គុយបាកំពុងជួបវិបត្តិធ្ងន់ធ្ងរ

គុយបាកំពុងជួបវិបត្តិធ្ងន់ធ្ងរ ក្រោយអាម៉េរិករាំងខ្ទប់ការផ្គត់ផ្គង់ប្រេងដល់ប្រទេសនេះ


សម្ពាធនយោបាយពីលោក ដូណាល់ ត្រាំ ទៅលើបណ្តាប្រទេសនៅតំបន់អាម៉េរិកឡាទីន បានឈានដល់ការកាត់ផ្តាច់ការនាំចូលប្រេងឥន្ធនៈទៅកាន់ប្រទេសគុយបា។ បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP សេដ្ឋកិច្ច និងសង្គមរបស់គុយបាកំពុងរងគ្រោះយ៉ាងដំណំ ខណៈក្រុមហ៊ុនអាកាសចរណ៍នានាបានប្រកាសផ្អាកជើងហោះហើរជាបន្តបន្ទាប់ ដោយសារកង្វះខាតប្រេងសម្រាប់ចាក់យន្តហោះ។
គុយបាកំពុងជួបវិបត្តិធ្ងន់ធ្ងរ
ដោយ

ក្រោយសហរដ្ឋអាម៉េរិកបានចាត់វិធានការរាំងខ្ទប់ការនាំចេញប្រេង ប្រទេសគុយបាបានប្រកាសអាសន្នថា ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់នឹងមិនអាចចាក់ប្រេងនៅលើកោះនេះបានទៀតឡើយ។ រដ្ឋាភិបាលគុយបា បានជម្រាបដំណឹងដល់ក្រុមហ៊ុនអាកាសចរណ៍កាលពីយប់ថ្ងៃអាទិត្យទី៩ កុម្ភះ ថា ប្រេងឥន្ធនៈយន្តហោះនៅតាមអាកាសយានដ្ឋានសំខាន់ៗចំនួន៩កន្លែង រួមទាំងអាកាសយានដ្ឋានអន្តរជាតិ ចូសេ ម៉ាទី ក្នុងទីក្រុងហាវ៉ាណា នឹងត្រូវដាច់ស្តុកចាប់ពីថ្ងៃអង្គារ រហូតដល់ថ្ងៃទី១១ ខែមីនា។

កង្វះខាតប្រេងឥន្ធនៈនេះ វានឹងធ្វើឱ្យប៉ះពាល់ដល់សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ដែលជាច្រកសេដ្ឋកិច្ចដ៏សំខាន់របស់គុយបា ជាពិសេសការតភ្ជាប់ជើងហោះហើរជាមួយរុស្ស៊ី និងកាណាដា ដែលជាប្រភពសេដ្ឋកិច្ចដ៏ចម្បងរបស់កោះនេះ។ ក្រុមហ៊ុនអាកាសចរណ៍ Air Canada បានផ្អាកជើងហោះហើរទៅកាន់ប្រទេសនេះកាលពីថ្ងៃចន្ទ សប្តាហ៍នេះ ខណៈក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតបានប្រកាសពីការពន្យារពេលដោយមិនកំណត់។

ឆ្លើយតបនឹងចំណាត់ការរបស់អាម៉េរិក រុស្ស៊ីដែលជាមិត្តដែកថែប និងជាខ្នងបង្អែកសេដ្ឋកិច្ចដ៏សំខាន់មួយរបស់គុយបាបានរិះគន់ចំពោះការហ៊ុំព័ទ្ធ និងការកាត់ផ្តាច់ប្រេងឥន្ធនៈរបស់អាម៉េរិកថា ជាការបង្កវិបត្តិមនុស្សធម៌មួយដ៏ធ្ងន់ធ្ងរ។ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី បេស្កូវ បាននិយាយថា រុស្ស៊ីកំពុងតែពិភាក្សាជាមួយនឹងគុយបា ដើម្បីស្វែងរកមធ្យោបាយដោះស្រាយបញ្ហានេះ។

តាមការប៉ាន់ស្មាន ការកាត់ផ្តាច់ប្រេងឥន្ធនៈនេះ នឹងធ្វើឱ្យវិស័យទេសចរណ៍ដែលរកចំណូលបានប្រមាណ ៣ពាន់លានដុល្លារក្នុងមួយឆ្នាំត្រូវគាំងដំណើរ។ ក្រៅពីវិស័យអាកាសចរណ៍ គុយបា ក៏កំពុងប្រឈមនឹងការដាច់ចរន្តអគ្គិសនី រួមទាំងការធ្លាក់ចុះ នៃសកម្មភាពសង្គមកិច្ច និងវិស័យសុខាភិបាល ដែលអាចរុញច្រានប្រទេសនេះឱ្យធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចកាន់តែជ្រៅ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ចិន កំពុងសម្លឹងជំរុញប្រាក់យន់ឱ្យក្លាយជារូបិយប័ណ្ណអន្តរជាតិ ក្រោយលោក ត្រាំ ធ្វើឱ្យទំនុកចិត្តលើប្រាក់ដុល្លារអាម៉េរិក ធ្លាក់ចុះ

អាម៉េរិក និងចិន គឺជាមហាអំណាចកំពូលដែលប្រជែងគ្នាយ៉ាងស្វិតស្វាញលើគ្រប់វិស័យដើម្បីដណ្ដើមឥទ្ធិពលរៀងៗខ្លួននៅទូទាំងពិភពលោក មិនថា ផ្នែកការទូត …

ពលរដ្ឋថៃផ្ទុះការតវ៉ាទាមទារឱ្យរាប់សន្លឹកឆ្នោតឡើងវិញ ក្រោយរកឃើញភាពមិនប្រក្រតី

ក្រោយការប្រកាសលទ្ធផលបឋម នៃការបោះឆ្នោតសកលនៅប្រទេសថៃ ភាពចម្រូងចម្រាសបានផ្ទុះឡើងភ្លាមៗ ដោយភាពមិនប្រក្រតីជាច្រើនត្រូវបានរកឃើញ ជាហេតុធ្វើឱ្យម្ចាស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ