ទង្វើឈ្លានពានរបស់ថៃ

តើតាមរយៈការរុកកួនរបស់កងទ័ពថៃ អាចរុញច្រានធ្វើឱ្យកម្ពុជា និងថៃប៉ះទង្គិចប្រដាប់អាវុធជាថ្មីឬយ៉ាងណា?


នៅក្រោយពេលបទឈប់បាញ់បានចូលជាធរមាន ភាគីថៃបានបង្ហាញឥរិយាបទយ៉ាងគឃ្លើនដែលបានរំលោភមកលើបទឈប់បាញ់រវាងខ្លួន និងកម្ពុជាម្ដងហើយម្ដង ដូចជាប្រើជំពាមកៅស៊ូបាញ់មកលើកងទ័ពកម្ពុជា រាយបន្លាលួស និងពង្រាយកងទ័ពរបស់ខ្លួនតាមព្រំដែនជាដើម។ ពាក់ព័ន្ធបញ្ហានេះ អ្នកជំនាញយល់ឃើញថា កម្ពុជាត្រូវតែបង្ហាញទង្វើទាំងគឃ្លើនរបស់កងទ័ពថៃនេះទៅអន្តរជាតិឱ្យបានឆាប់រហ័ស ហើយត្រូវពង្រឹងចំណុចខ្សោយរបស់ខ្លួនក្រោយឆ្លងកាត់សង្គ្រាមចំនួន៥ថ្ងៃជាមួយកងទ័ពថៃកាលពីពេលកន្លងទៅថ្មីនេះ ព្រោះថៃអាចនឹងលួចវាយឆ្មក់លើកម្ពុជាម្ដងទៀត។
ទង្វើឈ្លានពានរបស់ថៃ
ដោយ

ពិសេសគួរប្រើយន្តការអន្តរជាតិឱ្យបានច្រើន ដើម្បីអាចឱ្យសំឡេងកម្ពុជាត្រូវបានសហគមន៍អន្តរជាតិបានដឹងផងដែរ។ តើទង្វើរំលោភបំពានរបស់កងទ័ពនេះ អាចរុញច្រានស្ថានការណ៍ឱ្យកើតមានសង្គ្រាមប្រដាប់អាវុធម្ដងទៀតឬយ៉ាងណា?

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា ថៃហាក់កំពុងលេងល្បែងនយោបាយដោយយកករណីទាហានខ្លួនជាន់មីនមកធ្វើជាភស្តុតាង ដើម្បីបន្តមហិច្ឆតាឈ្លានពានលើកម្ពុជាសាជាថ្មី តាមរយៈការប្រើព័ត៌មានបំភ្លៃដែលបង្កប់ន័យញ៉ុះញ៉ង់។ ជាមួយគ្នានេះថៃបានរំលោភបំពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាម្ដងជាពីរដង ដែលនេះសបញ្ជាក់ឱ្យឃើញថាថៃបានបង្ហាញការប្រមាថយ៉ាងខ្លាំងមកលើកម្ពុជា ដែលទាមទារឱ្យកម្ពុជាត្រូវតែបង្ហាញទៅអន្តរជាតិឱ្យបានរហ័សតាមរយៈការធ្វើបច្ចុប្បន្នភាពរបាយការណ៍ផ្ដល់ទៅប្រទេស ដែលចូលរួមផ្ដួចផ្ដើមឱ្យមានបទឈប់បាញ់ ជាពិសេសអាម៉េរិក។ នេះបើតាមការគូសបញ្ជាក់របស់លោកបណ្ឌិត យង់ ពៅ ដែលបានបន្ថែមថា ស្របពេលដែលស្ថានភាពកំពុងស្ថិតក្នុងភាពផុយស្រួយនេះ កម្ពុជាត្រូវពង្រឹងសមត្ថភាពនូវរាល់ចំណុចខ្វះខាត និងត្រៀមជាប្រចាំ ព្រោះថៃអាចនឹងវាយឆ្មក់មកម្ដងទៀត។

ជាមួយគ្នានេះលោក យង់ គិមអេង ប្រធានមជ្ឍមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពហាក់បង្ហាញក្ដីព្រួយបារម្ភចំពោះស្ថានការណ៍បច្ចុប្បន្នក្នុងការរុញច្រានឱ្យកើតមានការផ្ទុះអាវុធដាក់គ្នារវាងថៃនិងកម្ពុជាម្ដងទៀត ព្រោះកងទ័ពថៃនៅតែចូលមកឈ្លានពានមកលើទឹកដីកម្ពុជាម្ដងហើយម្ដងទៀតដោយមិនបានអនុវត្តតាមបទឈប់បាញ់ឱ្យបានខ្ជាប់ខ្ជួននោះឡើយ។ អ្នកជំនាញរូបនេះអះអាងថា កម្ពុជាហាក់មានភាពចាស់ទុំជាងភាគីថៃ ដែលអាចជួយបន្ថយការកើនឡើងកម្ដៅកុំឱ្យកើតមានសង្ក្រាមសារជាថ្មី តែយ៉ាងណាការវាយប្រហារគ្នាដោយសង្គ្រាមវោហាស័ព្ទ បាននិងកំពុងជះឥទ្ធិពលទៅលើពលរដ្ឋទាំងសងខាង ដែលអាចធ្វើឱ្យបទឈប់បាញ់មានភាពផុយស្រួយផងដែរ។

គួរបញ្ជាក់ថា កម្ពុជាបានប្រកាសច្រានចោលទាំងស្រុងនូវការចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់ របស់ភាគីថៃ ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃ ដោយសារផ្ទុះមីននៅតំបន់ប្រាសាទតាមាន់ធំ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ កម្ពុជាបានអះអាងថា កម្ពុជានៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ គឺមិនមានការប្រើប្រាស់ និងមិនបានប្រើប្រាស់មីនថ្មីជាដាច់ខាត។ តែទោះជាយ៉ាងណាភាគីថៃ ហាក់នៅតែបំពានលើបទឈប់បាញ់ ដូចជាបន្តជ្រៀតចូលទឹកដីកម្ពុជាដោយខុសច្បាប់ជាញឹកញាប់ ដោយបានដាក់រាយបន្លាលួស និងសាងសង់ផ្លូវនៅកន្លែងជាច្រើន ប្រើជំពាមកៅស៊ូ ក៏ដូចជាត្រៀមកងទ័ពតាមព្រំដែនជាដើម៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


គណបក្សភឿថៃស្នើឱ្យតុលាការធម្មនុញ្ញពន្យារពេលសម្រេចលើជោគវាសនារបស់លោកស្រី ផែថងថាន

មកទល់ពេលនេះជោគវាសនាកៅអីនាយករដ្ឋមន្ត្រីរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ ដោយកំពុងរង់ចាំការសម្រេចរបស់…

ធនាគារ ហត្ថា លុបបំណុលទាំងស្រុងជូនក្រុមគ្រួសារយោធិនពលីចំនួន ០២រូប ដោយសារបញ្ហាព្រំដែន

ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥៖ ដើម្បីឆ្លើយតបជាមួយនឹងការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងធនាគារជាតិនៃកម្ពុជា ព្រមទាំងប្រជាពលរដ្ឋកម្ព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ