
ទន្ទឹមនឹងនេះ កសិករ និងអ្នកលក់កាហ្វ ស្នើប្រជាពលរដ្ឋកម្ពុជាជួយគាំទ្រកាហ្វេក្នុងស្រុក ដើម្បីជួយលើកកម្ពស់ជីវភាពពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។ ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការប្រើប្រាស់ មន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី កំពុងរៀបចំផែនការពង្រីកផ្ទៃដីដាំដុះដំណាំកាហ្វេនៅលើផ្ទៃដីដែលមានសក្ដានុពលដល់កសិករបន្ថែមទៀត។
លោក ង៉ូច ស្មេន ប្រធានគម្រោងសមាគមមិត្តភាពជនជាតិដើមភាគតិចកម្ពុជា ហៅកាត់ CIFA និងជាអ្នកដាំកាហ្វេម្នាក់នៅខេត្តមណ្ឌលគិរី បានលើកឡើងថា បច្ចុប្បន្នប្រជាពលរដ្ឋនិយមទទួលទានកាហ្វេក្នុងស្រុកមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលជាហេតុជំរុញឱ្យកសិករមួយបាននាំគ្នាពង្រីកការដាំដុះដំណាំកាហ្វេ ដើម្បីឆ្លើយតបនឹងតម្រូវការ។ បើតាមការអះអាងរបស់កសិកររូបនេះ បច្ចុប្បន្នគ្រាប់កាហ្វេស្រស់អាចលក់បានក្នុងតម្លៃជាង៤ពាន់រៀលក្នុង១គីឡូក្រាម ខណៈកាហ្វេស្ងួតអាចលក់បានចន្លោះចាប់ពី៨ពាន់ដល់១ម៉ឺនរៀលឡើងទៅ ហើយសម្រាប់កាហ្វេកិនអាចលក់បានចន្លោះ១ម៉ឺន៥ពាន់ ដល់ជាង២ម៉ឺនរៀលអាស្រ័យលើសាច់នៃគ្រាប់កាហ្វេ។ បើតាមអ្នកជំនាញរូបនេះ ទោះបីកសិករពង្រីកការដាំកាហ្វេយ៉ាងណាក្ដី ក៏នៅមិនទាន់អាចកាត់បន្ថយការនាំចូលកាហ្វេពីក្រៅស្រុកនោះដែរ ក៏ព្រោះតែផ្ទៃដីដែលអាចផលិតកាហ្វេបានក្នុងស្រុកមានចំនួនតិច។
ជាមួយគ្នានេះ អ្នកស្រី ទឹម ទិត្យានី ម្ចាស់អាជីវកម្មកាហ្វេធម្មជាតិមណ្ឌលគិរី និងជាអ្នកប្រមូលទិញកាហ្វេពីកសិករបានលើកឡើងថា នៅឆ្នាំនេះ ការបញ្ជាទិញកាហ្វេរបស់អតិថិជនមានការកើនឡើងខ្ពស់ជាងឆ្នាំមុន ហើយតម្លៃកាហ្វេរស់ជាតិស្រាលលក់បាន២ម៉ឺនរៀលក្នុងមួយគីឡូក្រាម និងកាហ្វេរស់ជាតិចាស់លក់បាន២ម៉ឺន៤ពាន់រៀល ហើយសម្រាប់កាហ្វេគ្រាប់ម៉ាស៊ីនលក់បាន៦ម៉ឺនរៀលក្នុងមួយគីឡូក្រាមឯណោះ។ ស្របពេលចំនួនប្រជាពលរដ្ឋនិយមទទួលទានកាហ្វេកើនឡើង បានជួយឱ្យអាជីវកម្មកាហ្វេរបស់អ្នកស្រី អាចលក់បានជាង១០០គីឡូក្រាមក្នុង១ថ្ងៃ ដោយសារកាហ្វេផលិតក្នុងមានសុវត្ថិភាព និងមិនធ្វើឱ្យប៉ះពាល់ដល់សុខភាព។
ដោយឡែក លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរីបានប្រាប់សារព័ត៌មានខេមបូណូមីសថា នៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋបានគាំទ្រកាហ្វេធម្មជាតិ ដាំដោយកសិករនៅក្នុងខេត្តរបស់លោកមានចំនួនច្រើន ដោយមកទល់ពេលនេះកសិករអ្នកដាំកាហ្វេមានផ្ទៃដីប្រមាណជាង៥០០ហិកតា នៃផ្ទៃដីសរុប។ បើតាមប្រធានមន្ទីរកសិកម្មរូបនេះ បច្ចុប្បន្នលោកកំពុងរៀបចំផែនការពង្រីកផ្ទៃដីដាំដុះ និងចុះបណ្ដុះបណ្ដាលពីបច្ចេកទេសដាំកាហ្វេដល់កសិករ ក៏ដូចជាជួយសម្របសម្រួលឱ្យមានកិច្ចសន្យាលក់ទិញច្បាស់លាស់រវាងក្រុមហ៊ុនទិញ និងអ្នកលក់ ដើម្បីធានាឱ្យទីផ្សារនៃតម្លៃកាហ្វេនៅខេត្តរបស់លោកមានស្ថិរភាព។
យ៉ាងណាមិញ កសិករអ្នកដាំកាហ្វេក្នុងខេត្តមណ្ឌលគិរី សំណូមពរដល់ភាគីពាក់ព័ន្ធជួយផ្គត់ផ្គង់កម្ចីជាថវិការ ដើម្បីអាចឱ្យពួកគេមានដើមទន់គ្រប់គ្រាន់ក្នុងការពង្រីកផលិកម្មដំណាំកាហ្វេ ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការ។ ទន្ទឹមនឹងនេះ ពួកគេ ក៏បានសំណូមពរដល់រដ្ឋាភិបាលឱ្យជួយអភិវឌ្ឍន៍ប្រព័ន្ធទឹកបន្ថែមទៀត ដែលអាចប្រើប្រាស់ដល់រដូវប្រាំងផងដែរ៕
អត្ថបទ៖ ជា ម៉ារ៉ា