សារព័ត៌មាន Channel News Asia បានរាយការណ៍ថា ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដែលបានអូសបន្លាយពេលជាង៣ឆ្នាំកន្លងមកនេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិកបានបង្ហាញនូវផែនការសន្តិភាព ដែលមាន២៨ចំណុច ប៉ុន្តែផែនការនេះបានរងការរិះគន់ពីប្រទេសនានា ជាពិសេសពីបណ្តាប្រទេសនៅតំបន់អឺរ៉ុបតែម្តង។ ផែនការសន្តិភាព២៨ចំណុចដំបូងរបស់លោក ត្រាំ ត្រូវបានរិះគន់ថា មានការស្របនឹងការទាមទារច្រើនរបស់រុស្ស៊ី តែក្រោយមកមានការកែសម្រួលចំណុចមួយចំនួនតាមសំណើរបស់អ៊ុយក្រែន។
ពាក់ព័ន្ធបញ្ហានេះ លោក ត្រាំ បានអះអាងកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ថា កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ជិតលេចចេញជារូបរាងហើយ បើទោះបីជាមេដឹកនាំអឺរ៉ុបជំរុញឱ្យមានការប្រុងប្រយ័ត្ន ហើយរុស្ស៊ី នៅតែបន្តវាយប្រហារលើអ៊ុយក្រែន ក៏ដោយ។
ជាមួយគ្នានេះ លោក វ៉្លូឌីមៀ ហ្សេឡិនស្គី ប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ថា អ៊ុយក្រែន ត្រៀមខ្លួនរួចហើយក្នុងការធ្វើការជាមួយអាម៉េរិក លើផែនការសន្តិភាពសម្រាប់បញ្ចប់សង្គ្រាមជាមួយរុស្ស៊ី និងពិភាក្សាអំពីចំណុច ដែលមានមន្ទិលជាមួយលោក ត្រាំ ក្នុងកិច្ចពិភាក្សា ដែលស្នើឱ្យមានការចូលរួមពីសម្ព័ន្ធមិត្តអឺរ៉ុប។
ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡារ៉ូវ (Sergei Lavrov) បានលើកឡើងកាលពីថ្ងៃទី២៥ ខែវិឆ្ឆិកា ថា ផែនការសន្តិភាពសម្រាប់អ៊ុយក្រែន ត្រូវតែឆ្លុះបញ្ចាំងពីស្មារតីនៃការយោគយល់គ្នា ដែលសម្រេចបាននៅក្នុងជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទី និងលោក ដូណាល់ ត្រាំ នៅក្នុងកិច្ចប្រជុំកំពូលនៅអាឡាស្កា។
បច្ចុប្បន្នសហរដ្ឋអាម៉េរិក និងអ៊ុយក្រែន កំពុងធ្វើការលើការកែសម្រួលលើខ្លឹមសារនៃសេចក្តីព្រាងសំណើថ្មីដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែភាពខុសគ្នាសំខាន់ៗនៅតែមាន ហើយមិនទាន់មានការឯកភាពគ្នាលើអត្ថបទចុងក្រោយនៅឡើយទេ។ មានចំណុចជាច្រើនបានឈានដល់ការឯកភាពគ្នា ប៉ុន្តែយ៉ាងហោចណាស់មានចំណុចសំខាន់ៗចំនួន៣ ដែលមិនទាន់ឯកភាពគ្នា ជាពិសេសចំណុចមួយ ដែលជាបញ្ហាដ៏រសើប គឺពាក់ព័ន្ធនឹងទឹកដីអ៊ុយក្រែន ដែលរុស្ស៊ី កំពុងកាន់កាប់៕
ដោយៈ សរ សុជាតិ