ទីផ្សារសាច់

តើតម្លៃសាច់ជ្រូក និងសាច់គោនៅលើទីផ្សារមានស្ថានភាពបែបណា ក្រោយថៃ បិទច្រកព្រំដែន?


ទីផ្សារ និងតម្លៃជ្រូករស់ និងគោរស់នៅកម្ពុជា ហាក់មានភាពល្អប្រសើរនៅមួយរយៈចុងក្រោយនេះ ខណៈការបិទច្រកព្រំដែនរបស់យោធាថៃ ដោយឯកតោភាគីមិនបានបង្កផលប៉ះពាល់ធ្វើឱ្យតម្លៃសាច់ជ្រូក និងសាច់គោឡើងថ្លៃ ឬខ្វះសាច់សម្រាប់ផ្គត់ផ្គង់នៅក្នុងទីផ្សារនោះទេ។ បច្ចុប្បន្នតម្លៃជ្រូករស់អាចលក់បានចន្លោះពី១ម៉ឺនរៀលទៅជាង១ម៉ឺន៥រយរៀលក្នុង១គីឡូក្រាម ខណៈគោបំប៉នអាចលក់បានចន្លោះពី៧ពាន់៥រយរៀលដល់១ម៉ឺន១ពាន់រៀលក្នុង១គីឡូក្រាម។
ទីផ្សារសាច់
ដោយ

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអះអាងថា នៅមួយចុងក្រោយនេះ តម្លៃសាច់ជ្រូកនៅលើទីផ្សារពុំមានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ បើទោះបីបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ បានជំរុញឱ្យមានការបិទច្រកទ្វារព្រំដែនក៏ដោយ។ បើតាមអ្នកជំនាញរូបនេះ បច្ចុប្បន្នជ្រូករស់អាចលក់បានក្នុងតម្លៃចន្លោះពី១ម៉ឺនរៀលទៅ១ម៉ឺន៥រយរៀលក្នុង១គីឡូក្រាម ខណៈតម្លៃសាច់ជ្រូកដាក់លក់នៅលើទីផ្សារ ក៏ពុំមានការឡើងថ្លៃ ហើយការផ្គត់ផ្គង់សាច់ក៏ពុំមានការខ្វះខាតនោះដែរ។

​ពាក់ព័ន្ធបញ្ហានេះដែរ លោក សាន់ ចាន់ថេត ប្រធានសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា កត់សម្គាល់ឃើញថា នៅមួយរយៈចុងក្រោយនេះ ទីផ្សារសាច់ជ្រូកហាក់មានលំនឹងល្អប្រសើរ ដែលសមស្របសម្រាប់អ្នកផ្គត់ផ្គង់ ក៏ដូចជាក្រុមអាជីវករលក់បន្ត និងអ្នកប្រើប្រាស់។ បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ បច្ចុប្បន្នការផ្គត់ផ្គង់ជ្រូកនៅតាមកសិដ្ឋានមួយចំនួនមានការបញ្ចុះតម្លៃដែលជាហេតុធ្វើឱ្យអ្នកផ្គត់ផ្គង់បន្តនៅលើទីផ្សារបានបញ្ចុះតម្លៃដូចគ្នាដែរ។ ការណ៍នេះ ត្រូវបានប្រធានសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា អះអាងថា ពុំបានធ្វើឱ្យភាគីណាមួយមានបញ្ហាប្រឈមនឹងតម្លៃនោះទេ។

​​ដោយឡែក លោក ហ៊ត លាង ម្ចាស់កសិដ្ឋានចិញ្ចឹមគោ និងជាអ្នកទិញគោម្នាក់នៅខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ចាប់តាំងពីប្រទេសថៃ បិទច្រកព្រំដែនដោយឯកតោភាគីមក ទីផ្សារគោរស់មានហាក់មានលំនឹងល្អ បើទោះបីជាសត្វគោពុំសូវសម្បូរដូចមុន ដោយសារការចិញ្ចឹមគោបែបគ្រួសារមានការថយចុះច្រើនក៏ដោយ។ បើតាមអ្នកជំនាញរូបនេះ បច្ចុប្បន្នគោបំប៉នត្រូវបានទិញចូលចន្លោះពី៧ពាន់៥រយរៀលដល់១ម៉ឺន១ពាន់រៀលក្នុង១គីឡូក្រាម ពោលគឺមានការកើនឡើងប្រមាណ២ពាន់រៀលក្នុង១គីឡូក្រាម អាស្រ័យទៅតាមប្រភេទគោនីមួយៗ។ បើតាមលោក ហ៊ត លាង ស្ថានភាពទីផ្សារគោសាច់បច្ចុប្បន្នហាក់មានភាពល្អប្រសើរជាងមុន ខណៈកសិដ្ឋានរបស់លោកទទួលបានការបញ្ជាទិញពីអាជីវករនៅរាជធានីភ្នំពេញកាន់តែច្រើនផងដែរ។

​បើតាមការគូសបញ្ជាក់របស់លោក ស្រ៊ុន ពៅ បច្ចុប្បន្នកម្ពុជា ត្រូវការជ្រូករស់ប្រមាណ៩ពាន់ក្បាល ឬស្មើនឹង៩០ម៉ឺនគីឡូក្រាមសម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុង១ថ្ងៃ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


អ្នកដាំទុរេនអះអាងថា តម្លៃទុរេនឆ្នាំនេះ មិនសូវផ្តល់ប្រាក់ចំណេញដល់ពួកគេប៉ុន្មាននោះទេ

គិតមកទល់ពេលនេះ ការប្រមូលផលទុរេននៅតាមចម្ការនានា ទូទាំងប្រទេស សម្រេចបានប្រមាណ៨៥%ហើយ។ ក្រុមអ្នកដាំទុរេន បានអះអាងថា តម្លៃទុរេនដែលអាចលក់ប…

ជាង១ខែមានពលរដ្ឋខ្មែរជាង២ម៉ឺននាក់បានទៅទស្សនាប្រាសាទដែលកំពុងមានជម្លោះជាមួយថៃ

នៅក្នុងរយៈពេលជាង១ខែកន្លងមកនេះ ពោលគឺគិតពីដើមខែមិថុនា ដល់ពាក់កណ្តាលខែឧសភា មានប្រជាពលរដ្ឋខ្មែរជាង២ម៉ឺននាក់បានធ្វើដំណើរទៅលេងកម្សាន្តនៅតាម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ