វិស័យពាណិជ្ជកម្ម

តើអាស៊ាន អាចជាទីផ្សារសំខាន់របស់កម្ពុជា សម្រាប់ការធ្វើពិពិធកម្មទីផ្សារនាំចេញឬយ៉ាងណា ក្រោយរងសម្ពាធពន្ធគយពីអាម៉េរិក?


ការធ្វើពិពិធកម្មទីផ្សារ គឺជាយន្តការដ៏សំខាន់មួយក្នុងការជួយជំរុញការនាំចេញ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅក្នុងបរិបទ ដែលកម្ពុជាកំពុងរងនូវសម្ពាធពន្ធគយបដិការពីសហរដ្ឋអាម៉េរិក។ ក្រៅពីទីផ្សារប្រទេសធំៗនៅលោកខាងលិច តើទីផ្សារអាស៊ាន ដែលមានប្រជាជនប្រមាណ ៦០០លាននាក់ គួរតែជាទីផ្សារ ដែលកម្ពុជាគួរតែពង្រីកការធ្វើពិពិធកម្ម ដែរ ឬយ៉ាងណា?
វិស័យពាណិជ្ជកម្
ដោយ

ឆ្លើយតបទៅនឹងសំណួរអ្នកនេះ អ្នកវិភាគសេដ្ឋកិច្ចល្បីៗ ដែលបានចូលរួមជាវាគ្មិនក្នុងវេទិកាពិភាក្សាស្ដីពី «មាគ៌ាប្រតិបត្តិពាណិជ្ជកម្ម និងការវិនិយោគ ២០២៥» កាលពីពេលថ្មីៗនេះ បានគូសបញ្ជាក់ អាស៊ានមិនមែនជាជម្រើសទីផ្សារដ៏ល្អ ដែលកម្ពុជាត្រូវពឹងផ្អែកខ្លាំង សម្រាប់ការធ្វើពិពិធកម្មទីផ្សារនាំចេញរបស់ខ្លួននោះទេ។ តើហេតុអ្វីបានជាក្រុមសេដ្ឋវិទូ មានការយល់ឃើញបែបនេះ?


លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានគូសបញ្ជាក់ ក្នុងវេទិកាពិភាក្សាស្ដីពី «មាគ៌ាប្រតិបត្តិពាណិជ្ជកម្ម និងការវិនិយោគ ២០២៥» កាលពីពេលថ្មីៗនេះ ថា ការដោះដូរពាណិជ្ជកម្មរបស់ប្រទេសនៅក្នុងតំបន់អាស៊ាន ហាក់មានសម្ទុះកំណើនខ្ពស់គួរឱ្យកត់សម្គាល់នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែ តាមរយៈបញ្ហាជម្លោះព្រំដែនរវាងកម្ពុជានិងថៃនាពេលបច្ចុប្បន្ន វានឹងរាំងស្ទះដល់ការជំរុញកំណើនពាណិជ្ជកម្មរបស់តំបន់អាស៊ាន។ យ៉ាងណាមិញ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា នៅពេលដែលកម្ពុជាកំពុងរងនូវសម្ពាធពន្ធគយបដិការពីសហរដ្ឋអាម៉េរិក កម្ពុជាក៏មិនអាចពឹងផ្អែកទៅលើទីផ្សារអាស៊ានសម្រាប់ពង្រីកការធ្វើពិពិធកម្មទីផ្សាររបស់ខ្លួននោះដែរ ដ្បិតថាប្រទេសសមាជិកអាស៊ានបច្ចុប្បន្ន ហាក់មិនទាន់មានការរួបរួមគ្នានៅឡើយ ហើយប្រទេសនីមួយៗប្រកាន់ភ្ជាប់នូវគោលនយោបាយការពារនិយមរៀងៗខ្លួន។ សម្រាប់អ្នកជំនាញរូបនេះ ក្រៅពីការជំរុញការធ្វើពិពិធកម្មទីផ្សារខាងក្រៅ កម្ពុជាក៏គួរជំរុញការធ្វើពិពិធកម្មទីផ្សារនៅក្នុងស្រុកឱ្យបានច្រើនផងដែរ ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានកំណើនល្អប្រសើរ។

យ៉ាងណាមិញ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បានគូសបញ្ជាក់ថា កម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការធ្វើពិពិធកម្មទីផ្សាររបស់ខ្លួនបន្ថែម តួយ៉ាងតាមរយៈទីផ្សារនៃប្រទេសសមាជិក RCEP បានក្លាយជាទីផ្សារនាំចេញធំជាងគេទី២ របស់កម្ពុជា បន្ទាប់ពីទីផ្សារសហរដ្ឋអាម៉េរិក។ ទោះយ៉ាងណា អ្នកជំនាញរូបនេះសង្កេតឃើញថា ទំនិញក្នុងវិស័យកសិកម្ម នៅតែអាចមានឱកាសធ្វើពិពិធកម្ម ទៅកាន់ទីផ្សារអាស៊ាន ដ្បិតវាមានលក្ខណៈអំណោយផលច្រើន ទាំងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការអនុគ្រោះពន្ធនានា។ ប៉ុន្ដែ អ្នកជំនាញក៏បានព្រមានដែរថា បញ្ហាជម្លោះផ្ទៃក្នុងរបស់ប្រទេសសមាជិកអាស៊ាន ចង់ ឬមិនចង់វានឹងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងការធ្វើពាណិជ្ជកម្មក្នុងតំបន់ ហើយក៏អាចបន្ទុចបង្អាក់ដល់ការវិនិយោគបរទេសចូលមកក្នុងតំបន់នេះផងដែរ។

ជុំវិញការធ្វើពិពិធកម្មទីផ្សារនាំចេញនេះដែរ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងជំរុញភាពជាដៃគូរពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេស និងតំបន់ផ្សេងៗបន្ថែមទៀត ជាក់ស្តែង ដូចជា ប្រទេសសមាជិកនៃកិច្ចព្រមព្រៀង CT PTT ជាដើម។ ទន្ទឹមនឹងការពង្រីកទីផ្សារថ្មីៗ កម្ពុជាត្រូវតែបង្កើនផលិតភាពផលិតរបស់ខ្លួនបន្ថែម ពិសេសក្នុងវិស័យកម្មន្ត ដើម្បីជំរុញការនាំចេញឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់។

យោងតាមរបាយកាណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា នៅពេញមួយឆ្នាំ២០២៤ កន្លងទៅនេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយប្រទេសក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) សម្រេចបានទឹកប្រាក់ជាង ៣៤ពាន់លានដុល្លារ កើនឡើងជាង១៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយប្រទេសក្នុងតំបន់អាស៊ាន សម្រេចបានទឹកប្រាក់ជាង ១៥ពាន់លានដុល្លារ កើនឡើងជាង១២%៕

អត្ថបទ សោម ស្រីពេជ្រ




អត្ថបទបន្ទាប់


អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ និងសង្គម ជំរុញឱ្យរាជរដ្ឋាភិបាលប្ដឹងទៅសហគមន៍អន្តរជាតិ ជុំវិញករណីទាហានថៃ រាយបន្លាលួសព័ទ្ធយកភូមិអ្នកស្រុក

ក្រុមអ្នកវិភាគផ្នែកភូមិសាស្ត្រនយោបាយ និងសង្គម បានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើកំណត់ហេតុ និងដាក់ពាក្យប្ដឹងទៅកាន់សហគមន៍អន្តរជាតិ ចំពោះក…

ក្រុមអ្នកជំនាញ និងអ្នកជំនួញផ្នែកដឹកជញ្ជូន និងភស្ដុភារកម្ម ជំរុញឱ្យកម្ពុជា អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកឱ្យបានឆាប់

ការដឹកជញ្ជូនតាមផ្លូវដែក គឺជាសសៃឈាមដ៏សំខាន់មួយ សម្រាប់ឧស្សាហកម្មដឹកជញ្ជូន និងឡូជីស្ទិក ដ្បិតថា តម្លៃលើការដឹកជញ្ជូនតាមផ្លូវដែក គឺមានទាបជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ