Paulo Gaspar Rodrigues អគ្គនាយកក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី មានប្រសាសន៍ថា៖ «អស់រយៈពេល ៣៣ ឆ្នាំមកហើយ ដែល កូកា-កូឡា ផលិតផលិតផលលក់នៅប្រទេសកម្ពុជាផ្ទាល់ ផលិតដោយដៃខ្មែរ សម្រាប់ប្រជាជនខ្មែរ។ កូកា-កូឡាតែងតែមានលើតុ ឬក្នុងដៃ មិនថាពេលយើងធ្វើការ ពេលយើងសម្រាក ឬពេលបុណ្យទានផ្សេងៗនៅក្នុងប្រទេសកម្ពុជាយើង។ កម្មវិធី «ដើរផ្សារមិនអស់លុយ» គឺជាកម្មវិធីមួយបង្ហាញពីការតបស្នងដល់សហគមន៍ខ្មែរវិញដោយជួយគ្រួសារជួបការលំបាក ដើម្បីឱ្យពួកគាត់អាចចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបានទាំងអស់គ្នាដោយភាពកក់ក្តៅ។»
លោក Charlie Bettencourt នាយកប្រតិបត្តិនៃក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត បានមានប្រសាសន៍ថា៖ «យើងពិតជាមានមោទនភាពណាស់ក្នុងការសហការជាមួយក្រុមហ៊ុនកូកា-កូឡារៀបចំកម្មវិធីនេះឡើង ហើយនេះជាកម្មវិធីមួយដ៏លេចធ្លោ ព្រោះវាជួយបំពេញតម្រូវការចាំបាច់របស់គ្រួសារនីមួយៗ។ យើងសូមកោតសរសើរចំពោះការនាំមុខរបស់ក្រុមហ៊ុនកូកា-កូឡា ក្នុងការបង្កើតកម្មវិធីបែបនេះឡើង ហើយវាពិតជាស៊ីគ្នានឹងជំនាញលក់រាយរបស់ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត ក្នុងការចូលរួមជួយលើកិច្ចការងារនេះដែរ»។
ឯកឧត្តម ស្រេង ហុង អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា៖ «កម្មវិធី ដើរផ្សារមិនអស់លុយរបស់ក្រុមហ៊ុន កូកា-កូឡា ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ដើម្បីជួយសម្រាលជីវភាពមួយចំណែក ដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែនដែលកំពុងប្រឈមនឹងការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ។ កម្មវិធីនេះបានផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការដើរផ្សារ និងជ្រើសរើសទំនិញតាមតម្រូវការ ដោយមិនចំណាយថវិកាផ្ទាល់ខ្លួន ។ ខ្ញុំសូមសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវើរេដ ខមប៉ានី ព្រមទាំងសហការីទាំងអស់ដែលបានគាំទ្រដល់ប្រជាពលរដ្ឋក្នុងឃុំភ្នំព្រឹក និងបាអង្គធំ»។
ឯកឧត្តម ឃ្លោក នួយ អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនភេសជ្ជៈកូកា-កូឡា កម្ពុជា និងដៃគូទាំងអស់ ចំពោះការជួយឧបត្ថម្ភដល់ប្រជាជនខេត្តបន្ទាយមានជ័យក្នុងអំឡុងពេលដ៏លំបាកនេះ។ ការផ្តល់បណ្ណមានទឹកប្រាក់ ២០០,០០០ រៀលតាមរយៈកម្មវិធីដើរផ្សារមិនអស់ប្រាក់នេះ គ្រួសារនីមួយៗក្នុងសហគមន៍របស់យើងបានទិញទំនិញសំខាន់ៗដែលពួកគាត់ត្រូវការ និងបានត្រៀមខ្លួនសម្រាប់រៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះដោយក្តីរីករាយ។ យើងសង្ឃឹមថាក្រុមហ៊ុនជាច្រើនទៀត នឹងធ្វើតាមគំរូដូចក្រុមហ៊ុនកូកា-កូឡា ហើយបន្តធ្វើការជាមួយអាជ្ញាធរ ដើម្បីជួយគាំទ្រដល់ប្រជាជនក្នុងសហគមន៍របស់យើងជាបន្តបន្ទាប់ទៀត»។
លោក ស្លា ម៉ាត់ ជាអ្នកទទួលផលពីកម្មវិធីនេះនៅខេត្តបាត់ដំបង បានមានប្រសាសន៍ថា៖ «ខ្ញុំអរណាស់បានខាងកូកាមកជួយ ។ ដើរផ្សារចឹងទៅប្លែកមែន។ ខ្ញុំអរគុណខាងកូកាដែលបានរៀបចំកម្មវិធីចឹងៗ»។
លោកយាយ អ៊ុច ភាព ជាអ្នកទទួលផលពីកម្មវិធីនេះនៅខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា៖ «សប្បាយចិត្តផង អរផង ព្រោះមិនដែលមាន។ មិញបានកូកាត្រជាក់ៗទៀត។ របស់ដែលទិញបានថ្ងៃនេះ ខ្ញុំអាចប្រើបានកៀក ១ ខែដែរ»។
តាមរយៈកម្មវិធីនេះ ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី បានបង្ហាញឱ្យឃើញថា ទង្វើតិចតួចដែលយើងធ្វើរាល់ថ្ងៃ ក៏អាចរួមចំណែកផ្តល់ផលវិជ្ជមានដល់សង្គមយើងបានដែរ។ ជាក់ស្តែង កម្មវិធី «ដើរផ្សារមិនអស់លុយ» ដែលបានពីការគាំទ្ររបស់អតិថិជនកូកា-កូឡានេះ មិនត្រឹមតែបានជួយជាស្បៀងអាហារ និងសម្ភារៈចាំបាច់ប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតបរិយាកាសកក់ក្តៅក្នុងសហគមន៍ ដោយមានការគិតគូរយកចិត្តទុកដាក់ខ្ពស់ និងការចែករំលែកភាពសប្បាយរីករាយរួមគ្នាផងដែរ។