ការចាត់ទុកបែបនេះធ្វើឡើងក្រោយលោក អានុទីន នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃបានសរសេរសារលើបណ្តាញសង្គមផ្ទាល់ខ្លួនថា នឹងបន្តវាយប្រហារមកលើកម្ពុជាបន្តទៀតទាល់តែកម្ពុជាលែងទៅជាប្រទេស ដែលមានការគំរាមកំហែង លែងទៅជាប្រទេសគ្រោះថ្នាក់សម្រាប់ថៃ។ សម្រាប់ឯកឧត្តម កែវ រ៉េមី ពាក្យសម្តីរបស់លោក អានុទីន នេះបានឆ្លុះបញ្ចាំងពីការគិតរបស់មេដឹកនាំចាំផ្ទះរូប និងក្រុមរបស់ពួកគេចង់ឃើញកម្ពុជាធ្លាក់ខ្លួនជាប្រទេសទន់ខ្សោយ និងក្រីក្រ។
ឯកឧត្តមទេសរដ្ឋមន្ត្រី កែែ រ៉េមី បានរំលឹកថា កម្ពុជាធ្លាប់ជាប្រទេសមួយ ដែលមានវ័យចំណាស់ជាងគេក្នុងចំណោមប្រទេសមួយចំនួនតូចនៅអាស៊ី និងធ្លាប់មានគុណបំណាច់ និងមេត្តាធម៌ឲ្យកុលសម្ព័ន្ធតូចមួយ ដែលចង់សំដៅទៅលើប្រទេសថៃ ដាំដុះនៅជុំវិញក្រុងអង្គរ ដែលសព្វថ្ងៃបានក្លាយជាប្រទេសមួយកំពុងមានអំនួតបង្កើតសត្រូវជុំទិស។ ឯកឧត្តម បានចាត់ទុកសម្តីរបស់លោក អានុទីន នេះ បាន និងកំពុងដុតកំហឹងដល់កូនចៅខ្មែរគ្រប់ជំនាន់។ ហេតុដូច្នេះប្រជាជននៃប្រទេសទាំងពីរគ្មានថ្ងៃអាចរស់នៅក្នុងសន្តិភាពបានទេ។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរូបនេះយល់ឃើញថា ដំណោះស្រាយមានតែបញ្ញាវ័ន្តថៃ ប្រជាជនថៃ អាជីវករថៃ និងអ្នកនយោបាយថៃ ដែលស្រឡាញ់សន្តិភាព មិត្តភាព ស្រឡាញ់ជីវិតមនុស្ស និងការអភិវឌ្ឍត្រូវរួបរួមគ្នាជ្រើសរើសមេដឹកនាំ ដែលមានគុណសម្បត្តិល្អ ដើម្បីកសាងព្រំដែនសន្តិភាពរួមគ្នាបង្កើនមិត្តភាព សហប្រត្តិបត្តការ និងការអភិវឌ្ឍយូរអង្វែង។ បើមិនដូច្នេះទេ ការបង្ហូរឈាមនៃប្រជាជននៃប្រទេសទាំងពីរនឹងគ្មានទីបញ្ចប់។
គិតត្រឹមថ្ងៃ១៣ ខែធ្នូ ឆ្នាំ២០២៥ សង្គ្រាមឈ្លានពានរបស់ថៃបានឈានដល់ថ្ងៃទី៧ហើយ ដោយក្នុងនៅក្នុងរយៈពេលយោធាល្មោភសង្គ្រាមរបស់ថៃបានប្រព្រឹត្តអំពើខុសច្បាប់ជាច្រើន ដោយបានប្រើប្រាស់កាំភ្លើងធុនធំគ្រប់ប្រភេទ ផ្សែងពុល និងយន្តហោះចម្បាំង F-16 បានស្រោចមកទីតាំងរស់នៅរបស់ពលរដ្ឋស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន៕