នៅថ្ងៃទី១០ ខែមីនា តម្លៃប្រេងឆៅនៅទីផ្សារអន្តរជាតិបានធ្លាក់ចុះចន្លោះពី៦%ទៅ៧%ឈានដល់ជាង៩២ដុល្លារក្នុង១បារ៉ែល ដែលជាកម្រិតទាបមួយចាប់តាំងពីផ្ទុះសង្គ្រាមនៅមជ្ឈិមបូព៌ា បន្ទាប់ពីបានហក់ឡើងថ្លៃខ្ពស់កប់ពពកឈានដល់ជិត១២០ដុល្លារក្នុង១បារ៉ែលបាន១ថ្ងៃ។ ការធ្លាក់ចុះតម្លៃប្រេងនេះកើតឡើងក្រោយលោក ដូណាល់ ត្រាំ អះអាងថា ភ្លើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ានឹងរលត់ក្នុងពេលឆាប់ៗខាងមុខនេះ។
អ្នកវិភាគទីផ្សារលោក តូនី ស៊ីខេម័រ (Tony Sycamore) បានចាត់ទុកសារនយោបាយរបស់លោក ត្រាំ មេដឹកនាំប្រទេសមហាអំណាចផុតលេខនៅលើពិភពលោក គឺជាឱសថដ៏ស័ក្ដិសិទ្ធិសម្រាប់ទីផ្សារសេដ្ឋកិច្ចសកល។ អ្នកជំនាញយល់ឃើញថា ទោះបីជាសម្ដីរបស់លោក ត្រាំ ជាទម្ងន់សេដ្ឋកិច្ចដ៏សំខាន់ ប៉ុន្តែពិភពលោកនៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសកម្មភាពជាក់ស្ដែងនៅលើសមរភូមិ និងការសម្រេចចិត្តចុងក្រោយរបស់ទីក្រុងតេអេរ៉ង់។
ក្រៅពីបញ្ហាភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ាជិតរលត់ កត្តាដែលរុញច្រានឱ្យតម្លៃប្រេងធ្លាក់ចុះថែមទៀតនោះ គឺជំនួបកំពូលរវាងលោក ត្រាំ និងមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបង្ហាញសញ្ញាវិជ្ជមានក្នុងការឈានទៅរកដំណោះស្រាយនៅអ៊ីរ៉ង់, ការបង្ហើបរបស់លោក ត្រាំ អំពីការបើកផ្លូវឱ្យប្រេងរុស្ស៊ីអាចចរាចរណ៍ឡើងវិញ និងការប្រកាសត្រៀមលក្ខណៈ ដើម្បីចាត់វិធានការទប់ស្កាត់ការឡើងថ្លៃប្រេងសកលរបស់ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧៕
ដោយៈ សរ សុជាតិ