លោក ឱក សេរី សោភក្តិ៍ ទីប្រឹក្សាឯករាជ្យ និងជាអ្នកជំនាញអភិបាលកិច្ចល្អសង្កេតឃើញថា បច្ចុប្បន្នរាជរដ្ឋាភិបាលថ្មីរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កំពុងធ្វើពិពិធកម្មកាទូតយ៉ាងស៊ីជម្រៅក្នុងឆាកអន្តរជាតិ ដែលបង្ហាញថា កម្ពុជា មិននៅឯកោឡើយ ហើយការផ្លាស់ប្ដូរទំនាក់ទំនងកាទូតនេះទៀតសោត ក៏មិនបានឆ្លុះបញ្ចាំងថា កម្ពុជា បោះបង់ចោលមិត្តចាស់ៗដូចជាចិន និងវៀតណាមនោះទេ។ សម្រាប់អ្នកជំនាញរូបនេះ ការធ្វើពិពិធកម្មការទូត នឹងផ្ដល់នូវសារប្រយោជន៍ជាច្រើនសម្រាប់កម្ពុជា ដូចជា ចាកឆ្ងាយពីប្រទេសឯកា ទទួលបានវិនិយោគិនល្អៗ ជំរុញសមត្ថភាពការពារជាតិ បង្កើនកំណើនសេដ្ឋកិច្ចជាតិ លើសពីនេះអាចដាក់សម្ពោធលើប្រទេសថៃ ឱ្យបញ្ឈប់ទង្វើឈ្លានពានមកលើកម្ពុជា និងដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា ដោយសន្តិវិធី។ តែយ៉ាងណាដើម្បីឱ្យការធ្វើពិពិធកម្មកាទូតនេះទទួលបានជោគជ័យក្នុងរយៈពេលវែង អ្នកជំនាញរូបនេះយល់ថា កម្ពុជា ត្រូវប្រកាន់ភ្ជាប់ចំណុចស្នូលធំៗ៤ រួមមានការបង្រួបបង្រួមជាតិ, បោសសម្អាតអំពើឆបោកតាមអនឡាញឱ្យមានប្រសិទ្ធភាពនិងទប់ស្កាត់មិនឱ្យកើតមានឡើងវិញ, លុបបំបាត់អំពើពុករលួយរបស់មន្រ្តីថ្នាក់ក្រោម និងកែប្រែឥរិយាបថរបស់ពលរដ្ឋខ្មែរ។
ជាមួយគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវបានលើកឡើងថា ការធ្វើពិពិធកម្មកាទូត គឺជាមាគ៌ាដ៏ត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិ។ តាមរយៈយុទ្ធសាស្ត្រនេះ វានឹងជួយឱ្យកម្ពុជា មានភាពធន់ក្នុងការតស៊ូមតិលើឆាកអន្តរជាតិ ជាពិសេសក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយមិនចាំបាច់ប្រើប្រាស់កម្លាំងទ័ព ប៉ុន្តែប្រើប្រាស់យន្តការគាំទ្រពីសហគមន៍អន្តរជាតិ ជាបង្អែក។ លោកយល់ថា នៅពេលកម្ពុជា មានទំនាក់ទំនងល្អជាមួយមហាអំណាចច្រើន វានឹងធ្វើឱ្យភាគីថៃ ត្រូវបង្ខំចិត្តពិចារណាឡើងវិញនូវជំហររបស់ខ្លួនចំពោះវិវាទនានា។
គួរបញ្ជាក់ថា នៅមួយរយៈពេលចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជា បានបង្ហាញទៅកាន់ពិភពអំពីការធ្វើទំនាក់ទំនងការទូត និងបង្កើនទំនាក់ទំនងល្អជាមួយគ្នាឡើងវិញជាមួយបណ្ដាប្រទេសជាច្រើននៅប៉ែកអឺរ៉ុប ជាពិសេសសហរដ្ឋអាម៉េរិក និងបារាំងជាដើម។ ស្របគ្នានេះ កម្ពុជា នៅតែមានទំនាក់ទំនាក់ល្អជាមួយប្រទេសចិន ដែលបានធ្វើទំនាក់ទំនងស៊ីជម្រៅលើផ្នែកសេដ្ឋកិច្ច និងសង្គមវប្បធម៌ ក្នុងនោះមានការផ្លាស់ប្ដូរពាណិជ្ជកម្ម ការវិនិយោគ និងការផ្ដល់ជំនួយអភិវឌ្ឍន៍ក្រោមក្របខណ្ឌនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវជាដើម៕
អត្ថបទ៖ ជា ម៉ារ៉ា