ខណៈការឈ្លានពានរបស់យោធាថៃ មកលើដែនអធិបតេយ្យកម្ពុជា មិនទាន់មានសញ្ញាណាមួយបញ្ជាក់ថា នឹងបញ្ចប់នៅពេលណានោះ អ្នកជំនាញបន្តអំពាវនាវឱ្យប្រជាជនខ្មែរទាំងអស់បន្តរួបរួមគ្នាជាកម្លាំងសាមគ្គីជាធ្លុងមួយឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ពោលគឺកុំព្រោះតែបញ្ហាបន្តិចបន្តួចធ្វើឱ្យបែកបាក់កម្លាំងសាមគ្គីឱ្យសោះនៅក្នុងកាលៈទេសៈដ៏លំបាកនេះ។ យើងត្រូវតែបន្តរក្សាសាមគ្គីជាតិយូរអង្វែង “ខ្មែរួបរួម-ខ្មែរសាមគ្គី-ខែ្មរខ្លាំង” មានតែជាតិយើងខ្លាំងទេ ទើបសត្រូវខ្លបខ្លាចមិនហ៊ានមើលងាយ និងឈ្លានពានទឹកដី។
លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានស្ថានការណ៍ សង្គមយល់ឃើញថា ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងរងការឈ្លានពានពីយោធាថៃ ពិតណាស់ស្មារតីរួបរួមសាមគ្គីគ្នាជាធ្លុងមួយរបស់ពលរដ្ឋខ្មែរនៅជួរក្រោយ គឺជារឿងដ៏មានតម្លៃ និងចាំបាច់បំផុតសម្រាប់ចូលរួមគាំទ្រជំរុញកម្លាំងចិត្តដល់វីរៈកងទ័ពកម្ពុជា ដែលកំពុងលះបង់សាច់ស្រស់ឈាមស្រស់ប្រយុទ្ធជាមួយសត្រូវឈ្លានពាន ដើម្បីការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពរបស់កម្ពុជា។ សម្រាប់អ្នកជំនាញរូបនេះ ចាននៅក្នុងរាវតែងតែមានការប៉ះទង្កិចគ្នាជារឿងធម្មតា តែយ៉ាងណាក្នុងកាលៈទេសៈនេះ សូមកុំឱ្យបញ្ហាបន្តិចបន្តួចធ្វើឱ្យប៉ះពាល់ទៅដល់ផលប្រយោជន៍រួម និងការបែកបាក់សាមគ្គីឱ្យសោះ និងអំពាវវនាវឱ្យពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសបន្តរួបរួមគ្នាជាកម្លាំងដ៏រឹងមាំនៅក្នុងគ្រាដ៏លំបាកនេះទៅតាមជំនាញរៀងខ្លួនៗតាមតែអាចជួយបាន។
ជាមួយគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បានគូសបញ្ជាក់ថា នៅក្នុងសង្រ្គាមរវាងកម្ពុជា-ថៃ នាពេលនេះ ចំណុចខ្លាំងមួយរបស់កម្ពុជា គឺកម្លាំងសាមគ្គីភាពរបស់ប្រជាពលរដ្ឋខ្មែរនៅជួរក្រោយដែលចេះជួយចែករំលែកទុក្ខលំបាកគ្នា ដើម្បីចូលរួមឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកដែលរត់គេចពីភ្លើងសង្រ្គាមរបស់យោធាថៃ។ ទន្ទឹមនេះ អ្នកជំនាញរូបនេះ ក៏បានអំពាវនាវឱ្យបងប្អួនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តរួបរួមសាមគ្គីគ្នាបន្ថែមទៀត ដ្បិតថា សង្រ្គាមឈ្លានពានរបស់យោធាថៃ មកលើកម្ពុជានេះទំនងជាអាចបន្តអូសបន្លាយពេលយូរបន្ថែមទៀត។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្រ្តីទី១កម្ពុជា បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកជាផ្លូវការនៅថ្ងៃទី១៦ ខែធ្នូ ថា ចលនា «យើងរួមគ្នាដើម្បីជាតិ» គឺចាប់ផ្តើមពីពលរដ្ឋម្នាក់ៗ ដោយប្រទេសកម្ពុជា មានកងទ័ពរហូតដល់ ១៧លាននាក់ឯណោះ ពោលគឺ វីរៈកងទ័ពកម្ពុជា កំពុងឈរយ៉ាងអង់អាចក្លាហាន ដើម្បីការពារទឹកដីកម្ពុជា ពីការឈ្លានពានរបស់ថៃ ខណៈកងទ័ពជួរក្រោយជាអ្នកផ្តល់កម្លាំងចិត្ត និងជាអ្នកផ្គត់ផ្គង់ស្បៀងអាហារជូនដល់វីរៈកងទ័ព និង ពលរដ្ឋភៀសសឹក។ លោកជំទាវ បានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវចូលរួមជួយដល់រាជរដ្ឋាភិបាល ដើម្បីឆ្លងកាត់ពេលវេលាដ៏លំបាកមួយនេះ។ គួរជម្រាបថា គិតត្រឹមថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ មានរយៈពេល១១ថ្ងៃហើយ ដែលយោធាល្មោភសង្រ្គាមថៃ បានឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា៕