រឿងអាស្រូវពុករលួយផ្ទួនៗកំពុងធ្វើឱ្យវិនិយោគិនបាត់បង់ទំនុកចិត្ត និងធ្វើឱ្យទីផ្សារភាគហ៊ុនថៃ ដាំក្បាលចុះយ៉ាងខ្លាំង។ និយ័តករមូលបត្រ ដូចជាគណៈកម្មការមូលបត្រ និងទីផ្សារភាគហ៊ុនថៃ ក៏ទទួលរងការរិះគន់យ៉ាងចាស់ដៃផងដែរ ចំពោះការស៊ើបអង្កេតយឺតយ៉ាវ ដែលបណ្ដោយឱ្យអ្នកប្រព្រឹត្តខុសគេចផុតពីការទទួលខុសត្រូវតាមផ្លូវច្បាប់ និងធ្វើឱ្យការខាតបង់កាន់តែធ្ងន់ធ្ងរទៅៗសម្រាប់វិនិយោគិន។
ជាលទ្ធផលរូបភាពទីផ្សារភាគហ៊ុនរបស់ប្រទេសថៃ កាន់តែស្អុយរលួយ ហើយតម្លៃជួញដូរពិតប្រាកដនៃទីផ្សារភាគហ៊ុនថៃ បានធ្លាក់ចុះខ្លាំងដល់កម្រិតចុងក្រោយកាលពី ២០ឆ្នាំមុន។
ក្រុមអ្នកជំនាញនិយាយថា ដើម្បីស្ដារទំនុកចិត្តវិនិយោគិនឡើងវិញ និយ័តករមូលបត្រត្រូវផ្តន្ទាទោសអ្នកប្រព្រឹត្តកំហុសឱ្យបានឆាប់រហ័ស និងតឹងរ៉ឹងជាងមុន ពង្រឹងការធ្វើសវនកម្ម និងការត្រួតពិនិត្យ។ វិនិយោគិននានាត្រូវបានណែនាំឱ្យពិនិត្យផ្ទៀងផ្ទាត់សកម្មភាពក្រុមហ៊ុននានាជាក់ស្ដែងដោយខ្លួនឯង ជំនួសឱ្យការពឹងផ្អែកតែលើរបាយការណ៍ហិរញ្ញវត្ថុ ដែលជនឆ្លៀតឱកាសអាចនឹងរៀបចំដើម្បីបំភាន់ភ្នែក៕
ដោយ: តែម សុខុម