លោកជំទាវ កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជាបានបង្ហាញការគាំទ្រចំពោះការលើកឡើងរបស់អ្នកឧកញ៉ា គិត ម៉េង ដែលស្នើឱ្យស្ថាប័នពាក់ព័ន្ធ គយ និងពន្ធដារជួយកាត់បន្ថយនីតិវិធីស្មុគស្មាញ ដើម្បីជួយសម្រួលដល់អ្នកវិនិយោគក្នុងស្រុក។ បើតាមការអះអាងរបស់អ្នកជំនួញរូបនេះ ទន្ទឹមនឹងតម្រូវការប្រើប្រាស់ផលិតផលក្នុងស្រុកមានការកើនឡើង ការផលិតក្នុងស្រុកកំពុងរងការគំរាមកំហែងពីការហូរចូលទំនិញមានតម្លៃថោកៗ ជាពិសេសទំនិញដែលមិនបានបង់ពន្ធត្រឹមត្រូវ ដែលកត្តានេះទាមទារឱ្យស្ថាប័នពាក់ព័ន្ធជាពិសេសគយគួរបង្កើនការត្រួតពិនិត្យឱ្យយ៉ាងម៉ឺងម៉ាត់ចំពោះទំនិញនាំចូល ក៏ដូចជាតម្រូវឱ្យមានការបង់ពន្ធឱ្យបានត្រឹមត្រូវតាមច្រកព្រំដែនទាំងអស់ ជៀសវាងការនាំចូលគេចពន្ធ យកមកប្រកួតប្រជែងជាមួយនឹងផលិតផលក្នុងស្រុក។
ជាមួយគ្នានេះឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានលើកឡើងថា នៅកម្ពុជាបច្ចុប្បន្នដើម្បីអាចបើកអាជីវកម្មមួយ គឺទាមទារនីតិវិធីបែបបទច្រើន ដែលនេះជាបញ្ហាប្រឈមមួយសម្រាប់វិស័យសហគ្រាសធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នងដ៏សំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា។ ដើម្បីជួយជំរុញការអភិវឌ្ឍន៍វិស័យនេះ ក៏ដូចបង្កើនការចូលរួមរបស់វិស័យនេះក្នុងសេដ្ឋកិច្ច អ្នកជំនាញរូបនេះ ស្នើឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ជួយសម្របសម្រួល និងកាត់បន្ថយនីតិវិធីស្មុគស្មាញមួយចំនួន និងផ្តល់ការលើកទឹកចិត្តដល់វិនិយោគិនក្នុងស្រុកជាដើម។
បើតាមអ្នកជំនាញខាងលើ បច្ចុប្បន្នអ្នកផលិតក្នុងស្រុកហាក់មានការបារម្ភចំពោះការហូរចូលទំនិញមានតម្លៃថោកៗពីបរទេសធ្វើឱ្យប៉ះពាល់ដល់ការផលិត និងពង្រីកផលិតកម្មរបស់ពួកគេ ខណៈថ្លៃដើមផលិតក្នុងស្រុកនៅតែស្ថិតក្នុងកម្រិតខ្ពស់នៅឡើយ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារ៕
អត្ថបទដោយ៖ ជា ម៉ារ៉ា