ការំលាយសភាថៃ

តើការំលាយសភារបស់លោក អានុទីន អាចធ្វើឱ្យជម្លោះព្រំដែនកម្ពុជា-ថៃ កាន់តែតានតឹងឬយ៉ាងណា?


សង្គ្រាមឈ្លានពានទាំងកំរោលរបស់យោធាថៃ មកលើដែនអធិតេយ្យភាពកម្ពុជា ឈានចូលដល់ថ្ងៃទី៦ហើយ គិតត្រឹមថ្ងៃទី១២ ខែធ្នូនេះ ស្របពេលដែលព្រះមហាក្សត្រថៃ បានយល់ព្រមរំលាយសភាតាមសំណើរបស់លោក អានុទីន ឆានវីរៈគុល។ អ្នកជំនាញ និងអ្នកតាមដានស្ថានការណ៍សង្គម បានចាត់ទុកការសម្រេចរំលាយសភាថៃ នៅក្នុងកាលៈទេសៈនេះ គឺនឹងធ្វើឱ្យបញ្ហាសង្រ្គាមរវាងកម្ពុជា-ថៃ កើនឡើងកម្តៅកាន់តែខ្លាំង និងអូសបន្លាយពេលយូររកច្រកចេញមិនរួច ដ្បិតសិទ្ធិសម្រេចក្នុងជម្លោះព្រំដែនជាមួយកម្ពុជានឹងធ្លាក់ក្នុងកណ្ដាប់ដៃរបស់ក្រុមយោធាថៃ ដែលគ្រប់គ្រងដោយព្រះមហាក្សត្រទាំងស្រុង។
ការំលាយសភា
ដោយ

លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានវាយតម្លៃថា មូលហេតុដែល លោក អានុទីន ឆានវីរៈគុល សម្រេចរំលាយសភានាពេលនេះ អាចដោយសារតែលោកចង់គេចចេញពីការទទួលខុសត្រូវនានា រួមទាំងការអន្តរាគមន៍របស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ លើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដ្បិតរដ្ឋាភិបាលចាំផ្ទះគ្មានសិទ្ធក្នុងការចរចាឡើយ។ មួយវិញទៀតអាចដោយសារលោក អានុទីន ចង់ដកខ្លួនឱ្យបានមុនការបោះឆ្នោតដកសេចក្ដីទុកចិត្តចំពោះរូបលោកនៅក្នុងរដ្ឋសភា នាពេលខាងមុខ។ តែយ៉ាងណាអ្នកជំនាញរូបនេះយល់ឃើញថា ទោះលោក អានុទីន បានដកខ្លួនចេញក៏ពិតមែន ប៉ុន្តែរូបគេមិនអាចគេចផុតពីការទទួលខុសត្រូវលើឧក្រិដ្ឋកម្មសង្រ្គាម ដែលបានធ្វើមកលើកម្ពុជាឡើយ។ អុ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា តាមរយៈការចាកចេញពីតំណែងរបស់លោក អានុទីន នេះ ប្រាកដណាស់វានឹងរុញច្រានឱ្យបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ កាន់តែអូសបន្លាយយូរ និងវិវត្តទៅរកស្ថានការណ៍កាន់តែអាក្រក់ បន្ទាប់ពីសិទ្ធិអំណាចទាំងអស់ធ្លាក់ក្នុងកណ្ដាប់ដៃរបស់ក្រុមយោធាថៃទាំងស្រុង។

ជាមួយគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បានចាត់ទុកការដកខ្លួនចេញទាំងតក់ក្រហល់របស់លោក អានុទីន នាពេលនេះ គឺជាល្បែងនយោបាយផ្ទៃក្នុងថ្មីមួយរបស់ប្រទេសថៃ ដើម្បីរារាំងដល់ការអន្តរាគម៍ពីសហរដ្ឋអាម៉េរិកទៅរកបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព ដែលភាគីថៃបានប្រកាសហែកចោល។ ហើយការធ្វើបែបនេះ វាក៏ជាចេតនារបស់លោក អានុទីន ដើម្បីគេចវេចពីភាពអាម៉ាស់លើការបោះឆ្នោតដកសេចក្តីទុកចិត្តលើរូបលោកពីរដ្ឋសភានៅពេលឆាប់ៗខាងមុខនេះផងដែរ។ បើតាមអ្នកជំនាញរូបនេះ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ នឹងបន្តអូសបន្លាយពេលកាន់តែយូរតាមរយៈបញ្ហានេះ ដ្បិតការបោះឆ្នោតបង្កើតសភាថ្មីអាចចំណាយពេលពី៤៥ថ្ងៃ ទៅ៦០ថ្ងៃ បន្ទាប់ពីសភាត្រូវបានរំលាយ។ ដូច្នេះអ្នកជំនាញរូបនេះ ជំរុញឱ្យកម្ពុជាត្រូវមានការប្រុងប្រយ័ត្នជាងមុន និងត្រូវត្រៀមខ្លួនឱ្យបានកាន់តែខ្លាំង ដើម្បីឆ្លើយតបទប់ទល់នឹងការឈ្លានពានរបស់យោធាថៃ ទាំងផ្នែកការទូត និងយោធា។

គួរជម្រាបថា គិតត្រឹមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ សង្គ្រាមឈ្លានពានរបស់យោធាថៃ មកលើប្រទេសកម្ពុជា បានឈានដល់ថ្ងៃទី៦ហើយ ដោយនៅក្នុងរយៈពេលនេះកងទ័ពថៃ បានប្រព្រឹត្តនូវអំពើដែលរំលោភបំពានលើច្បាប់អន្តរជាតិ ជាច្រើនរាប់មិនអស់ ដូចជាការប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក ការប្រើប្រាស់ឧស្ម័នពុលជាដើម ដែលបណ្តាលឱ្យប្រជាជនស៊ីវិលស្លូតត្រង់ជាច្រើននាក់បានស្លាប់ និងរងរបួស ហើយទីតាំងប្រវត្តិសាស្ត្រកម្ពុជា ជាច្រើនត្រូវបានកម្ទេច៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ




អត្ថបទបន្ទាប់


តើការបញ្ឆេះសង្គ្រាមរបស់យោធាថៃ មកលើកម្ពុជា កំពុងគំរាមកំហែងវិស័យទេសចរណ៍ និងសេដ្ឋកិច្ចថៃ យ៉ាងណាដែរ?

សង្គ្រាមឈ្លានពានរបស់យោធាថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មក្នុងស្រុក វិស័យទេសចរណ៍ ទំនុកចិត្តអ្នកវិនិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ