
លោក អាំង សេងឃាង ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើម្នាក់នៅស្រុកស្ទោង ខេត្តកំពង់ធំ បានគូសបញ្ជាក់ថា ទីផ្សារកូនក្រពើនៅឆ្នាំនេះ បានរើបឡើងវិញបន្តិច បន្ទាប់ពីធ្លាក់ថ្លៃអស់ជាច្រើនឆ្នាំ និងមានម្ចាស់កសិដ្ឋានជាច្រើនបានបោះបង់ចោលឈប់ចិញ្ចឹមដោយសារទ្រាំទ្រនឹងការចំណាយលែងរួច។ បច្ចុប្បន្នកូនក្រពើទើបញាស់អាចលក់បានក្នុងតម្លៃប្រមាណ១០ដុល្លារក្នុង១ក្បាលអាស្រ័យលើទំហំ ខណៈក្រពើធំៗមិនទាន់មានទីផ្សារល្អដូចមុននៅឡើយទេ។ ម្ចាស់កសិដ្ឋានរូបនេះសង្ឃឹមថា តាមរយៈការនាំចេញសត្វក្រពើទៅទីផ្សារក្រៅប្រទេសវានឹងធ្វើឱ្យស្ថានភាពទីផ្សារក្រពើក្នុងស្រុកមានភាពល្អប្រសើរឡើងវិញនាពេលខាងមុខ។
ស្រដៀងគ្នានេះ លោក ញ៉ែម បូរាណ អ្នកចិញ្ចឹមសត្វក្រពើម្នាក់នៅក្នុងខេត្តសៀមរាប បានអះអាងថា បច្ចុប្បន្នកូនក្រពើទើបញាស់ និងក្រពើមេមានទីផ្សារល្អជាងឆ្នាំមុន ដែលអាចជួយឱ្យម្ចាស់កសិដ្ឋានមានលទ្ធភាពបន្តការចិញ្ចឹមបាន។ ទោះបីសត្វក្រពើបច្ចុប្បន្នមានមានទីផ្សារល្អប្រសើរជាងមុនក៏ពិតមែន តែកសិកររូបនេះមិនមានគម្រោងពង្រីកការចិញ្ចឹមសត្វក្រពើនោះទេ ដោយសារពិបាកស្វែងរកចំណី និងពុំសូវទទួលបានប្រាក់ចំណេញ។
ដោយឡែកលោក គង់ មី អនុប្រធានសហគមន៍កសិកម្មចិញ្ចឹមក្រពើ ពួកមានជ័យ បានឱ្យដឹងថា មកដល់ពេលនេះកូនក្រពើនៅតាមកសិដ្ឋាននានាពុំសូវសម្បូរនោះទេ ដែលជំរុញឱ្យឈ្មួញងាកទៅចាប់ផ្ដើមប្រមូលទិញក្រពើធំវិញម្ដង។ បើតាមអ្នកជំនាញរូបនេះ ទីផ្សារកូនក្រពើទើបញាស់អាចលក់បានក្នុងតម្លៃប្រមាណ៨ដុល្លារក្នុង១ក្បាល ខណៈក្រពើមេអាចលក់បានតម្លៃជាង១០០ដុល្លារក្នុង១ក្បាល ដោយអាស្រ័យលើអាយុកាលរបស់ក្រពើ។ តម្លៃនេះ ត្រូវបានលោក គង់ មី អះអាងថា មានភាពប្រសើរជាងបណ្ដាឆ្នាំមុនៗនឹងអាចឱ្យម្ចាស់កសិដ្ឋានមានលទ្ធភាពក្នុងការចិញ្ចឹមបន្តទៀតផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមហ៊ុនមួយនៅកម្ពុជា បាននាំចេញសត្វក្រពើរស់ចំនួន១,១០០ក្បាលទៅកាន់ប្រទេសចិន ជាលើកដំបូង។ តាមរយៈការនាំចេញសត្វក្រពើរស់លើកដំបូងទៅកាន់ទីផ្សារចិននេះ វានឹងរួមចំណែកជួយលើកកម្ពស់ការចិញ្ចឹមក្រពើនៅកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរ បន្ទាប់ពីមុខរបរនេះបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ ដែលធ្វើឱ្យអ្នកចិញ្ចឹមជាច្រើនរងការខាតបង់ និងបោះបង់ចោល ឬឈប់ចិញ្ចឹម៕
អត្ថបទ៖ បូ ដូឡា,រូបភាព សេង វិន,ប៉ុក វន្ថា