
កម្មវិធីសិក្ខាសាលានេះបានរៀបចំឡើងនៅ វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមអធិបតីភាពឯកឧត្តម ហុង រ៉ាដា អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក Toshiyuki Tanaka នាយកគ្រប់គ្រងក្រុមហ៊ុន Daikin Airconditiioning(Cambodia) Co.,Ltd។ កម្មវិធីសិក្ខាសាលានេះ មានគោលបំណងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដូចជា បញ្ញាសិប្បនិម្មិត (AI) និងCloud-Based ក្នុងការគ្រប់គ្រប់បរិក្ខារត្រជាក់ប្រកបដោយភាពឆ្លាតវៃត្រួតពិនិត្យគុណភាពខ្យល់ បង្កើនប្រសិទ្ធភាពថាមពល ដើម្បីគាំទ្រការអភិវឌ្ឍវិស័យឧស្សាហកម្មប្រកបដោយចីរភាព កាត់បន្ថយបញ្ហាបរិស្ថានដែលស្របតាមគោលដៅរបស់រាជរដ្ឋាភិបាលក្នុងផែនការលុបបំបាត់បំភាយឧស្ម័នផ្ទះកញ្ចក់មកត្រឹមសូន្យត្រឹមឆ្នាំ 2050។

ក្នុងកិច្ចសហការនេះក្រុមហ៊ុន Daikin Airconditioning (Cambodia) Co., Ltd. បានបង្ហាញពី បច្ចេកវិទ្យាថ្មី និង គំរូអនុវត្តជាក់ស្តែង អំពី "AI-driven HVAC និងប្រព័ន្ធគ្រប់គ្រងថាមពល តាមរយៈ Cloud-based" ការធ្វើបទបង្ហាញនេះពាក់ព័ន្ធនឹងការជួយដោះស្រាយទៅលើបរិស្ថានហេដ្ឋារចនាសម្ព័ន្ធ ក្នុងប្រទេសកម្ពុជា។ សិក្ខាសាលានេះ ផ្តល់ឱកាសសម្រាប់អ្នកចូលរួមក្នុងការស្វែងយល់ពីបច្ចេកវិទ្យាថ្មីចុងក្រោយ ចំណេះដឹង និងបទពិសោធ៍ជាក់ស្តែង ដើម្បីកាត់បន្ថយ ការចំណាយថាមពល និងធ្វើឱ្យប្រសើរឡើងនូវគុណភាពក្នុងការរស់នៅ មានដូចជាផ្ទះអាគារ ការិយាល័យ រោងចក្រ និង អាគារសាធារណៈជាច្រើន។











