វិស័យដឹកជញ្ជូន

ក្រុមអ្នកជំនាញ និងអ្នកជំនួញផ្នែកដឹកជញ្ជូន និងភស្ដុភារកម្ម ជំរុញឱ្យកម្ពុជា អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកឱ្យបានឆាប់


ការដឹកជញ្ជូនតាមផ្លូវដែក គឺជាសសៃឈាមដ៏សំខាន់មួយ សម្រាប់ឧស្សាហកម្មដឹកជញ្ជូន និងឡូជីស្ទិក ដ្បិតថា តម្លៃលើការដឹកជញ្ជូនតាមផ្លូវដែក គឺមានទាបជាង បើធៀបនឹងការដឹកញ្ជូនតាមផ្លូវគោក និងផ្លូវអាកាស។ អ្នកជំនាញ និងអ្នកជំនួញនៅក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទិកនៅកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាត្រូវជំរុញការអភិវឌ្ឍ និងធ្វើទំនើបកម្មផ្លូវដែករបស់ខ្លួនឱ្យបានឆាប់រហ័ស ដើម្បីពង្រឹងភាពប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក ក៏ដូចជាជួយជំរុញទាក់ទាញការវិនិយោគពីអន្តរជាតិ ផងដែរ។
វិស័យដឹកជញ្ជូន
ដោយ

នៅក្នុងវេទិកាពិភាក្សាស្តីពី«មាគ៌ាប្រតិបត្តិពាណិជ្ជកម្ម និងវិនិយោគ ២០២៥» កាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុនវើលដ៍ប្រ៊ីដ គ្រុប យល់ឃើញថា ដើម្បីឱ្យវិស័យដឹកជញ្ជូនតាមផ្លូវដែកមានការអភិវឌ្ឍបាន លុះណាតែ អ្នកវិនិយោគត្រូវគិតគូចំណាយទៅលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះរួមមាន ក្បាលរថភ្លើង និងដងសន្ទួចសម្រាប់លើកដាក់ទំនិញជាដើម។ បើតាមអ្នកជំនួញរូបនេះ ការដែលមិនមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកគ្រប់គ្រាន់ នឹងធ្វើឱ្យការចំណាយលើការដឹកជញ្ជូននៅតែមានខ្ពស់ និងពិបាកក្នុងការប្រគួតប្រជែង។

ជាមួយគ្នានេះ ឯកឧត្តម លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានគូសបញ្ជាក់ថា ការដឹកជញ្ជូនតាមផ្លូវដែក ជាទូទៅ ត្រូវចំណាយពេលវេលាយូរជាងការដឹកជញ្ជូនតាមថយន្ត ដោយសារការផ្ទេរទំនិញទៅទូរថភ្លើងត្រូវចំណាយពេលច្រើនដង។ ប៉ុន្ដែ ឯកឧត្តម លូ គឹមឈុន លើកឡើងថា ការដឹកជញ្ជូនតាមផ្លូវដែកក្នុងរយៈចម្ងាយឆ្ងាយ នឹងទទួលបានផលចំណេញជាងការដឹកជញ្ជូនក្នុងរយៈចម្ងាយជិត បើធៀបនឹងការដឹកជញ្ជូនតាមរថយន្ដ។

ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អ៊ិចប្រេស លើកឡើងដែរថា បញ្ហានៅក្នុងវិស័យដឹកជញ្ជូនតាមផ្លូវដែកនៅកម្ពុជា ទាំងវិស័យរដ្ឋ និងឯកជន ត្រូវតែ ត្រូវរួមគ្នាស្វែងរកដំណោះស្រាយ ដើម្បីបង្កើនភាពប្រកួតប្រជែង សម្រាប់វិស័យឧស្សាហកម្មដឹកជញ្ជូន និងឡូជីស្ទិក ពិសេសវានឹងជួយដល់ការទាក់ទាញការវិនិយោគបន្ថែមមកកម្ពុជាផងដែរ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ កម្ពុជា មានផែនការលើកកម្ពស់គុណភាព និងអភិវឌ្ឍន៍គម្រោងផ្លូវដែកចំនួន៨គម្រោងនៅទូទាំងប្រទេស ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ និងលើកកម្ពស់ការប្រកួតប្រជែងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវដែករបស់កម្ពុជា ជាពិសេស ដើម្បីរួមចំណែកជួយទាក់ទាញការវិនិយោគពីបរទេស។ នៅក្នុងចំណោមគម្រោងទាំង៨នេះ មានគម្រោងចំនួន៣ ស្ថិតក្នុងផែនការអភិវឌ្ឍន៍រយៈពេលមធ្យមពីឆ្នាំ២០២៣-២០២៧ និង៥គម្រោងទៀត ស្ថិតក្នុងផែនការអភិវឌ្ឍន៍រយៈពេលវែងពីឆ្នាំ២០២៨-២០៣៣៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


តើអាស៊ាន អាចជាទីផ្សារសំខាន់របស់កម្ពុជា សម្រាប់ការធ្វើពិពិធកម្មទីផ្សារនាំចេញឬយ៉ាងណា ក្រោយរងសម្ពាធពន្ធគយពីអាម៉េរិក?

ការធ្វើពិពិធកម្មទីផ្សារ គឺជាយន្តការដ៏សំខាន់មួយក្នុងការជួយជំរុញការនាំចេញ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅក្នុងបរិបទ ដែលកម្ពុជាកំពុងរងនូ…

ឯកឧត្តម វង្សី វិស្សុត ជឿជាក់ថា រោងចក្រទឹកស្អាតក្រុងតាខ្មៅ និងស្ថានីយបូមទឹកឆៅកោះនរា នឹងធ្វើឱ្យភាគខាងត្បូងរាជធានីភ្នំពេញ មានទឹកប្រើប្រាស់គ្រប់គ្រាន់

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារសំខាន់នៃរោងចក្រទឹកស្អាតក្រុងតាខ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ