វិស័យ​​យុត្តិធម៌

ថៃ នៅតែបន្តរាយបន្លាលួសព័ទ្ធយកដីខ្មែរ ខណៈអ្នកជំនាញបន្តទទូចឱ្យកម្ពុជា ប្រើយន្តការតុលាការក្នុងការដោះស្រាយ


យោធាថៃ នៅតែបន្តប្រើប្រាស់គ្រឿងចក្រឈូសឆាយ និងរាយបន្លាលួសថ្មីៗព័ទ្ធយកដីកម្ពុជាដោយខុសច្បាប់នៅតាមខ្សែបន្ទាត់ព្រំដែន ដែលធ្វើឱ្យស្ថានការណ៍ជម្លោះនៅតំបន់ព្រំដែនបានឡើងកម្តៅជាថ្មី ខណៈរដ្ឋាភិបាលកម្ពុជា បានបន្តចេញលិខិតតវ៉ា និងថ្កោលទោសចំពោះទង្វើដ៏គឃ្លើនរបស់យោធាថៃ ជាបន្តបន្ទាប់។ ជាមួយគ្នានេះ ក្រុមអ្នកជំនាញ និងអ្នកតាមដានស្ថានការណ៍សង្គម ជំរុញឱ្យរដ្ឋាភិបាលពិចារណាលើការដាក់ពាក្យបណ្ដឹងទៅកាន់តុលាការអន្តរជាតិ ជាជាងការចរចាតាមយន្តការទ្វេភាគី ដែលពួកគេយល់ថា អាចធ្វើឱ្យភាគីថៃ មានប្រៀបលើកម្ពុជា។
វិស័យ​​យុត្តិធម៌
ដោយ

លោកមេធាវី សុខ សំអឿន ប្រធានក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទ យល់ឃើញថា ក្រៅតែពីផ្លូវការទូត កម្ពុជា មានតែប្រើធម៌ក្ដៅប៉ុណ្ណោះទើបអាចបញ្ឍប់សកម្មភាពឈ្លានពានរបស់យោធាថៃ មកលើដែនអធិបតេយ្យរបស់កម្ពុជា នៅតាមខ្សែបន្ទាត់ព្រំដែន។ លោកកត់សម្គាល់ថា ការចរចាដោយមានមហាអំណាចជួយជ្រោមជ្រែង អាចនឹងទាមទារនូវលក្ខខណ្ឌដោះដូរណាមួយ ខណៈដែលការប្រើប្រាស់កម្លាំងទ័ព គឺជាជម្រើសចុងក្រោយបំផុត ដែលទាមទារឱ្យមានការត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងថវិកា អាវុធយុទ្ធភណ្ឌ និងកងកម្លាំង។ អ្នកជំនាញផ្នែកច្បាប់រូបនេះជំរុញ និងទទូចឱ្យកម្ពុជា ប្រើយន្តការតុលាការអន្តរជាតិ តាមរយៈដាក់ពាក្យបណ្ដឹងក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយថៃ។ លោកបានសង្កត់ធ្ងន់ថា ប្រសិនកម្ពុជា គ្រាន់តែតវ៉ាតាមផ្លូវការទូត និងនៅតាមវេទិការអន្តរជាតិនោះ វាគ្រាន់តែជាការពន្យារពេល ហើយនឹងមិនអាចដោះស្រាយនោះទេ។

ជាមួយគ្នានេះលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ សង្កេតឃើញថា កម្ពុជា ហាក់មានភាពលំបាកធ្វើការជាមួយភាគីថៃ ជុំវិញវិវាទព្រំដែននេះណាស់ ដោយសារតែភាគីថៃ ហាក់មិនគោរពតាមច្បាប់អន្តរជាតិ ជាគោលនោះឡើយ ជាក់ស្ដែងថៃ តែងតែងច្រានចោលនូវសន្ធិសញ្ញា និងច្បាប់អន្តរជាតិ នានា ហើយសម្រេចចិត្តជាឯកតោភាគី។ សម្រាប់អ្នកជំនាញរូបនេះ កម្ពុជា ចាំបាច់ត្រូវតែដាក់ពាក្យប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ប្រសិនជាកម្ពុជា នៅតែព្យាយាមដោះស្រាយបញ្ហាព្រំដែននេះទ្វេភាគី ដោយមិនមានភាគីទី៣ចូលរួមទេ នោះកម្ពុជានឹងប្រឈមបាត់បង់ទឹកដីទាំងអស់នោះ និងប្រឈមការមើលងាយពីសំណាក់មហាជនថៃ គ្រប់ជំនាន់តទៅមុខទៀត។

ជាមួយគ្នានេះ លោក រស់ សុដ្ឋា ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា(CHRAC) យល់ឃើញថា ដើម្បីបញ្ឍប់សកម្មភាពរបស់យោធាថៃ នៅលើទឹកដីខ្មែរខុសច្បាប់ កម្ពុជាចាំបាច់ត្រូវតែងាកទៅរកគោលការណ៍ច្បាប់អន្តរជាតិ ជាពិសេសសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ខណៈកម្ពុជា ក៏កំពុងទទួលបានការគាំទ្រពីបារាំង ដែលជាឱកាសមួយដ៏ល្អ។

បើតាមលោក រស់ សុដ្ឋា ប្រសិនជាកម្ពុជា នៅតែបន្តចេញលិខិតតវ៉ា នោះហាក់មិនសូវមានប្រសិទ្ធិភាពនោះទេ ពីព្រោះប្រទេសថៃ ហាក់កំពុងអាងកម្លាំងទ័ពដើម្បីដណ្ដើមទឹកដីខ្មែរ ដែលតម្រូវឱ្យកម្ពុជា ត្រូវចងសម្ពន្ធមិត្តជាមួយប្រទេសនានា ដូចជាសហរដ្ឋអាម៉េរិក ចិន បារាំង ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងហ្វីលីពីនជាដើម ដើម្បពង្រឹងការគាំទ្រជំរុញដល់ការអនុវត្តច្បាប់អន្តរជាតិ នានា។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចេញលិខិតតវ៉ាជាផ្លូវការជាបន្តបន្ទាប់ទៅកាន់ភាគីថៃ ដើម្បីទាមទារឱ្យបញ្ឈប់សកម្មភាពឈ្លានពាន និងរំលោភអធិបតេយ្យភាពតាមបណ្តោយព្រំដែន ជាពិសេសក្នុងតំបន់ខេត្តឧត្តរមានជ័យ និងព្រះវិហារ ដោយតាមរយៈលិខិតទាំងអស់នោះបានបង្ហាញថា គឺជាយុទ្ធសាស្ត្រការទូត ដើម្បីការពារទឹកដីតាមផ្លូវច្បាប់អន្តរជាតិ។ ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជា បានប្រកាន់នូវគោលជំហរយ៉ាងម៉ឺងម៉ាត់ ដោយដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តិវិធី ហើយបញ្ចៀសការប្រើកម្លាំងទ័ព ដែលអាចនាំឱ្យស្ថានការណ៍កាន់តែដុនដាប និងប៉ះពាល់ដល់ប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


អ្នកជំនាញជឿជាក់ថា ការប្រើប្រាស់រថយន្តអគ្គិសនីនឹងដើរលឿនជាងផែនការ ក្រោយរដ្ឋបញ្ចុះពន្ធនាំចូល

​​រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចុះអត្រាពន្ធគយនាំចូលរថយន្តអគ្គិសនីភាគច្រើនមកនៅត្រឹម ០% ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ តទៅ ដើម្បីសម្រាលប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ