សមាជិកជាន់ខ្ពស់ នៃគណបក្សកុម្មុយនីស្តវៀតណាមបានជួបជុំគ្នានៅថ្ងៃទី ១៩ ខែមករា ក្រោមការការពារសន្តិសុខយ៉ាងតឹងរ៉ឹង សម្រាប់សមាជលើកទី១៤ ដើម្បីជ្រើសរើសមេដឹកនាំកំពូលរបស់ប្រទេស និងកំណត់គោលដៅសេដ្ឋកិច្ចសម្រាប់រយៈពេល៥ឆ្នាំខាងមុខ។ ក្រុមអ្នកវិភាគបានលើកឡើងថា ការជួបប្រជុំ រយៈពេលមួយសប្តាហ៍នេះអាចជាកិច្ចប្រជុំ ដែលរៀបចំឡើងដើម្បីពង្រឹងអំណាច និងឥទ្ធិពលសរបស់លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ដែលបានជំរុញយ៉ាងខ្លាំងក្លានូវការធ្វើកំណែទម្រង់រដ្ឋបាលផ្ទៃក្នុង និងការពង្រីកឥទ្ធិពលការទូតវៀតណាមនៅលើឆាកអន្តរជាតិ។
យោងតាមប្រភពផ្ទៃក្នុង សមាជិកនៃកិច្ចប្រជុំនេះសុទ្ធសឹងជាក្បាលម៉ាស៊ីនដឹកនាំទាំងនយោបាយ សន្តិសុខ និងសេដ្ឋកិច្ចរបស់វៀតណាម។ ក្នុងចំណោមសមាជិកទាំង ១,៦០០នាក់ អាចត្រូវបានបោះឆ្នោតជ្រើសរើសសមាជិកគណកម្មាធិការកណ្តាលរបស់បក្ស ២០០នាក់ និងសមាជិកស្នងការនយោបាយបក្សពី ១៧ទៅ១៩រូប និងអគ្គលេខាធិការបក្ស ដែលកំពុងតែកាន់កាន់តំណែងដោយលោក តូ ឡឹម។
ទោះបីលទ្ធផលផ្លូវការមិនទាន់ត្រូវបានប្រកាសជាផ្លូវការ ប៉ុន្តែគេសង្កេតឃើញថា លោក តូ ឡឹម ដែលមានវ័យ៦៨ឆ្នាំ កំពុងកាន់កាប់តំណែងអគ្គលេខាធិការបក្សយ៉ាងរឹងមាំ។ ក្រោមការដឹកនាំរបស់លោក វៀតណាមនៅតែបន្តរក្សាឋានៈជាប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតមួយនៅតំបន់អាស៊ាន ដែលនេះជាចំណុចខ្លាំងមួយជួយយោងឱ្យលោកមានក្តីសង្ឃឹមខ្ពស់ក្នុងការបន្តដឹកនាំវៀតណាម៕
ដោយៈ សរ សុជាតិ