
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា ទោះបីគណបក្សភូមិចៃថៃ ដឹកនាំរដ្ឋាភិបាលថ្មីរបស់ថៃ ក៏ដោយ ក៏ទំនាក់ទំនង និងការដោះស្រាយបញ្ហាជាមួយកម្ពុជានឹងមិនអាចភាពប្រសើរឡើងវិញនោះទេ ដោយសារការដឹកនាំរបស់រដ្ឋាភិបាលថៃ មិនស្របជាមួយកងទ័ព។ បើតាមអះអាងរបស់អ្នកជំនាញភូមិសាស្រ្តនយោបាយរូបនេះ រដ្ឋាភិបាលថៃថ្មី នឹងមិនមានស្ថិរភាពយូរអង្វែងនោះទេ ពោលគឺនឹងត្រូវរំលាយសភាបោះឆ្នោតឡើងវិញក្នុងរយៈពេល៤ខែ។ ការណ៍នេះនឹងមិនអាចធ្វើឱ្យការដោះស្រាយបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ លេចចេញជាលទ្ធផលនោះទេ។
ពាក់ព័ន្ធការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃនេះដែរ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក៏យល់ឃើញដូចលោកបណ្ឌិត គិន ភា ដែរ។ លោកបណ្ឌិតជឿជាក់ថា ប្រសិនបើលោក អានុទិន ក្លាយជានាយករដ្ឋមន្ត្រី នោះគណបក្សភូមិចៃថៃនឹងត្រូវអនុវត្តតាមលក្ខខណ្ឌរបស់គណបក្សប្រជាជនថៃ ដែលទាមទារឱ្យរំលាយសភាបោះឆ្នោតឡើងវិញក្នុងរយៈពេល៤ខែ ធ្វើប្រជាមតិកំណែទម្រង់រដ្ឋធម្មនុញ្ញ និងការបន្ត ឬមិនបន្ត MoU ឆ្នាំ២០០០ ជាមួយកម្ពុជា។ អ្នកជំនាញរូបនេះជឿជាក់ថា រដ្ឋាភិបាលលោក អានុទីន នឹងប្រឈមនឹងការធ្វើរដ្ឋប្រហារពីកងទ័ពប្រសិនបើហ៊ានធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ។ ការណ៍នេះ វាជាសេណារីយ៉ូល្អសម្រាប់កម្ពុជា ព្រោះកងទ័ពនឹងដឹកនាំរដ្ឋាភិបាល ដែលអាចធ្វើឱ្យមានដំណោះស្រាយមួយចំនួនជាមួយកម្ពុជា។
សូមបញ្ជាក់ថា ក្រោយនាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ត្រូវបានតុលាការធម្មនុញ្ញថៃ សម្រេចចេញសាលក្រមដកតំណែងជាផ្លូវការកាលពីសប្តាហ៍មុន ពេលនេះលោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) ប្រធានគណបក្សភូមិចៃថៃ ត្រូវបានគេមើលឃើញថា ជាបេក្ខភាពដ៏លេចធ្លោសម្រាប់តំណែងនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ៕
អត្ថបទ៖ បូ ដូឡា