
ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា មកដល់ពេលនេះ ការផ្គត់ផ្គង់បន្លែ ផ្លែឈើ និងទំនិញមួយចំនួនទៀតនៅលើទីផ្សារកម្ពុជា មិនមានបញ្ហាប្រឈមណាមួយកើតឡើងនោះឡើយ ហើយតម្លៃក៏មិនមានការប្រែប្រួលអវិជ្ជមានគួរឱ្យកត់សម្គាល់នោះដែរ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ បច្ចុប្បន្នទំនិញប្រើប្រាស់នៅកម្ពុជា ភាគច្រើនត្រូវបានជំនួសដោយផលិតផលក្នុងស្រុក និងមួយចំនួនទៀតត្រូវបាននាំចូលពីប្រទេសផ្សេងក្រៅពីប្រទេសថៃ។ ទន្ទឹមនេះ ក្រសួងពាណិជ្ជកម្ម បានសម្របសម្រួលជាមួយផ្សារទំនើប និងជួយដឹកជញ្ជូនទៅកាន់តំបន់នានា ដើម្បីយកទិន្នផលកសិកម្មមកលក់ និងបំផុសចលនាគាំទ្រផលិតផលក្នុងស្រុក ដើម្បីជួយដល់អ្នកផលិត និងកសិករខ្មែរផងដែរ។
ជាមួយគ្នានេះ លោក គឹម ចាន់បញ្ញា នាំពាក្យរដ្ឋបាលខេត្តព្រះវិហារ បានឱ្យដឹងថា មកទល់ពេលនេះទំនិញទូទៅនៅក្នុងខេត្តជាប់ព្រំដែនថៃ មួយនេះ មិនមានការឡើងថ្លៃនោះទេ ដ្បិតទំនិញ និងបន្លែផ្លែឈើដាក់លក់នៅលើទីផ្សារត្រូវបានផលិត និងដាំដុះដោយប្រជាពលរដ្ឋនៅក្នុងខេត្តនេះផ្ទាល់។
ដោយឡែក លោក មុំ ម៉ាលីកា ប្រធានមន្ទីរព័ត៌មាន និងជាអ្នកនាំពាក្យខេត្តកោះកុង បានអះអាងថា តម្លៃទំនិញនៅលើទីផ្សារក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ នៅរក្សាបានស្ថិរភាពល្អប្រសើរ ពោលគឺមិនមានការឡើងថ្លៃនោះទេ ទោះបីមានការបិទការនាំចូលទំនិញពីប្រទេសថៃក៏ដោយ។
សូមបញ្ជាក់ថា ភាពតានតឹងរវាងកម្ពុជា និងថៃ បានឈានដល់ការបិទច្រកទ្វារព្រំដែនគោកទាំងអស់ដោយឯកតោភាគីពីភាគីថៃ ដែលធ្វើឱ្យការនាំចេញនាំចូលទំនិញរវាងប្រទេសទាំងពីរត្រូវបានជាប់គាំងទាំងស្រុង។ ទោះបីមានការបិទការនាំចូលទំនិញពីថៃ ទាំងស្រុងក៏ដោយ តែវាមិនមែនជាបញ្ហាចោទសម្រាប់កម្ពុជា នោះទេ ពោលគឺកម្ពុជា អាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុកតាមរយៈការបង្កើនការផលិតក្នុងស្រុក និងនាំចូលពីប្រទេសផ្សេងក្រៅពីប្រទេសថៃ។ លើសពីនេះ វាជាឱកាសសម្រាប់វិស័យសហគ្រាសធុនតូច និងមធ្យមក្នុងស្រុកក្នុងការបង្កើនផលិតកម្មរបស់ខ្លួនផងដែរ៕
អត្ថបទ៖ បូ ដូឡា