វិស័យ SME

ស្របពេលថៃ នៅតែបន្តឈ្លានពាន អ្នកជំនាញជំរុញពលរដ្ឋបន្តធ្វើពហិការផលិតផលថៃ ដើម្បីដាក់សម្ពាធសេដ្ឋកិច្ចរបស់ថៃ


ចលនាធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ របស់ពលរដ្ឋខ្មែរ មានការផុសផុលគួរឱ្យកត់សម្គាល់ តែក៏នៅមានប្រជាពលរដ្ឋមួយចំនួននៅតែបន្តប្រើប្រាស់ផលិតផលរបស់ថៃ ផងដែរ។ កត្តានេះបានជំរុញឱ្យក្រុមអ្នកជំនាញសេដ្ឋកិច្ច ស្នើឱ្យប្រជាពលរដ្ឋខ្មែរនាំគ្នាធ្វើពហិការបន្ថែមទៀត ដើម្បីដាក់សម្ពាធលើសេដ្ឋកិច្ចរបស់ថៃ។ សម្រាប់អ្នកជំនាញ ការធ្វើបែបនេះវាជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពមួយ ដែលអាចធ្វើឱ្យសេដ្ឋកិច្ចថៃ រងការរង្គោះរង្គើ ដែលអាចរំខានដល់ការទិញសព្វាវុធទំនើបៗយកមកឈ្លានពានលើកម្ពុជា។
វិស័យ SME
ដោយ

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការបន្តធ្វើពហិការមិនប្រើប្រាស់ទំនិញថៃ វាជាវិធីសាស្ត្រមួយដ៏ល្អក្នុងការដាក់សម្ពាធសេដ្ឋកិច្ចរបស់ថៃ ដែលបានឈ្លានពានកម្ពុជា ទាំងគឃ្លើន និងអមនុស្សធម៌មកលើពលរដ្ឋខ្មែរ ស្ថិតនៅភូមិជោគជ័យ និងភូមិព្រៃចាន់ផងដែរ។ សម្រាប់អ្នកជំនាញរូបនេះ ទោះការធ្វើពហិការរបស់ពលរដ្ឋខ្មែរមិនអាចបំបាក់សេដ្ឋកិច្ចថៃ បានទាំងស្រុងក៏ពិតមែន តែវាក៏អាចធ្វើឱ្យសេដ្ឋកិច្ច និងនយោបាយកាទូតថៃ រងការរង្គោះរង្គើលផងដែរ។ ជាមួយគ្នានេះអ្នកជំនាញរូបនេះ ស្នើឱ្យម្ចាស់អាជីវកម្មក្នុងស្រុកពង្រីកផលិតកម្មឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ជាពិសេសកុំដំឡើងថ្លៃ ដើម្បីជៀសវាងនាំឱ្យពលរដ្ឋ ដែលកំពុងពហិការផលិតផលថៃ ខកចិត្ត។

​ជាមួយគ្នានេះ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានវាយតម្លៃថា តាមទិន្នន័យសេដ្ឋកិច្ចរយៈពេល៩ខែ ឆ្នាំនេះ ទំហំនៃការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងថៃ មានតម្លៃសរុបប្រមាណ២,៩ពាន់លានដុល្លារ​ បានថយចុះប្រមាណ៨,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះការនាំចូលទំនិញពីប្រទេសថៃ មានប្រមាណ២,៣ពាន់លានដុល្លារ​ ថយចុះជាង៧,៦%។ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា កត្តាដែលនាំឱ្យការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយថៃ ថយចុះនេះដោយសារបញ្ហាជម្លោះតាមបណ្ដោយព្រំដែន ក្រោយភាគីថៃ បិទច្រកព្រំដែនជាឯកតោភាគី ដែលធ្វើឱ្យទំនិញរបស់ថៃ កកស្ទះ មិនអាចនាំចូលមកកម្ពុជា បានច្រើនដូចមុន គួបផ្សំថៃ កំពុងជួបវិបត្តិចរន្តសេដ្ឋកិច្ចក្នុងស្រុកផងនោះ បានធ្វើឱ្យថៃ កំពុងប្រឈមនឹងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច។

​ដោយឡែក លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានចាត់ទុកការធ្វើពហិការមិនប្រើប្រាស់ទំនិញថៃ របស់ពលរដ្ឋខ្មែរ ជាមធ្យោបាយមួយ ដើម្បីឆ្លើយតបចំពោះការចូលឈ្លានពានយ៉ាងគឃ្លើនលើទឹកដីខ្មែរពីសំណាក់ក្រុមយោធាថៃ តែយ៉ាងណាការធ្វើពហិការនេះ ក៏ជាឆន្ទៈរបស់ពលរដ្ឋម្នាក់ៗ ដែលមិនអាចដាក់កំហិតចំពោះអ្នកដែលនៅមានតម្រូវការប្រើប្រាស់ទំនិញថៃ បាននោះទេ។ បើតាមអ្នកជំនាញរូបនេះ សព្វថ្ងៃនេះដំណាំបន្លែរបស់ខ្មែរផលិតបានច្រើន ដែលទាមទារឱ្យអាជ្ញាធរជួយចាត់វិធានការបង្វែរទៅស្រុកតំបន់ណាដែលខ្វះខាត ជៀសវាងតំបន់ដែលខ្វះខាតទាំងនោះនាំចូលពីក្រៅស្រុក ដែលអាចប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។

​គួរបញ្ជាក់ថា ក្រោយពលរដ្ឋបាននាំគ្នាធ្វើពហិការមិនប្រើប្រាស់ទំនិញរបស់ថៃ ហើយមកគាំទ្រផលិតខ្មែរក្នុងស្រុក បានធ្វើឱ្យកំណើនការផលិតក្នុងស្រុកកើនឡើងទ្វេដង ក្នុងអំឡុងពេលថៃចូលឈ្លានពានកម្ពុជា ទាំងកម្រោលមកនេះ។ ជាក់ស្ដែងក្នុងខែសីហា ឆ្នាំ២០២៥ មានចំនួនផលិតករបានចុះឈ្មោះបញ្ជីម៉ាកផលិតផលនៅក្រសួងពាណិជ្ជកម្មរហូតដល់ទៅ៣២៤ ផលិត​ផលកើនឡើងជិត២១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យដែលទទួលបានពីក្រសួងពាណិជ្ជកម្ម៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


អង្ករក្រអូបកម្ពុជា ទទួលការគាំទ្រកាន់តែខ្លាំងពីអឺរ៉ុប ខណៈកម្ពុជា កំពុងសម្លឹងពង្រីកទីផ្សារនៅតំបន់នេះបន្ថែមទៀត

អឺរ៉ុប គឺជាទីផ្សារនាំចេញអង្ករធំជាងគេបំផុតរបស់កម្ពុជា នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥ ពោលគឺអង្ករកម្ពុជា ជាង២៤ម៉ឺនតាន ត្រូវបាននាំចេញទៅកាន់២…

ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន ចាប់ដៃគូជាមួយក្រុមហ៊ុន Auto US Direct ជំរុញការផ្ដល់សេវាធានារ៉ាប់រងរថយន្ដកាន់តែងាយស្រួល

ក្រុមហ៊ុន លី ហួរ អេស ប៊ី អាយ អ៊ិនសួរេន និង ក្រុមហ៊ុន Auto US Direct Co., Ltd នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៥ បានចុះអនុស្សរណៈយោគយល់គ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ