សេដ្ឋកិច្ចសកល

វិបត្តិសេដ្ឋកិច្ចសកលកំពុងឈានចូលកម្រិតគ្រោះថ្នាក់ ខណៈពន្លឺសន្តិភាពនៅមជ្ឈិមបូព៌ានៅតែស្រអាប់


ការវាយប្រហាររួមគ្នារបស់អាម៉េរិក និងអ៊ីស្រាអែលលើគោលដៅនានា ក្នុងប្រទេសអ៊ីរ៉ង់ បានជំរុញឱ្យតម្លៃប្រេងហក់ឡើងខ្ពស់ ដែលធ្វើឱ្យទស្សនវិស័យសេដ្ឋកិច្ចពិភពលោកប្រែជាងងឹតសូន្យសុង។ ទីផ្សារភាគហ៊ុនសកលបានរង្គោះរង្គើយ៉ាងខ្លាំង ខណៈប្រទេសកំពុងអភិវឌ្ឍន៍ត្រូវបានបង្ខំឱ្យរឹតត្បិតការប្រើប្រាស់ឥន្ធនៈ និងចំណាយថវិកាយ៉ាងសន្ធឹកសន្ធាប់លើការឧបត្ថម្ភធន ដើម្បីការពារប្រជាជនក្រីក្រពីសម្ពាធថាមពល។
ក្តីបារម្ភអំពីមហន្តរាយសេដ្ឋកិច្ចពិភពលោកកាន់តែរីករាលដាល
ដោយ

ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា ស្ថានភាពនេះគឺជាបន្ទុកលើបន្ទុក ដែលកំពុងក្លាយជាអម្រែកដ៏ធ្ងន់ធ្ងរឆ្ពោះទៅរកមហន្តរាយសេដ្ឋកិច្ចពិភពលោក។

ការវាយប្រហារសងសឹកគ្នាទៅវិញទៅមកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដូចជា រោងចក្រចម្រាញ់ប្រេង បំពង់បង្ហូរប្រេង និងស្ថានីយប្រេងឥន្ធនៈនៅតំបន់ឈូងសមុទ្រពែក្សចេញឆ្ងាយពីមូលដ្ឋានយោធា កំពុងក្លាយជាការគំរាមកំហែងដល់ស្ថិរភាពសកល ប្រសិនបើសង្គ្រាមនេះនៅតែបន្តអូសបន្លាយ។

លោក គ្រីស្តូហ្វឺរ នីថល(Christopher Knittel) អ្នកសេដ្ឋកិច្ចថាមពលនៅវិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាឈូសេត បានលើកឡើងថា ប្រសិនបើសង្គ្រាមបញ្ចប់ភ្លាមៗ ផលវិបាករយៈពេលវែងអាចនឹងមានទំហំតូច។ ប៉ុន្តែអ្វីដែលពិភពលោកកំពុងជួបប្រទះនាពេលនេះ គឺការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលទ្រង់ទ្រាយធំ ដែលមានន័យថា ផលប៉ះពាល់នឹងអូសបន្លាយក្នុងរយៈពេលវែង។

សង្រ្គាមនេះមិនមែនបង្កគ្រោះមហន្តរាយតែលើអ៊ីរ៉ង់ និងអ៊ីស្រាអែលនោះទេ ពោលគឺពាសពេញតំបន់មជ្ឈិមបូព៌ាទាំងមូលតែម្តង។ ជាក់ស្តែងគ្រាន់តែគ្រោះមហន្តរាយនៅរោងចក្រហ្គាសរបស់ប្រទេសកាតា តែមួយ វាបានជះផលប៉ះពាល់ដល់ការនាំចេញហ្គាសរបស់កាតារហូតដល់ទៅ១៧% ហើយអ្វីដែលសំខាន់នោះ គឺកាតាត្រូវការស្តារ និងជួសជុលការខូចខាតនេះដល់ទៅ៥ឆ្នាំឯណោះ។

លើសពីនេះហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសគុយវ៉ែត អ៊ីរ៉ាក់ អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីតជាដើម ក៏រងផលប៉ះពាល់ផងដែរ ដោយមិនរាប់បញ្ចូលនឹងផលប៉ះពាល់ ដែលកើតចេញពីការបិទច្រសមុទ្រហ័រម៉ូស ដែលជាច្រកនាំចេញប្រេងទៅកាន់ទីផ្សារពិភពលោកប្រមាណ២០%ជារៀងរាល់ថ្ងៃនោះទេ។

លោកស្រី ខាមេន រ៉េនហាត (Carmen Reinhart) អតីតប្រធានសេដ្ឋវិទូ នៃធនាគារពិភពលោកបានព្រមានថា ការកើនឡើងតម្លៃ និងការកង្វះខាតថាមពលនាពេលនេះ គឺជាដើមចម ដែលកំពុងរុញច្រានពិភពលោកឱ្យធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច។

ជាមួយគ្នានេះ លោកស្រី ហ្គីតា ហ្គូភីណាត (Gita Gopinath) អតីតមន្ត្រីជាន់ខ្ពស់ នៃមូលនិធិរូបិយវត្ថុអន្តរជាតិ បានវាយតម្លៃថា កំណើនសេដ្ឋកិច្ចពិភពលោក ដែលធ្លាប់រំពឹងថា នឹងសម្រេចបាន៣,៣%នៅឆ្នាំនេះ អាចនឹងធ្លាក់ចុះចន្លោះពី០,៣ទៅ០,៤% បន្ថែមទៀត ដោយសារឥទ្ធិពលនៃសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។

ក្រៅពីវិស័យថាមពល ជម្លោះនេះ ក៏បានបង្កផលប៉ះពាល់ដល់វិស័យផលិតកម្ម ទេសចរណ៍ និងសេវាកម្មផ្សេងៗទៀត ដែលធ្វើឱ្យអនាគតសេដ្ឋកិច្ចសកលស្ថិតក្នុងភាពមិនប្រាកដប្រជាកាន់តែខ្ពស់៕




អត្ថបទបន្ទាប់


សាស្ត្រាចារ្យសេដ្ឋកិច្ចដ៏ល្បីល្បាញម្នាក់ព្រមានថា សង្គ្រាមនៅមជ្ឈិមបូព៌ាអាចនឹងឈានដល់ផ្ទុះសង្គ្រាមលោកលើកទី៣ និងវិបត្តិសេដ្ឋកិច្ចពិភពលោក

សាស្ត្រាចារ្យសេដ្ឋកិច្ចអន្តរជាតិ ដ៏ល្បីល្បាញ លោក ចេហ្វ្រី ស៊ែក (Jeffrey Sachs) បានចេញមុខព្រមានធ្ងន់ៗថា ជម្លោះរវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអែល …

កូរ៉េខាងត្បូងនឹងរឹតបន្តឹងការប្រើរថយន្តឯកជនទូទាំងប្រទេស បើតម្លៃប្រេងនៅតែបន្តហក់ឡើងឥតឈប់

រដ្ឋាភិបាលកូរ៉េខាងត្បូង កំពុងពិចារណាពង្រីកវិធានការរឹតបន្តឹងការប្រើប្រាស់រថយន្តឯកជននៅទូទាំងប្រទេស ប្រសិនបើតម្លៃប្រេងសកលនៅតែបន្តហក់ឡើងមិនឈ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ