
បន្ទាប់ពីភាគីកម្ពុជា និងថៃ បញ្ចប់ការវាស់វែង និងបោះបង្គោលបណ្ដោះអាសន្ន ព្រមទាំងទទួលបានការយល់ព្រមពីរដ្ឋាភិបាលរៀងខ្លួន ភាគីទាំងពីរនឹងស្នើសុំយោបល់ពីរដ្ឋាភិបាលរៀងៗខ្លួន ដើម្បីពិនិត្យសម្រេចលើការបង្កើតយន្ដការសមស្របណាមួយ សម្រាប់ធ្វើការសម្រួលការកាន់កាប់ និងអាស្រ័យផលរបស់ភាគីទាំងពីរ។ ទោះយ៉ាងណា នៅអំឡុងពេលបោះបង្គោលបណ្ដោះអាសន្ននេះ គឺធ្វើឡើងក្នុងគោលបំណងបម្រើឱ្យការវាស់វែងប៉ុណ្ណោះ ដោយមិនត្រូវប៉ះពាល់ដល់ខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃនោះឡើយ។
ទន្ទឹមនឹងនោះ ភាគីទាំងពីរបានឯកភាពគ្នាសម្របសម្រួលណែនាំដល់អាជ្ញាធរមូលដ្ឋាន រួមទាំងកម្លាំងយោធា និងជនស៊ីវិល ដើម្បីចូលរួមធានាសុវត្ថិភាព និងមិនរារាំងដល់ក្រុមវាស់វែងចម្រុះ ព្រមទាំងត្រូវចៀសវាងរាល់សកម្មភាពបង្កហេតុ ដែលអាចបង្កើតភាពតានតឹងបន្ថែមទៀត នៅក្នុងតំបន់នេះ ហើយត្រូវធានាសុវត្ថិភាពពីគ្រាប់មីន ដោយអនុលោមតាមមាត្រា៣ នៃMoU ឆ្នាំ២០០០។
ក្រៅពីឯកភាពគ្នាលើការចុះវាស់វែង និងបោះបង្គោលបណ្ដោះអាសន្ន ទាក់ទងនឹងករណីនៅភូមិជោគជ័យ-ណងចាន់ និងតំបន់ភូមិព្រៃចាន់-ណងយ៉ាកែវ ភាគីកម្ពុជា និងថៃ ក៏បានឯកភាពគ្នាប្រគល់ភារកិច្ចជូនអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ ដើម្បីសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន ១៥ តាមគំរូដើមបង្គោលជំនាន់បារាំងនៅទីតាំងដែលភាគីទាំងពីរបានឯកភាពគ្នាលើទីតាំងដើម។
ជាមួយគ្នានេះ កិច្ចប្រជុំ JBC ក៏បានឯកភាពនឹងសាងសង់ឡើងវិញនូវបង្គោលព្រំដែនលិចទឹកចំនួន ៣ នៅទីតាំងដែលភាគីទាំងពីរនឹងឯកភាពគ្នាផងដែរ។
ភាគីកម្ពុជា និងថៃ បានឯកភាពថា នឹងបើកកិច្ចប្រជុំ JBC ជាបន្ដទៀត នៅសប្ដាហ៍ទី១ នៃខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប នៃប្រទេសកម្ពុជា៕