
សារព័ត៌មានបាងកកប៉ុស្តិ៍បានចុះផ្សាយថា បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងទ័ពកម្ពុជា និងថៃកាលពីថ្ងៃទី២៨ ខែឧសភា នៅតំបន់មុំ៣ កងទ័ពភូមិភាគទី២ថៃ បានជូនដំណឹងដល់រដ្ឋាភិបាល អំពីបញ្ហានេះ និងបានស្នើសុំការអនុញ្ញាតឱ្យបិទព្រំដែនជាបណ្តោះអាសន្ន។ រដ្ឋាភិបាលថៃ បានច្រានចោលសំណើនេះ ដែលជាចំណាត់ការមួយត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាការបរាជ័យក្នុងការបង្ហាញភាពរឹងមាំចំពោះស្ថានការណ៍សន្តិសុខជាតិ។
លោកសាស្ត្រាចារ្យ ឌូលីយ៉ាផាក ព្រីឆារ៉ឹស ( Dulyapak Preecharush) នាយករងវិទ្យាស្ថានសិក្សាពីអាស៊ី នៃសកលវិទ្យាល័យធម្មាសាធ បានអះអាងថា ការកើនឡើងកម្តៅជម្លោះព្រំដែនទំនងជាត្រូវបានគណនាដោយកម្ពុជា ដើម្បីជំរុញការទាមទារទឹកដីរបស់ខ្លួន និងជំរុញមនោសញ្ចេតនាជាតិនិយម ដើម្បីពង្រឹងគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច។ លោក បានរិះគន់ការឆ្លើយតបយឺតរបស់រដ្ឋាភិបាលថៃ ដែលផ្ទុយពីកម្ពុជា ដែលបានលើកបញ្ហានៅក្នុងសភា ហើយយករឿងនេះទៅតុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ។ លោកបានសង្កត់ធ្ងន់ថា ថៃ ត្រូវតែបង្ហាញជំហររបស់ខ្លួនឱ្យច្បាស់លាស់ចំពោះសហគមន៍អន្តរជាតិ ថា ថៃ មានចេតនាចង់ស្វែងរកសន្តិភាព និងមិនចង់ឱ្យជម្លោះកើនឡើងកម្តៅ។
ដោយឡែកលោក ភិឆៃ រតនាឌីលូក ណាភូគៀត (Pichai Rattanadilok Na Phuket) សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅវិទ្យាស្ថានជាតិ គ្រប់គ្រងអភិវឌ្ឍន៍ បាននិយាយថា កម្ពុជា បានរុញបញ្ហាឆ្លងផុតដំណើរការចរចារួមគ្នាដោយនាំយកករណីជម្លោះព្រំដែនជាមួយថៃ ចូលទៅតុលាការយុត្តិធម៌អន្តរជាតិ ដែលបញ្ហានេះធ្វើឱ្យពលរដ្ឋមានអារម្មណ៍ថា ប្រទេសថៃ ហាក់ដូចជាគ្មានមេដឹកនាំនៅក្នុងគ្រាមានវិបត្តិនេះ។
អ្នកវិភាគថៃ បានលើកឡើងថា ការឆ្លើយតបដោយស្ងាត់ស្ងៀមរបស់នាយករដ្ឋមន្ត្រីថៃ បានបង្កើនការយល់ឃើញរបស់សាធារណជនអំពីភាពជាអ្នកដឹកនាំខ្សោយ ហើយពួកគេបានរំលឹកសាធារណជនឱ្យជ្រើសរើសអ្នកដឹកនាំដោយប្រយ័ត្នប្រយែងជាមួយនឹងចក្ខុវិស័យ និងសមត្ថភាពក្នុងការដឹកនាំឆ្លងកាត់បញ្ហាប្រឈមជាសកលដ៏ស្មុគស្មាញ។
លោក អូឡាន ធិនបាងតេវ ( Olarn Thinbangtieo) ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ និងច្បាប់នៃសាកលវិទ្យាល័យ បូរ៉ាផា (Burapha) បានអះអាងថា នាយករដ្ឋមន្ត្រីមិនទាន់បានធ្វើគ្រប់គ្រាន់ទេ ទាក់ទងនឹងទំនាក់ទំនង និងជំហររបស់ប្រទេសថៃ លើបញ្ហាជម្លោះអន្តរជាតិ ឬរក្សាទំនុកចិត្តសាធារណៈនៅក្នុងប្រទេស។
ដោយឡែកលោក វីរ៉ូត អាលី ( Virot Ali) សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ នៅសកលវិទ្យាល័យធម្មាសាធ បាននិយាយថា កំហុសរបស់រដ្ឋាភិបាលក្នុងជម្លោះព្រំដែន គឺស្ថិតនៅលើការទំនាក់ទំនង។ លោកបានបន្តថា ការទំនាក់ទំនងរបស់រដ្ឋាភិបាលភាគច្រើន គឺតាមរយៈការសម្ភាសតាមប្រព័ន្ធផ្សព្វផ្សាយ ហើយហាក់ដូចជាទម្លាក់ចោលភាពតានតឹងនៅតាមតំបន់ព្រំដែន។ អ្នកជំនាញរូបនេះបានវាយតម្លៃថា រដ្ឋាភិបាលថៃ ប្រហែលជាចង់ប្រើយន្តការដូចជាគណៈកម្មាធិការព្រំដែនរួម ដើម្បីដោះស្រាយវិវាទជាមុនសិន ដូច្នេះវាហាក់ដូចជាមានការប្រុងប្រយ័ត្ន និងទន់ភ្លន់។
អ្នកវិភាគនៅក្នុងប្រទេសថៃ ទាំងនោះ បានជំរុញឱ្យរដ្ឋាភិបាលលោកស្រី ផៃថងថាន ប្រកាន់គោលជំហរឱ្យបានរឹងមាំ ឯកភាពគ្នា និងត្រូវអំពាវនាវកុំឱ្យមានសង្រ្គាម លុះត្រាតែជៀសមិនរួច។ ពួកគេជំរុញឲ្យរដ្ឋាភិបាលត្រូវប្រកាន់ជំហររឹងមាំក្នុងការប្រឆាំងនឹងចំណាត់ការរបស់កម្ពុជា ដែលយករឿងនេះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ៕
ដោយៈ សរ សុជាតិ