កម្ពុជា និងថៃ

ប្រធានប្ដូរវេនអាស៊ាន អំពាវនាវឱ្យកម្ពុជា និងថៃបង្កើតបទឈប់បាញ់បន្ទាន់ ដើម្បីវិលរកតុចរចាតាមការទូត


នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅល្ងាចថ្ងៃទី ២៤ ខែកក្កដា បានជជែកតាមទូរសព្ទជាមួយនឹងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីស្ដីទីថៃ លោក ផុមថាម វិឆាយ៉ាឆៃ ដើម្បីបង្ហាញពីក្ដីបារម្ភយ៉ាងខ្លាំងរបស់ម៉ាឡេស៊ី ទាក់ទងនឹងភាពតានតឹងនៅតាមព្រំដែននៃប្រទេសជិតខាងទាំងពីរ។
កម្ពុជា និងថៃ
ដោយ

ក្នុងឋានៈជាប្រធានប្ដូរវេនអាស៊ាន លោក អ៊ីប្រាហ៊ី​ បានអំពាវនាវឱ្យមេដឹកនាំទាំងពីរ បង្កើតឱ្យមានបទឈប់បាញ់ជាបន្ទាន់មួយ ដើម្បីការពារ​ការកើនឡើងនៃអរិយភាព និងទុកពេលសម្រាប់​ការសន្ទនាដោយសន្ដិវិធី និងដំណោះស្រាយ​ការទូត។

ប៉ុន្ដែ នៅក្រោយការជជែកនេះតែប៉ុន្មានម៉ោងប៉ុណ្ណោះ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រ អតីត​នាយករដ្ឋមន្ត្រីថៃ បានចេញមកបង្ហោះសារនៅលើបណ្ដាញសង្គម X របស់លោកថា លោកអរគុណ​ចំពោះប្រទេស​ជាច្រើនដែលព្រួយបារម្ភ និងស្នើឱ្យមានការសម្រុះសម្រួលគ្នា ចំពោះស្ថាន​ការ​ប្រយុទ្ធគ្នារវាងថៃ និងកម្ពុជានេះ ប៉ុន្ដែ លោកថា លោកសុំពេលខ្លះ ដើម្បីទុកពេលឱ្យយោធាថៃ ផ្ដល់មេរៀន​ទៅឱ្យសម្តេចតេជោ ហ៊ុន សែន បន្ដិចសិន។

លោក ថាក់ស៊ីន បានសរសេររៀបរាប់ជាភាសាថៃ នៅលើបណ្ដាញសង្គម X ដែលមានខ្លឹមសារ​យ៉ាងដូច្នេះថា «ប្រទេស​ជា​ច្រើន​ព្រួយ​បារម្ភ​អំពី​ស្ថានការណ៍​ប្រយុទ្ធ​គ្នា​រវាង​ថៃ និង​កម្ពុជា ហើយ​បាន​ស្នើ​ឲ្យ​ជួយ​សម្រុះសម្រួល។ ដូច្នេះ ខ្ញុំ​បាន​អរគុណ​អ្នក​រាល់​គ្នា ប៉ុន្តែ​សុំ​ពេល​ខ្លះ។ ព្រោះ​យើង​ត្រូវ​ទុក​ឲ្យ​យោធា​ថៃ​បង្រៀន​លោក ហ៊ុន សែន ជា​មេរៀន​សម្រាប់​ល្បិចកល​របស់​គាត់​ជា​មុន​សិន។»

ពាក់ព័ន្ធការលើកឡើងរបស់លោក ថាក់ស៊ីន នេះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក ឆ្លើយតបវិញថា សាររបស់លោកថាក់ស៊ីន គឺមានចរិតប្រើប្រាស់សង្គ្រាម ដើម្បីប្រដៅសម្តេចតេជោ ប៉ុន្ដែ សម្ដីរបស់លោកថាក់ស៊ីនទាំងអម្បាលម៉ាននេះ កាន់តែបង្ហាញយ៉ាងច្បាស់នូវការឈ្លានពានកម្ពុជា ពីសំណាក់កងទ័ពថៃ។

សម្តេចតេជោលើកឡើងយ៉ាងដូច្នេះថា «មុននេះ ថាក់ ស៊ីន បង្ហាះសារដែលមានចរិតប្រើប្រាស់សង្រ្គាម ដើម្បីប្រដៅ ហ៊ុន សែន។ សំដីរបស់ ថាក់ ស៊ីន កាន់តែបង្ហាញច្បាស់នូវការឈ្លានពានកម្ពុជា ពីសំណាក់​កងទ័ពថៃមកលើកម្ពុជា។»។

សម្តេចតេជោ គូសរលេចអំពីចរិតដ៏ស្មោគគ្រោក និងព្រៃផ្សៃ និងអំពើក្បត់ព្រះមហាក្សត្រថៃរបស់លោក ថាក់ស៊ីនយ៉ាងដូច្នេះថា «ខ្ញុំមិនចម្លែកទេសម្រាប់ចរិតរបស់ ថាក់ ស៊ីន មកលើខ្ញុំព្រោះ សូម្បីតែ​ព្រះមហាក្សត្រថៃ ក៏គាត់ក្បត់ មនុស្សក្នុងបក្សគាត់ក៏គាត់ក្បត់ និងរឿងកាន់តែអាក្រក់ គឺគាត់ធ្លាប់​សម្លាប់ប្រជាជនថៃកាន់សាសនាឥស្លាម នៅខេត្តភាគខាងត្បូងរាប់រយនាក់​កាលពីឆ្នាំ២០០៤។ ពេលនេះក្រោមហេតុផលសងសឹក ហ៊ុន សែន គាត់ប្រើសង្រ្គាមដែលលទ្ធផលចុងក្រោយ គឺប្រជាជនជាអ្នករងគ្រោះ។»។

សូមបញ្ជាក់ថា យោងតាមប្រភពពីកងទ័ពកម្ពុជា គិតមកទល់ព្រឹកថ្ងៃទី ២៥ ខែកក្កដានេះ ការផ្ទុះអាវុធ​រវាងកម្ពុជា និងថៃ នៅតែបន្ដ​ ខណៈភាគីថៃ បានបន្ដបាញ់ផ្លោងកាំភ្លើងធំ ចូលកាន់តែ​ជ្រៅ​មកកាន់ទឹកដីកម្ពុជា។ នៅក្នុងការវាយប្រហារលើទឹកដីកម្ពុជា ភាគីថៃ បានប្រើប្រាស់​អាវុធធុនធ្ងន់ជាច្រើន រួមទាំងការវាយប្រហារតាមផ្លូវអាកាស ដោយប្រើប្រាស់យន្ដហោះចម្បាំង F-16 ផងដែរ។

គិតមកទល់ពេលនេះ នៅមិនទាន់មានការរាយការណ៍លម្អិតផ្លូវការ​ពីការខូចខាត ឬការស្លាប់ និងរបួសជនស៊ីវិល និងទាហានទាំងសងខាងនៅឡើយទេ ប៉ុន្ដែ តាមប្រភពព័ត៌មានពីខាងភាគីថៃ ចំនួនអ្នកស្លាប់នៅថៃ កើនដល់ ១៤នាក់ហើយ និងរបួស ៤៦នាក់៕




អត្ថបទបន្ទាប់


សិង្ហបុរី ថៃ ម៉ាឡេស៊ី និងកម្ពុជា ប្រឈមសម្ពាធកាន់តែខ្លាំង ដែលជំរុញឱ្យពន្លឿនការចរចាជាមួយអាម៉េរិក ឱ្យបានមុនថ្ងៃឱសានវាទមកដល់

សេដ្ឋកិច្ចអាស៊ានសំខាន់ៗដូចជាសិង្ហបុរី ថៃ ម៉ាឡេស៊ី និងកម្ពុជា កំពុងរងសម្ពាធកាន់តែខ្លាំងឡើងដែលជំរុញឱ្យពន្លឿនការចរចាជាមួយប្រធានាធិបតី ដូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ