ពន្ធបដិការអាម៉េរិក

ប្រសិនបើអាម៉េរិកបញ្ចុះពន្ធមកនៅចន្លោះពី១៥%ទៅ២០% តើវាជាអត្រាល្អប្រសើរសម្រាប់សេដ្ឋកិច្ចកម្ពុជា ឬយ៉ាងណា?


បើគ្មានការប្រែប្រួលទេសហរដ្ឋអាម៉េរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ នឹងចាប់ផ្តើមអនុវត្តអត្រាពន្ធបដិការលើទំនិញនាំចូលពីប្រទេសកម្ពុជា និងប្រទេសផ្សេងៗទៀតចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ នេះតទៅ។
ពន្ធបដិការអាម៉េរិក
ដោយ

បើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាម៉េរិក អាម៉េរិកបានឈានដល់កិច្ចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកម្ពុជាហើយ ប៉ុន្តែតួលេខនៃអត្រាពន្ធគយជាក់លាក់នោះមិនទាន់ត្រូវបានប្រកាសនៅឡើយទេ តែយ៉ាងណាគេដឹងថាថ្មីៗនេះ អាម៉េរិកបានបង្ហើបថា នឹងកំណត់ពន្ធគយលើបណ្ដាប្រទេសដែលមិនទាន់សម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយខ្លួននៅក្នុងអត្រាចន្លោះពី១៥%ទៅ២០%។ ប្រសិនបើកម្រិតពន្ធបដិការអាម៉េរិកដាក់មកលើកម្ពុជាមានចន្លោះពី១៥%ទៅ២០% តើនឹងជះឥទ្ធិពលយ៉ាងណាសម្រាប់កម្ពុជា?

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជឿជាក់ថា ក្រោយរាជរដ្ឋាភិបាលកម្ពុជាបានខិតខំចរចាយ៉ាងស្វិតស្វាញអស់ជាច្រើនលើកច្រើនសារជាមួយសហរដ្ឋអាម៉េរិកនោះ លោកជឿជាក់ថា កម្ពុជានឹងអាចទទួលបាននូវអត្រាពន្ធបដិការក្នុងកម្រិតទាបចន្លោះពី១៥%ទៅ២០% នៅមុនថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ។ អ្នកជំនាញរូបនេះ បានចាត់ទុកអត្រាពន្ធគយនៅក្នុងកម្រិតនេះ គឺជាកម្រិតល្អប្រសើរមួយ ព្រោះវាជាកម្រិតមួយដែលកម្ពុជាអាចប្រកួតប្រជែងជាមួយបណ្តាប្រទេសដៃគូរផ្សេងៗបាន ហើយកម្ពុជាក៏អាចរក្សានូវលទ្ធភាពទាក់ទាញអ្នកវិនិយោគបរទេសឱ្យចូលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា សម្រាប់នាំចេញទៅកាន់ទីផ្សារអាម៉េរិកផងដែរ។

ដោយឡែកលោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពយល់ឃើញថា ប្រសិនបើកម្រិតពន្ធបដិការរបស់អាម៉េរិកដាក់មកលើកម្ពុជាមានចន្លោះពី១៥%ទៅ២០% មែននោះវានៅតែអាចជាបញ្ហាចោទសម្រាប់សេដ្ឋកិច្ចកម្ពុជា ព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់ភាពប្រកួតប្រជែងរបស់កម្ពុជាជាមួយបណ្តាប្រទេសប្រទេសផ្សេងៗ ដ្បិតថា ថ្លៃដើមផលិត និងថ្លៃដឹកជញ្ជូនរបស់កម្ពុជានៅតែមានកម្រិតខ្ពស់ជាងបណ្តាប្រទេសដទៃ ស្របពេលដែលកម្ពុជាស្ថិតនៅក្នុងប្រទេសមានការអភិវឌ្ឍតិចតួចនៅឡើយ។ តែយ៉ាងណាអ្នកជំនាញរូបនេះយល់ឃើញថា កម្រិតពន្ធបដិការចន្លោះពី១៥%ទៅ២០%នេះ ក៏អាចជាវិញ្ញាសារថ្មីមួយសម្រាប់កម្ពុជាក្នុងតេស្តសាកល្បងសមត្ថភាព ដើម្បីដឹងថា តើកម្ពុជាគួរពង្រឹងខ្លួន និងកែលម្អចំណុចណាបន្ថែមទៀត ដើម្បីបង្កើនភាពប្រកួតប្រជែង។

គួរជម្រាបថា នៅថ្ងៃទី៧ ខែកក្កដា កន្លងទៅនេះ សហរដ្ឋអាម៉េរិកបានទម្លាក់អត្រាពន្ធបដិការពីកម្រិត ៤៩% មកនៅត្រឹមកម្រិត៣៦% លើទំនិញនាំចូលពីកម្ពុជា។ បើតាមការបង្ហើបចុងក្រោយរបស់លោក ដូណាល់ ត្រាំ អាម៉េរិកនឹងកំណត់ពន្ធគយលើបណ្ដាប្រទេស ដែលមិនទាន់សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយខ្លួនក្នុងចន្លោះពី១៥%ទៅ២០% ខណៈរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាម៉េរិកបានអះអាងថា អាម៉េរិកបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកម្ពុជាហើយ៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯការ




អត្ថបទបន្ទាប់


តើកម្ពុជា គួរចារក្នុងប្រវិត្តសាស្រ្តពីចរិតរបស់ទាហានថៃ ដែលប្រើល្បិចពុតត្បុតលើកងទ័ពកម្ពុជា សម្រាប់ទុកឱ្យយុវជនជំនាន់ក្រោយសិក្សាឬយ៉ាងណា?

ក្រោយទាហានថៃ បានប្រើល្បិចពុតត្បុតបបួលទាហានខ្មែរមកចរចាចាប់ដៃគ្នា ហើយភ្ជង់កាំភ្លើងចាប់ទាហានខ្មែរចំនួន២១នាក់យកធ្វើជាចំណាប់ខ្មាំងកាលពីថ្ងៃទី…

តើការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់អាម៉េរិកជាមួយប្រទេសផ្សេងៗសម្រេចបានលទ្ធផលយ៉ាងណាហើយ?

ក្រោយចរចាគ្នាយ៉ាងស្វិតស្វាញអស់រយៈពេលជាង១០០ថ្ងៃកន្លងមកនេះ មានតែប្រទេសចំនួន៨ប៉ុណ្ណោះដែលអាចសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ដែ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ