
គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយថៃ (NACC) កាលពីថ្ងៃទី២៣ ខែមិថុនា បានឯកភាពជាឯកច្ឆន្ទ ដើម្បីបើកការស៊ើបអង្កេតបឋមលើការបែកធ្លាយសារសំឡេងសន្ទនាតាមទូរសព្ទរវាងនាយករដ្ឋមន្ត្រីថៃ លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ គណៈកម្មាធិការនេះ ជឿជាក់ថា ខ្លឹមសារនៅក្នុងការសន្ទនាគ្នានោះអាចជាការបំពានយ៉ាងធ្ងន់ធ្ងរលើបទដ្ឋានក្រមសីលធម៌ ជាពិសេសការលើកឡើងដែលទាក់ទិននឹងភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ។
គណៈកម្មាធិការជាតិ ប្រឆាំងអំពើពុករលួយថៃ (NACC) បានកំណត់ពេលវេលា១០ថ្ងៃដើម្បីបញ្ចប់ការស៊ើបអង្កេតបឋមនេះ។ ដំណើរការនៃការស៊ើបអង្កេតនេះនឹងរួមបញ្ចូលការកត់ត្រាចម្លងខ្លឹមសារ និងការបកប្រែយ៉ាងត្រឹមត្រូវនូវសំឡេងនោះពីភាសាខ្មែរទៅជាភាសាថៃ ការសាកសួរសាក្សីដែលពាក់ព័ន្ធ និងការពិនិត្យផ្ទៀងផ្ទាត់ខ្លឹមសារច្បាប់ជាធរមាន។
ការត្រួតពិនិត្យនេះ ក៏នឹងយោងទៅលើសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញមួយកាលពីឆ្នាំមុន ដែលបានឈានទៅដល់ការដកតំណែងអតីតនាយករដ្ឋមន្ត្រីថៃ លោក ស្រ៊ីថា ថាវីស៊ីន (Srettha Thavisin) ដោយសារការតែងតាំងលោក ពីឈីត ឈឺនបាន (Phichit Chuenban) ជារដ្ឋមន្ត្រីដែលបានបង្កភាពចម្រូងចម្រាសយ៉ាងខ្លាំង។
លើសពីនេះ គណៈកម្មាធិការនេះ ក៏នឹងពិនិត្យមើលផងដែរថា តើតុលាការធម្មនុញ្ញបានទទួលយកពាក្យបណ្ដឹងប្ដឹងលោកស្រី ផៃថងថាន ហើយឬនៅ។ ប្រសិនបើការស៊ើបអង្កេតបឋមរកឃើញហេតុផលគ្រប់គ្រាន់អាចនឹងឈានដល់ការស៊ើបអង្កេតស៊ីជម្រៅទ្រង់ទ្រាយធំដែលជាលទ្ធផលអាចនឹងធ្វើឱ្យលោកស្រី ផៃថងថាន ជ្រុះចេញពីតំណែងក៏ថាបាន។
បណ្ដឹងប្រឆាំងនាយករដ្ឋមន្ត្រីថៃនេះ ត្រូវបានចុះហត្ថលេខាដោយសមាជិកព្រឹទ្ធសភាជាច្រើនរូប រួមទាំងប្រធានព្រឹទ្ធសភាលោក មង្គល ស៊ូរ៉ាសច្ចៈ (Mongkol Surasajja) ផងដែរ ហើយត្រូវបានដាក់ជូនទៅគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយថៃ (NACC) រួចហើយ។ ពាក្យបណ្តឹងនេះ ក៏ត្រូវបានបញ្ជូនទៅតុលាការធម្មនុញ្ញផងដែរ ដើម្បីពិចារណាមើលថា តើតំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រី ផៃថងថាន គួរតែត្រូវបានបញ្ចប់ឬយ៉ាងណាដោយផ្អែកលើសកម្មភាពរបស់លោកស្រីនៅក្នុងសារសំឡេងសន្ទនាតាមទូរសព្ទរវាងលោកស្រី និងសម្ដេចតេជោ ដែលបានបែកធ្លាយ៕
ដោយ: តែម សុខុម