
លោក ឃូ សុខឡៃ អ្នកគ្រប់គ្រងទូទៅរបស់សាជីវកម្មពិស្ណុការ កត់សម្គាល់ឃើញថា ទោះបីជាបច្ចុប្បន្នកម្ពុជា កំពុងមានបញ្ហាជម្លោះព្រំដេនជាមួយថៃ ក៏ពិតមែន ប៉ុន្តែបញ្ហានេះមិនបានជះឥទ្ធិពលដល់វិស័យសំណង់នៅកម្ពុជា នោះទេ ពោលគឺគម្រោងសាងសង់សំណង់នានា នៅតែដំណើរការជាធម្មតា ពិសេសគម្រោងសំណង់នៅក្នុងទីប្រជុំជន ដែលជំរុញឱ្យតម្រូវការទីផ្សារនាំចូលសម្ភារៈសំណង់របស់កម្ពុជា នៅឆ្នាំនេះ មានការកើនឡើងជាបន្តបន្ទាប់។ សម្រាប់តម្លៃសម្ភារៈសំណង់វិញ លោក ឃូ សុខឡៃ បានឱ្យអះអាងថា មិនមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ លើកលែងតែទំនិញមួយចំនួនដែលនាំចូលពីថៃ ដោយសារថ្លៃដឹកជញ្ជូនមានការកើនឡើង បន្ទាប់ពីមានការបិទច្រកព្រំដែនគោករវាងប្រទេសទាំងពីរ។ អ្នកជំនាញរូបនេះបានវាយតម្លៃថា ប្រសិនបើជម្លោះព្រំដែនរវាងកម្ពុជា-ថៃ នៅតែបន្តអូសបន្លាយពេលយូរនោះ វានឹងធ្វើឱ្យតម្លៃគ្រឿងសំណង់នាំចូលពីថៃ មានការកើនឡើង តែយ៉ាងណាលោកជឿជាក់ថា អ្នកប្រើប្រាស់នៅកម្ពុជានឹងងាកចេញពីសម្ភារៈសំណង់របស់ថៃ។
ជាមួយគ្នានេះ លោក ហៀង សុផានិត ម្ចាស់ដេប៉ូឥន្រ្ទីលក់ដែក ស័ង្កសី និងសម្ភារៈសំណង់នៅរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា តាំងពីបិទច្រកទ្វារព្រំដែនកម្ពុជា-ថៃ មកទល់ពេលនេះ គឺមិនបានបង្កផលប៉ះពាល់ដល់តម្លៃទីផ្សារដែកនៅកម្ពុជា នោះទេ ព្រោះដែកដែលបម្រើដល់ការសាងសង់សំណង់នានា នៅកម្ពុជា ភាគច្រើននាំចូលពីវៀតណាម ចិន និងដែកផលិតក្នុងស្រុក។ តែយ៉ាងណាលោកយល់ថា តម្លៃសម្ភារៈសំណង់មួយចំនួនក្រៅពីដែកទំនងជាមានការប្រែប្រួលខ្លះដោយសារឥទ្ធិពលនៃបញ្ហាព្រំដែននេះ ដោយសារសម្ភារៈសំណង់មួយចំនួននោះត្រូវបាននាំចូលពីថៃ។ បើតាមការបញ្ជាក់របស់លោក ហៀង សុផានិត ស្ថានភាពទីផ្សារទិញ-លក់សម្ភារៈសំណង់នៅកម្ពុជា បានធ្លាក់ចុះប្រមាណ ៧០% ឯណោះ ចាប់តាំងពីមានបញ្ហាវិបត្តិជំងឺកូវីដ-១៩មក ខណៈមកទល់ពេលនេះ ក៏មិនទាន់មានការងើបឡើងវិញគួរឱ្យកត់សម្គាល់នោះដែរ។
គួរជម្រាបថា នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥ នេះ កម្ពុជា បាននាំចូលដែក និងដែកថែបមានទំហំទឹកប្រាក់ប្រមាណជាង៥៤០លានដុល្លារ កើនឡើង៥៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក នៅពេញមួយឆ្នាំ២០២៤ កន្លងទៅ ការនាំចូលដែក និងដែកថែបរបស់កម្ពុជា មានទំហំទឹកប្រាក់ប្រមាណ៦៣១លានដុល្លារ មានការកើនឡើងជិត៧០% បើធៀបនឹងឆ្នាំ២០២៣។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕