វិស័យសំណង់

តើតម្លៃសម្ភារៈសំណង់នៅកម្ពុជា មានការប្រែប្រួលយ៉ាងណាក្រោយថៃ បិទច្រកព្រំដែន?


កម្ពុជា នៅតែមានតម្រូវការក្នុងការប្រើប្រាស់គ្រឿងសំណង់ ដ្បិតបច្ចុប្បន្នសកម្មភាពសាងសង់នៅក្នុងគម្រោងនានា បានកើតមានជាបន្តបន្ទាប់។ យ៉ាងណាមិញ នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២៥ កម្ពុជា បាននាំចូលដែក និងដែកថែបមានទំហំទឹកប្រាក់ប្រមាណ៣៨០លានដុល្លារកើនឡើងជិត៦០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ តើតម្លៃសម្ភារៈសំណង់នៅកម្ពុជា មានការប្រែប្រួលយ៉ាងណា ក្រោយថៃ បិទច្រកព្រំដែន?
វិស័យសំណង់
ដោយ

លោក ឃូ សុខឡៃ អ្នកគ្រប់គ្រងទូទៅរបស់សាជីវកម្ម ពិស្ណុការ កត់សម្គាល់ឃើញថា មកទល់ពេលនេះ តម្លៃសម្ភារៈសំណង់មិនមានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ ខណៈសម្ភារៈសំខាន់ៗត្រូវបានប្រើប្រាស់វត្ថុធាតុដើម ដែលមាននៅក្នុងស្រុក និងមួយចំនួនទៀតត្រូវបាននាំចូលពីប្រទេសផ្សេងក្រៅពីប្រទេសថៃ។ តែយ៉ាងណាអ្នកជំនាញរូបនេះ លើកឡើងថា ប្រសិនបើស្ថានភាពនៃភាពតានតឹងរវាងកម្ពុជា និងថៃ នៅបន្តអូសបន្លាយពេលយូរនោះនឹងអាចមានផលប៉ះពាល់ខ្លះដែរ ដោយសារសម្ភារៈសំណង់មួយចំនួនត្រូវបាននាំចូលពីថៃ។ នៅក្នុងស្ថានភាពមិនប្រាកដប្រជានេះ លោក ឃូ សុខឡៃ ជឿជាក់ថា ប្រសិនបើភាពតានតឹងនៅបន្តអូសបន្លាយទៀតនោះអ្នកប្រើប្រាស់នៅកម្ពុជា នឹងជ្រើសរើសយកផលិតផលពីបណ្ដាប្រទេសផ្សេងមកជំនួសសម្ភារៈសំណង់របស់ថៃ។

​ដោយឡែកអ្នកគ្រប់គ្រងដេប៉ូគ្រឿងសំណង់ គង់ ទី នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា មកទល់ពេលនេះ សកម្មភាពសាងសង់នៅក្នុងខេត្តនេះ នៅតែមានដំណើរការជាធម្មតា ខណៈតម្លៃគ្រឿងសំណង់ក៏មិនមានការឡើងថ្លៃគួរឱ្យកត់សម្គាល់នោះដែរ។ បើតាមអ្នកលក់គ្រឿងសំណង់រូបនេះ ការបិទច្រកទ្វារព្រំដែនរបស់ភាគីថៃ មិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ការសាងសង់នោះទេ ដោយសារតែសម្ភារៈសំណង់ភាគច្រើនត្រូវបានប្រើប្រាស់ផលិតផលក្នុងស្រុក និងមួយចំនួនទៀតនាំចូលពីប្រទេសវៀតណាម ជាដើម។

បើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២៥ កម្ពុជា បាននាំចូលដែក និងដែកថែបមានទំហំទឹកប្រាក់ប្រមាណ៣៨០លានដុល្លារកើនឡើងជិត៦០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ដោយឡែក នៅពេញមួយឆ្នាំ២០២៤ កន្លងទៅ ការនាំចូលដែក និងដែកថែបមានទំហំទឹកប្រាក់៦៣១លានដុល្លារមានការកើនឡើងជិត៧០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


តើរដ្ឋគួរឱ្យលោក ទ្រី ស៊ីថេង អ្នកថែទាំដំរី ឡាក់គី ធ្វើការនៅតាមស្ថាប័នរដ្ឋ ឬយ៉ាងណា?

ក្រោយមានករណី លោក ទ្រី ស៊ីថេង ដែលគេស្គាល់ថា ជាអ្នកមើលថែ ឬហ្មដំរីឈ្មោះ ឡាក់គី (Lucky) បានលាឈប់ពីការងារនៅអង្គការទទួលជួយអភិរក្សសត្វសម្ព័ន្ធ…

តើសេដ្ឋកិច្ចថៃ កាន់តែអាប់អួរយ៉ាងណាខ្លះ ក្រោយលោកស្រី ផៃថងថាន ត្រូវបានព្យួរពីតំណែង?

រដ្ឋាភិបាលចម្រុះដែលកំពុងកាន់អំណាចនៅប្រទេសថៃ កំពុងប្រេះឆា ក្រោយតុលាការធម្មនុញ្ញថៃ បានសម្រេចព្យួរតំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រី ផៃថងថាន ស៊…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ